មនុស្សរាប់ម៉ឺននាក់ដែលស៊ូទ្រាំនឹងរលកកម្តៅដ៏ខ្លាំងក្លាមួយនៅភាគខាងត្បូងប្រទេសអូស្ត្រាលីត្រូវគ្មានអគ្គិសនីប្រើប្រាស់កាលពីថ្ងៃសុក្រខណៈពេលដែលមានតម្រូវការកាន់តែខ្លាំងឡើង។
អាជ្ញាធរបាននិយាយថា អតិថិជនប្រហែល៦០,០០០នាក់បានជួបប្រទះនឹងការដាច់ចរន្តអគ្គិសនីបន្ទាប់ពីខ្លួនបានបញ្ជាឲ្យកាត់ផ្តាច់ទាំងបង្ខំដើម្បីកាត់បន្ថយហានិភ័យនៃការដួលរលំបណ្តាញទាំងមូល។
លោក Audrey Zibelman នាយកប្រតិបត្ដិក្រុមហ៊ុន Australian Energy Market Operator បានប្រាប់ក្រុមអ្នកយកព័ត៌មានថា “យើងបានស្នើសុំឲ្យមានការកាត់បន្ថយដោយស្ម័គ្រចិត្តចំនួន១០០មេហ្គាវ៉ាត់។ យើងបានជូនដំណឹងដល់បណ្តាញទាំងអស់។ ពួកគេកំពុងធ្វើវា”។
ការរំខាននេះបានកើតឡើងខណៈពេលដែលសីតុណ្ហភាពនៅក្នុងទីក្រុងមែលប៊នបានកើនឡើងដល់៤២.៨អង្សាសេនៅពេលថ្ងៃត្រង់។
អាជ្ញាធរបាននិយាយថា ការកាត់ផ្តាច់អគ្គិសនីតាមការគ្រោងទុកនេះគឺបានចាប់ផ្តើមនៅពេលថ្ងៃត្រង់ហើយអាចអូសបន្លាយរយៈពេលប្រហែល២ម៉ោង។
មានសេចក្តីរាយការណ៍ថា ភ្លើងស្តុបរហូតដល់ទៅ១០០កន្លែងគឺមិនមានអគ្គិសនីនៅក្នុងទីក្រុងមែលប៊នខណៈហាងលក់ទំនិញនិងហាងកាហ្វេមួយចំនួនត្រូវបង្ខំចិត្តបិទទ្វារ។
នៅក្នុងផ្នែកផ្សេងទៀតនៃរដ្ឋ Victoria, អាជ្ញាធរបានចេញការព្រមានអំពីអគ្គិភ័យខណៈបុគ្គលិកសេវាសង្គ្រោះបន្ទាន់រាប់រយនាក់និងយន្តហោះព្រមទាំងឧទ្ធម្ភាគចក្ររាប់សិបគ្រឿងកំពុងត្រៀមខ្លួនស្របពេលដែលសីតុណ្ហភាពនៅតំបន់មួយចំនួនត្រូវបានគេរំពឹងថានឹងឡើងដល់៤៧អង្សាសេ។
ប្រទេសអូស្ត្រាលីកំពុងងើបចេញពីរលកកំដៅមួយដែលបានកើនឡើងដល់ចំណុចកំពូលនៅភាគខាងត្បូងប្រទេសអូស្ត្រាលីកាលពីថ្ងៃព្រហស្បតិ៍នៅពេលដែលទីក្រុង Adelaide មានសីតុណ្ហភាពឡើងដល់៤៧.៧អង្សាសេដោយបំបែកឯតទគ្គកម្មក្នុងឆ្នាំ១៩៣៩។
ទន្ទឹមនឹងនេះដែរ អាជ្ញាធរនៅភាគខាងត្បូងលើរដ្ឋកោះ Tasmania បានបន្តប្រយុទ្ធនឹងភ្លើងឆេះព្រៃ៕ AFP
Source: Kampuchea Thmey Daily
0 Comments