Ad Code

កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្ដីប្រកាស​ កំណត់​តំបន់​ធ្វើការ​វិនិច្ឆ័យ​ការចុះបញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ ក្នុង​ភូមិ​អូរ​ដូង ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ​



​កែប ៖ នៅ​រសៀល​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៩​នេះ មន្ទីរ​រៀបចំ​ដែនដី​នគរោបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត បាន​បើក​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​សេចក្ដីប្រកាស​កំណត់​តំបន់​វិនិច្ឆ័យ​ការចុះបញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ ស្ថិតក្នុង​ភូមិ​អូរ​ដូង ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ក្រោម​អធិបតីភាព លោក កែន ស​ត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប អម​ដំណើរ​ដោយ​អស់លោក លោកស្រី ជា​ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ជំនាញ​ទូទាំង​ខេត្ត អភិបាលក្រុង អាជ្ញាធរ​ដែនដី ព្រមទាំង​ប្រជា​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខាងលើ​។​

លោក វ៉ៅ សុខា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរោបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កែប បាន​ឲ្យ​ដឹងថា​ ក្រុមការងារ​អនុវត្ត​កំណត់​តំបន់​វិនិច្ឆ័យ​ចុះ​បញ្ជី​ដីធ្លី​នៅ​ខេត្ត​កែប បាននិងកំពុង​ខិតខំ​ជំរុញ​ការវាស់វែង​ដីធ្លី​ដើម្បី​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ជូន​បងប្អូន​នៅ​តំបន់​នេះ​។ លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់​ទៀត​ថា នីតិវិធី​ នៃ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ប្រព័ន្ធ​មាន​៥​ដំណាក់កាល​ ៖
១-​ត្រៀម​រៀបចំ គឺ​ការកំណត់​តំបន់​វិនិច្ឆ័យ ការ​បង្កើត​គណៈកម្មការ​រដ្ឋបាល ការ​ជូនដំណឹង កិច្ចប្រជុំ​ផ្សព្វផ្សាយ និង​ដំណើរការ​ផ្សព្វផ្សាយ ពី​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​។​
២-​ប្រតិបត្តិការ​បច្ចេកទេស គឺ​ការចុះ​កំណត់​ព្រំ វាស់វែង និង​វិនិច្ឆ័យ ដើម្បី​កសាង​ប្លង់​សុរិយោដី និង​បញ្ជី​ឈ្មោះ​ម្ចាស់​ដី​។​
៣-​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​ នៃ​ការវិនិច្ឆ័យ​(​ប្លង់​សុរិយោដី និង​បញ្ជី​ឈ្មោះ​ម្ចាស់​ដី​)​រយៈ​ពេល​១៥​ថ្ងៃ ដើម្បី​ទុក​លទ្ធភាព​ឲ្យ​ម្ចាស់​ដី និង​អ្នក​ពាក់ព័ន្ធ ធ្វើការ​ផ្ទៀងផ្ទាត់​ឈ្មោះ ស្ថានភាព​គ្រួសារ​និង​ក្បាលដី​របស់​ខ្លួន ព្រមទាំង​ធ្វើការ​តវ៉ា​ក្នុង​ករណី​មានការ​ខុសឆ្គង​។​
៤-​សម្រេច​លើ​ឯកសារ​វិនិច្ឆ័យ របាយការណ៍​ពី​លទ្ធផល ​នៃ​ការ​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​របស់​គណៈ​កម្ម​ការ​រដ្ឋបាល​ជូន​អភិបាលខេត្ត ដើម្បី​ពិនិត្យ និង​សម្រេច​លើ​ការ​ផ្តល់​សិទ្ធិ​ចំពោះ​ក្បាលដី​ណា​ដែល​មិនមាន​ទំនាស់ ​ឬ​មានការ​ពាក់ព័ន្ធ​នឹង​ដី​របស់​រដ្ឋ​។​
៥-​ចុះបញ្ជី​ចេញ​ប័ណ្ណ និង​ចែក​ប័ណ្ណ​ជូន​ម្ចាស់​ដី​។​

ក្នុងឱកាស​នោះ លោក កែន ស​ត្ថា អភិបាលខេត្ត​កែប បាន​លើកឡើងថា ការប្រកាស​កំណត់​តំបន់​វិនិច្ឆ័យ​ការចុះបញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ ពិត​ជាមាន​ភាពងាយស្រួល​ក្នុងការ​ផ្តល់​សិទ្ធិ​កាន់កាប់​ទ្រព្យ​សម្បត្តិ​ជូន​ប្រជាពលរដ្ឋ ព្រោះថា​ការកំណត់​តំបន់​វិនិច្ឆ័យ​នេះ ផ្នែក​ជំនាញ​នឹង​ផ្តល់​ជា​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់​ជូន​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​ដី​។​

លោក​បាន​បញ្ជាក់ទៀតថា ការធ្វើ​ប័ណ្ណ​កម្មសិទ្ធិ ​គឺជា​រឿង​មួយ​យ៉ាងសំខាន់​សម្រាប់​ការកំណត់​ព្រំប្រទល់​ដីធ្លី​របស់​យើង​យ៉ាង​ស្របច្បាប់ ហើយ​ប័ណ្ណ​កម្មសិទ្ធិ​ពិតជា​មាន​សារៈសំខាន់​សម្រាប់​ការកំណត់​ដីធ្លី ចែក​បន្ត​ដល់​កូន ចៅ ជំនាន់​ក្រោយៗ​ ប្រើប្រាស់​តាម​តម្រូវការ ចាំបាច់ ដោយ​គ្មាន​ជនណាម្នាក់​អាច​កេង​បន្លំ​បាន​ឡើយ​។​

លោក​អភិបាលខេត្ត​បាន​បន្ថែមទៀតថា ពិតណាស់​ បើ​តំបន់​ណាមួយ​បានកំណត់​វិនិច្ឆ័យ​ចុះបញ្ជី​ដីធ្លី​រួច​ហើយ​នោះ គឺ​ភូមិសាស្ត្រ​ខាងលើ ដី​ពិត​ជា​មាន​ហាងឆេង​ខ្ពស់​កប់ពពក​មិន​ខាន​ឡើយ​៕



 



 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu