មន្ត្រីអាមេរិកនិងម៉ិកស៊ិកបាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងបញ្ជូនក្រុមដំបូងនៃជនចំណាកស្រុកដែលស្វែងរកសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិកឲ្យត្រឡប់ទៅកាន់ទីក្រុង Tijuana ព្រំដែនម៉ិកស៊ិកវិញនៅថ្ងៃសុក្រ ដែលនេះជាការកត់សម្គាល់អំពីការចាប់ផ្តើមនៃការផ្លាស់ប្តូរគោលនយោបាយដ៏ធំមួយរបស់រដ្ឋបាលលោក Trump។
គោលនយោបាយដែលគេហៅថា Migrant Protection Protocols (MPP) និងបានប្រកាសជាលើកដំបូងកាលពីថ្ងៃទី២០ខែធ្នូគឺនឹងបញ្ជូនជនអន្តោប្រវេសន៍មិនមែនម៉ិកស៊ិកដែលឆ្លងកាត់ព្រំប្រទល់ភាគខាងត្បូងរបស់សហរដ្ឋអាមេរិកឲ្យត្រលប់ទៅរង់ចាំនៅក្នុងប្រទេសម៉ិកស៊ិកវិញខណៈដែលសំណើសុំសិទ្ធិជ្រកកោនរបស់ពួកគេត្រូវបានពិនិត្យនៅក្នុងតុលាការអន្តោប្រវេសន៍សហរដ្ឋអាមេរិក។
ផែនការនេះមានបំណងទប់ស្កាត់ការកើនឡើងនៃចំនួនគ្រួសារដែលភាគច្រើនមកពីតំបន់អាមេរិកកណ្ដាលដែលនិយាយថា ពួកគេភ័យខ្លាចវិលត្រលប់ទៅប្រទេសកំណើតរបស់ខ្លួនវិញដោយសារតែការគំរាមកំហែងនៃអំពើហិង្សា។ រដ្ឋបាលរបស់លោក Trump និយាយថា សំណើមួយចំនួនគឺមិនមានសុពលភាពទេ។
កម្មវិធីនេះនឹងអនុវត្តចំពោះជនអន្តោប្រវេសន៍ដែលមកដល់ហើយសុំការជ្រកកោននៅកំពង់ផែច្រកចូលឬអ្នកដែលត្រូវគេចាប់បានខណៈឆ្លងដែនដោយខុសច្បាប់ហើយនិយាយថា ពួកគេភ័យខ្លាចក្នុងការវិលត្រលប់ទៅវិញ។
ក្រសួងសន្ដិសុខមាតុភូមិបាននិយាយថា កុមារដែលធ្វើដំណើរដោយខ្លួនឯងនិងជនអន្តោប្រវេសន៍មួយចំនួនមកពី “ជនងាយរងគ្រោះ” អាចត្រូវគេដកចេញដោយផ្អែកលើករណីពិសេស។
ក្រសួងបាននិយាយថា “MPP នឹងផ្តល់នូវដំណើរការកាន់តែមានសុវត្ថិភាពនិងកាន់តែមានសណ្តាប់ធ្នាប់ដែលនឹងបំបាក់ទឹកចិត្តជននានាពីការប៉ុនប៉ងចូលដោយខុសច្បាប់និងធ្វើការអះអាងខុសឆ្គងដើម្បីស្នាក់នៅក្នុងសហរដ្ឋអាមេរិកហើយអនុញ្ញាតឲ្យមានធនធានបន្ថែមទៀតសម្រាប់អ្នកដែលមានសិទ្ធិស្របច្បាប់សម្រាប់ការសុំសិទ្ធិជ្រកកោន”។
ការឆ្លងដែនខុសច្បាប់នៅតាមព្រំដែនភាគខាងត្បូងបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ចាប់តាំងពីឈានដល់កម្រិតខ្ពស់ក្នុងទសវត្សរ៍មុនៗប៉ុន្ដែក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ គ្រួសារនិងកុមារដែលមិនមានអាណាព្យាបាលជាច្រើនមកពីប្រទេសអែលសាល់វ៉ាឌ័រ ហុងឌូរ៉ាសនិងហ្គាតេម៉ាឡាបានធ្វើចំណាកស្រុកទៅកាន់សហរដ្ឋអាមេរិកហើយកម្មវិធីជ្រកកោនបានកើនឡើង។
យោងតាមទិន្នន័យរបស់រដ្ឋាភិបាលអាមេរិកបានបង្ហាញថា កាលពីឆ្នាំមុន មនុស្សប្រហែល ៩៣,០០០នាក់បានស្វែងរកសិទ្ធិជ្រកកោននៅតាមព្រំដែនភាគខាងត្បូងដែលចំនួននេះកើនឡើង៦៧ភាគរយបើធៀបនឹងឆ្នាំ២០១៧៕ REUTERS
Source: Kampuchea Thmey Daily
0 Comments