Ad Code

រាជរដ្ឋាភិបាល​ចាត់ទុក​មាតុភូមិនិវត្តន៍​របស់ សម រង្ស៊ី គឺជា​ឆន្ទៈ​បុគ្គល​សុទ្ធសាធ ហើយនឹង​ចាត់វិធានការ​តាមច្បាប់ បើ​មានការ​ស្នើសុំ​ណាមួយ​ពី​តុលាការ



ភ្នំពេញ​ ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចាត់​ទុក​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី គឺជា​ឆន្ទៈ​បុគ្គល​សុទ្ធសាធ ពីព្រោះ​ការ​ចាកចេញ​ពី​មាតុភូមិ​របស់លោក សម រង្ស៊ី គឺជា​ជម្រើស​ផ្ទាល់ខ្លួន និង​មាន​ចរិត​ជា​ឯកជន ហើយ​បើ​មានការ​ស្នើសុំ​ណាមួយ​ពី​តុលាការ នឹង​ចាត់វិធានការ​តាមច្បាប់​។

ការ​លើក​ឡើង​របស់​លោក ផៃ ស៊ី​ផាន បាន​ធ្វើឡើង​បន្ទាប់ពី​ក្រុម​អ្នកគាំទ្រ​លោក សម រ​ង្ស៉ី និង​បក្ខពួក ដែល​អះអាង​ថា ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​បើក​កិច្ចប្រជុំ​មួយ​នៅ​ទីក្រុង​ឡូ​វែ​ល សហរដ្ឋអាមេរិក ហើយ​សម្រេច​ថា នឹង​រៀបចំ​ដំណើរ​វិលត្រឡប់​របស់​លោក សម រ​ង្ស៉ី មកកាន់​ប្រទេស​កម្ពុជា នា​ពេល​ខាងមុខនេះ​។ ចំណែក​លោក សម រ​ង្ស៉ី ក៏​ធ្លាប់​បាន​ប្រកាស​ថា លោក​មានបំណង​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ​ផង​ដែរ បន្ទាប់ពី​លោក​បាន​និរទេស​ខ្លួនឯង​ទៅ​ក្រៅប្រទេស​កាលពី​ឆ្នាំ​២០១៦​។

លោក ផៃ ស៊ី​ផាន ក្នុងនាម​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ចុះ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៩​ថា ការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី គឺជា​ឆន្ទៈ​បុគ្គល​សុទ្ធសាធ ពីព្រោះ​ការ​ចាកចេញ​ពី​មាតុភូមិ​របស់​លោក សម រង្ស៊ី គឺជា​ជម្រើស​ផ្ទាល់ខ្លួន និង​មាន​ចរិត​ជា​ឯកជន​របស់​បុគ្គល​រូប​នេះ​។ លោក​បញ្ជាក់​ថា “​ការប្រើប្រាស់​មាតុភូមិនិវត្តន៍​របស់​សមរង្ស៊ី ទោះបីជា​តាមរយៈ​ក្រុម ឬ​អង្គការ​ណាក៏ដោយ ដើម្បី​បង្កើត​ជា​រូបភាព​នយោបាយ ពាក់ព័ន្ធ​ទៅ​នឹង​សកម្មភាព​នៃ​អតីត​គណបក្សប្រឆាំង ដែល​ត្រូវ​បាន​រំលាយចោល​ទៅ​ហើយ​នោះ តាម​អំណាច​សាលដីកា​របស់​តុលាការ​កំពូល​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ត្រូវបាន​ចាត់ទុកជា​អំពើ​ប្រឆាំង​នឹង​អំណាចតុលាការ​ពិតប្រាកដ ដែល​ច្បាប់​បាន​កំណត់ និង​ហាមប្រាម​”​។

តាម​លោក ផៃ ស៊ី​ផាន “​រាជរដ្ឋាភិបាល​សូម​បញ្ជាក់​ថា នៅតែ​រក្សា និង​គោរព​អនុវត្ត​នូវ​គោលការណ៍​ប្រជាធិបតេយ្យ​នៃ​ការបែងចែក​អំណាច​ដាច់ដោយឡែក​ពី​គ្នា​រវាង​អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ក៏ដូចជា​អំណាចនីតិបញ្ញត្តិ​ផង​ដែរ​។ នៅក្នុង​បរិការណ៍​នេះ បើ​មានការ​ស្នើសុំ​ណាមួយ​ពី​តុលាការ​រាជរដ្ឋាភិបាល​ក៏ដូចជា​សមត្ថកិច្ច​ពាក់​ព័ន្ធ និង​ចាត់វិធានការ​អនុវត្ត​តាម​អំណាច​ផ្លូវច្បាប់​”​។

សូម​បញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៩ មនុស្ស​មួយ​ក្រុម ដែល​គេ​ឲ្យ​ឈ្មោះថា “​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ​” ហើយ​ជា​ក្រុម​ស្ម័គ្រស្មោះ​លោក សម រង្ស៊ី នោះ បាន​ជួប​ប្រជុំគ្នា​នៅ​ទីក្រុង​ឡូ​វែ​ល (Lowell) រដ្ឋ​ម៉ា​ហ្សា​ជូ​សេត (Massachusetts) សហរដ្ឋអាមេរិក ហើយ​បាន​សម្រេច​៣​ចំណុច ក្នុង​នោះ​ក៏​មាន​ចំណុច​ឲ្យ​លោក សម រង្ស៊ី ចូលមក​កម្ពុជា​វិញ​ផងដែរ​។

ក្រោយពី​មាន​សេចក្តី​សម្រេច​នេះ អតីត​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​នៅ​សហរដ្ឋអាមេរិក បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ ប្រកាស​បដិសេធ​ចំពោះ​ការសម្រេច​របស់​កិច្ចប្រជុំ​នោះ ដឹកនាំ​ដោយ​លោក សម រង្ស៊ី នោះ ដោយ​សំអាងថា វា​គ្រាន់តែ​ជា​ការ​សម្រេច​របស់​ក្រុម​ប្រធានស្តីទី​ក្លែងក្លាយ​ប៉ុណ្ណោះ មិនអាច​ចាត់ទុកជា​សេចក្តី​សម្រេច​របស់​គណ​បក្ស​នោះឡើយ៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu