Ad Code

រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​រៀងរាល់​យប់​ ដើម្បី​បង្ក្រាប​បទល្មើស​ផ្សេងៗ​



ភ្នំពេញ ៖ លោក​ ជា ខេ​មា អភិបាលរងខណ្ឌ​ព្រែ​ព្នៅ​ ដឹកនាំ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ កម្លាំង​ចូលរួម​សរុប​ចំនួន​៣៦​នាក់ ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរ​ផ្លូវគោក និង​ឆែក​អាវុធជាតិផ្ទុះ កាលពី​យប់​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៩ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ មុខ​អនុវិទ្យាល័យ​ព្រែក​ព្នៅ ស្ថិតក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

លោក ​ជា ខេ​មា បាន​ឲ្យ​ដឹងថា ដើម្បី​ពង្រឹង​សុវត្ថិភាព​នៅក្នុង​មូលដ្ឋាន​ជូន​ប្រជាពលរដ្ឋ រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ រដ្ឋបាល​ខណ្ឌ​តែងតែ​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​ជាប្រចាំ​រៀងរាល់​យប់ មិនដែល​ខកខាន​ឡើយ ដែលមាន​មន្ត្រី​សាលាខណ្ឌ កម្លាំង​ប៉ូលិស កម្លាំង​កង​រាជ​អាវុធ កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ​ចូលរួម​ផងដែរ ហើយពី​មួយថ្ងៃ​ទៅមួយថ្ងៃ​បទល្មើស​ឆ្លងកាត់ មិនមាន​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​ដូច​កាលពី​កន្លងមក​នោះទេ​។​

ជាក់ស្ដែង កាលពី​យប់​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៩​នេះ កម្លាំងចម្រុះ​ចូលរួម​សរុប​ចំនួន​៣៦​នាក់ ក្នុង​នោះ​កម្លាំង​ប៉ូលិស​សង្កាត់​-​ខណ្ឌ​ចំនួន ១០​នាក់ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ចំនួន​១០​នាក់ មន្ត្រី​សាលាខណ្ឌ​ចំនួន​០៦​នាក់ កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ​-​សង្កាត់​ចំនួន​១០​នាក់ ដែល​កម្លាំង​ដាក់​ប្រតិបត្តិ​ការ​ចាប់ពី​វេលា​ម៉ោង​២០​និង​០០​នាទី រហូត​វេលា​ម៉ោង​២១​និង​០០​នាទី ទើប​ត្រូវ​បាន​បញ្ចប់​។

ជា​លទ្ធផល​ត្រួតពិនិត្យ​ រថយន្ត​ឆ្លងកាត់​បាន​ចំនួន​៤០​គ្រឿង រថយន្ត​តូច​ឆ្លងកាត់​ចំនួន​២៧​គ្រឿង ត្រួត​ពិនិត្យ​ម៉ូតូ​ឆ្លងកាត់​ចំនួន​៣០​គ្រឿង ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​ឆ្លងកាត់​គ្មាន​ និង​គ្រឿងញៀន​ឆ្លង​កាត់​គ្មាន​។​

លោក​អភិបាលរងខណ្ឌ​ព្រែក​ព្នៅ​ប្រាប់​ឲ្យ​ដឹង​ទៀតថា សកម្មភាព​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ របស់​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ មាន​ជា​រៀងរាល់​យប់​តែម្តង ដើម្បី​ត្រួតពិនិត្យ​បទល្មើស​គ្រប់​ប្រភេទ ធ្វើយ៉ាងណា​រក្សា​ឲ្យ​បាន​នូវ​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​ផងដែរ​៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu