សៀមរាប ៖ លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្ដម សួស គង់ ឯកឧត្ដម នួន ដាញ៉ិល រដ្ឋលេខាធិការ ឯកឧត្ដមអនុរដ្ឋលេខាធិការ ព្រមទាំងមន្ត្រីបច្ចេកទេស បានអញ្ជើញទៅពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់មួយខ្សែមានប្រវែង១៧ គ.ម នៅស្រុកសូត្រនិគមខេត្តសៀមរាប នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩។
លោក ខេង ញ៉ុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានឲ្យដឹងថា ផ្លូវដែលកំពុងស្ថាបនា
នាពេលនេះ មានទីតាំងតភ្ជាប់ពីផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិខ្ចាស់ឃុំខ្ចាស់ ដោយឆ្លងកាត់ឃុំចាន់ ស និងឃុំខ្នារពោធិ៍ស្រុកសូត្រនិគម ជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ដោយស្ថាបនាក្នុងក្របខ័ណ្ឌគម្រោងកែលំអផ្លូវជនបទជំហានទី២ របស់ក្រសួងអភិវឌ្ឍន៍ជនបទ លទ្ធផល នៃការសាងសង់សម្រេចបាន២២% ហើយ។ គ្រោងនឹងបញ្ចប់នៅក្នុងខែសីហា ឆ្នាំ២០១៩។
លោកប្រធានមន្ទីរ បានបន្តថា នៅខេត្តសៀមរាប ក្នុងគម្រោងកែលំអផ្លូវជនបទ ជំហានទី២ របស់ក្រសួងអភិវឌ្ឍន៍ជនបទដែលបាន និងកំពុងដំណើរការការដ្ឋានផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST មានចំនួន៦ខ្សែ សរុបប្រវែង១២២គ.ម ក្នុងនោះមានផ្លូវពីស្រែណូយទៅប្រាសាទ ក្នុងស្រុកវ៉ារិនប្រវែង៣៣,៣ គ.ម។ ផ្លូវពីខ្នារ ទៅកែវពណ៌ ក្នុងស្រុកពួកប្រវែង១០ គ.ម។ ផ្លូវពី ចារឈូកទៅមោងក្នុងស្រុកអង្គរជុំ និងស្រុកស្រីស្នំប្រវែង២១,៦ គ.ម។
ផ្លូវពីតាសោមទៅគោកដូងក្នុងស្រុកអង្គរជុំប្រវែង១០,៦ គ,ម។ ផ្លូវពីស្រុកអង្គរជុំទៅស្រុកពួកប្រវែង ២៩,៥ គ. ម និងផ្លូវពីឃុំខ្ចាស់ទៅឃុំខ្នារពោធិ៍ ស្រុកសូត្រនិគមប្រវែង១៧គ.ម ដែលកំពុងដំណើរការនាពេលនេះ។ ក្នុងឱកាសចុះពិនិត្យការដ្ឋាន លោកបណ្ឌិត អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា គម្រោងកែលំអផ្លូវជនបទជំហានទី២ ជាគម្រោងរបស់ រាជរដ្ឋាភិបាល គ្រប់គ្រងដោយក្រសួងអភិវឌ្ឍន៍ជនបទ ដោយធ្វើការកែលំអផ្លូវក្រាលក្រួសក្រហមនៅជនបទឲ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ដើម្បីបង្កលក្ខណៈ ងាយស្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ។
គម្រោងនេះ អនុវត្តនៅក្នុងខេត្តគោលដៅទាំង១០ ងាយស្រួលទៅកាន់ទីផ្សារ ស្វែងរកការងារធ្វើ ងាយស្រួលក្នុងការទទួលបានសេវាសង្គម។ ជាមួយនេះ គម្រោងបានផ្ដោតការយកចិត្តទុកដាក់ទៅលើសុវត្ថិភាពសង្គម និងធ្វើឲ្យមានភាពធននិងការបម្រែបម្រួលអាកាសធាតុផងដែរ។
លោកបណ្ឌិតបានបន្តថា គម្រោងកែលំអផ្លូវជនបទជំហានទី២ មានរយៈពេល៦ឆ្នាំ ចាប់ផ្ដើមពីឆ្នាំ ២០១៥ ដល់ ឆ្នាំ២០២០ មានថវិកាសរុប១៩២,៧១លានដុល្លារអាមេរិក ក្នុងនោះមានថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធនាគារអាហរ័ណ នីហរ័ណកូរ៉េ (Kexim Bank)រដ្ឋាភិបាលអូស្ត្រាលី (Australian Govenement ) មូលនិធិអភិវឌ្ឍន៍ណ័រឌិក (NDF) ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) និងមូលនិធិអាកាសធាតុជាយុទ្ធសាស្ត្រ (Strategies Climate Fund )សម្រាប់ស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទDBST សរុបប្រវែង១.២០០គ.ម នៅក្នុងខេត្តគោលដៅទាំង១០គឺ ខេត្តត្បូងឃ្មុំ កំពង់ចាម តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ខេត្តកំពង់ធំ និងខេត្តសៀមរាប។
លោករដ្ឋមន្ត្រីបានបន្តទៀតថា រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៅតែបន្តអនុវត្តនយោបាយហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរដឹកជញ្ជូនផលិតផល និងទំនាក់ទំនងទៅកាន់តំបន់ទទួលសេវាសាធារណៈទាន់ពេលវេលា។
លោកបណ្ឌិតរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន បានអំពាវនាវសុំឲ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋដែលមានដែលមានលំនៅដ្ឋានតាមដងផ្លូវ ចូលរួមសហការឲ្យបានល្អជាមួយអ្នកទទួលការសាងសង់ ព្រមទាំងបានផ្ដាំផ្ញើដល់មន្ត្រី បច្ចេកទេស ប្រចាំការនៅការដ្ឋានអនុវត្តឲ្យបានត្រឹមត្រូវតាមគំនូសប្លង់ និងបទដ្ឋានបច្ចេកទេសដើម្បីធានាបានទាំងគុណភាព និងសោភ័ណភាព៕
Source: Kampuchea Thmey Daily
0 Comments