ភ្នំពេញ ៖ ចាប់តាំងពីរសៀលថ្ងៃទី២៥ រហូតមកទល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩នេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក និងមជ្ឈដ្ឋានមហាជនទូទៅ បាននិងកំពុងតែចាប់អារម្មណ៍ខ្លាំងលើករណីនៃការស្លាប់របស់តារាចម្រៀងស្រីកញ្ញា ខេមរៈ ស្រីពៅប្អូនស្រីបង្កើតលោក ខេមរៈ សិរីមន្ត ជាមួយការបង្ហាញភាពសោកស្តាយ និងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសាររបស់តារាស្រីរូបនេះ។
មិនខុសគ្នាពីមហាជនអ្នកគាំទ្រនោះទេ ភ្លាមៗនោះ មានសិល្បករ-សិល្បការិនីរួមអាជីពសិល្បៈជាច្រើន បានបង្ហាញពីការសោកស្តាយ និងរន្ធត់ចិត្តខ្លាំង ក្រោយពេលទទួលបានដំណឹងមរណភាពរបស់តារាស្រីកញ្ញា ខេមរៈ ស្រីពៅ ទាំងវ័យក្មេងបែបនេះ។ មិនតែប៉ុណ្ណោះនៅលើបណ្តាញសង្គមហ្វេសប៊ុករយៈពេលពីរថ្ងៃនេះ គឺមានការបង្ហោះសារភ្ជាប់ជាមួយរូបភាពកញ្ញា ខេមរៈ ស្រីពៅ ដោយការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព ស្រីពៅ។
សូមបញ្ជាក់ថា តារាចម្រៀងស្រីកញ្ញាខេមរៈ ស្រីពៅ ប្អូនស្រីបង្កើតលោក ខេមរៈសិរីមន្តនិងលោក ខេមរៈ ភារុន បានទទួលមរណភាពកាលពីវេលាម៉ោងប្រមាណ១រសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ស្ថិតនៅប្រទេសឥណ្ឌាដោយសារបញ្ហាជំងឺសួតនិងក្រលៀនធ្ងន់ធ្ងរ។ សពរបស់កញ្ញា ខេមរៈ ស្រីពៅ នឹងត្រូវដឹកយកមកតម្កល់ដើម្បីធ្វើបុណ្យតាមប្រពៃណីនៅឯប្រទេសកំណើតស្ថិតគេហដ្ឋានលោក ខេមរៈ សិរីមន្ត ម្តុំវត្តសំរោងអណ្តែត។នេះបើតាមប្រភពព័ត៌មាន។
បើតាមការបញ្ជាក់ពីក្រុមគ្រួសារ កញ្ញា ខេមរៈ ស្រីពៅ គឺមានជំងឺសួតនិងក្រលៀនធ្ងន់ធ្ងរយូរណាស់មកហើយ តែក្រុមគ្រួសារមិនសូវជាចាប់អារម្មណ៍ប៉ុន្មាននោះទេ ទើបតែរយៈពេលប្រមាណជា២ខែទើបអាការៈជំងឺរបស់នាងកាន់តែធ្ងន់ធ្ងរ ខណៈនោះ ក្រុមគ្រួសារក៏បានសម្រេចបញ្ជូនទៅព្យាបាលនៅប្រទេសឥណ្ឌា ប៉ុន្តែជាអកុសលក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះជីវិតរបស់នាងបានឡើយ៕
Source: Kampuchea Thmey Daily
0 Comments