បន្ទាយមានជ័យ ៖ ពលរដ្ឋពីរនាក់ ស្លាប់ម្នាក់ របួសម្នាក់ ដោយសារបើកគោយន្តដឹកឈើជាន់មីនផ្ទុះ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវព្រៃថៅកែយ៉ ស្ថិតក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
សេចក្ដីរាយការណ៍ បានឲ្យដឹងថា មុនកើតហេតុ គោយន្តកន្ត្រៃខាងលើ បានបើកដឹកឈើសម្រាប់ធ្វើអុសដុត ចេញពីព្រៃ ដោយមានមនុស្សជិះចំនួន២នាក់ លុះដល់ចំណុចកើតហេតុ ក៏បានជាន់មីន បណ្តាលឲ្យផ្ទុះ ស្លាប់មនុស្សម្នាក់ ឈ្មោះ ឆាម ឆង ភេទប្រុស អាយុ៣២ឆ្នាំ ខណៈបញ្ជូនដល់មន្ទីរពេទ្យបង្អែកប៉ោយប៉ែត និងរបួសស្រាលមនុស្សម្នាក់ ឈ្មោះ ទៀក សុខ ភេទប្រុស អាយុ២៣ឆ្នាំ ទាំង២នាក់ រស់នៅភូមិរស្មីសាមគ្គី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
គួរបញ្ជាក់ថា ករណីគ្រោះថ្នាក់ដោយសារគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ សម្រាប់ខេត្តបន្ទាយមានជ័យ តែងកើតមានជារឿយៗ ពិសេសនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលគ្រោះថ្នាក់បែបនេះ តែងកើតចំពោះប្រជាពលរដ្ឋ ដែលដើរដាក់អន្ទាក់សត្វតាមព្រៃ ចូលព្រៃកាប់អុស បើកគ្រឿងចក្រភ្ជួរដីធ្វើចម្ការ និងដូចករណីខាងលើជាដើម៕
Source: Kampuchea Thmey Daily
0 Comments