សៀមរាប ៖ ជនជាតិចិនចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាលជំនាញ ខេត្តសៀមរាប ឃាត់ខ្លួនករណីបើកល្បែងស៊ីសងខុសច្បាប់ ជ្រកក្រោមស្លាកមជ្ឈមណ្ឌលកម្សាន្ត ឈឹងស៊ីអ៊ីងស៊ាង។
ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោងប្រមាណជា១០យប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ក្រោមការដឹកនាំដោយ លោក ជួន សុបញ្ញា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប ដែលមានទីតាំងស្ថិតសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ក្បែរផ្សាររាត្រីនួនណៃ។
នៅក្នុងប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចបានដកហូតយកវត្ថុតាងបានចំនួន៣២គ្រឿង និងវត្ថុតាងផ្សេងៗមួយចំនួនទៀត បញ្ជូនមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត។
សមត្ថកិច្ចបន្តថា ជនសង្ស័យទាំង៤នាក់នោះមាន ឈ្មោះទី១-ឈ្មោះ JIANG JIANCHUN ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EE១៣៦២៩៤៥, ២-ឈ្មោះ TONG CHAO ភេទ ប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មិនមានលិខិតឆ្លងដែនជាប់ខ្លួន, ៣-ឈ្មោះ XU HONGXING ភេទ ប្រុស អាយុ៣៩ឆ្នាំ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ EC៤៧៦៧៣៨៨ និង ៤-ឈ្មោះ HAO BIN ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិ ចិន មិនមានលិខិតឆ្លងដែនជាប់ខ្លួន។
ជនសង្ស័យទាំង៤នាក់ ត្រូវបានការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋានខេត្តសៀមរាប បញ្ជូនមកកាន់តុលាការខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៦មករានេះ ដើម្បីចាត់ការបន្តតាមនីតិវិធី។
ទាក់ទិននឹងករណីនេះដែរ មហាជនបានងឿងឆ្ងល់ថា មួយរយៈនេះគេមិនដែលឃើញមានវត្តមានកម្លាំងអាវុធហត្ថចុះបង្ក្រាបបទល្មើសសោះ ឃើញតែកម្លាំងប៉ូលិស៕
Source: Kampuchea Thmey Daily
0 Comments