Ad Code

ផ្ទះ​១​ខ្នង​ និង​ម៉ូតូ​ឌ្រី​ម​សង់​២​គ្រឿង ​ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​ទាំងស្រុង



ព្រៃវែង​ ៖ ​ផ្ទះ​មួយ​ខ្នង​ និង​ម៉ូតូ​២​គ្រឿង​របស់​ប្រជាពលរដ្ឋ ​រស់នៅ​ក្នុង​ស្រុក​ព្រះស្ដេច​ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ខ្ទេច​ហ្មត់ ​គ្មាន​សល់។

អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ខាងលើ ​បាន​កើត​ឡើង ​កាលពី​យប់​ថ្ងៃទី២៥ ខែ​មករា ​ឆ្នាំ២០១៩ វេលា​ម៉ោង​២១​និង​២៥​នាទី ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ប្រ​ប្រស់ ​ឃុំ​សេនា​រាជ​ឧត្តម ​ស្រុក​ព្រះស្ដេច​ ខេត្ត​ព្រៃវែង។

សមត្ថកិច្ច​​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះស្ដេច​បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ ​ដែល​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ខាងលើ​មាន ឈ្មោះ ផុន ខឿន ភេទ​ប្រុស ​អាយុ​៥៧​ឆ្នាំ ​និង​ប្រពន្ធ ​ឈ្មោះ​ស៊ុំ វ៉ុ​ន អាយុ​៦០​ឆ្នាំ​​មុខរបរ​ធ្វើ​ស្រែ​ រស់នៅ​ភូមិ/​ឃុំ​កើតហេតុ​ខាងលើ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ​មូល​ហេតុ​ ដែល​បណ្តាល​ឲ្យ​មាន​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ ​កើតឡើង ​គឺ​បណ្តាលមកពី​ការ​ធ្វេសប្រហែស​របស់​ម្ចាស់ផ្ទះ​ ដោយ​ម្ចាស់ផ្ទះ​បាន​ដុត​ភ្លើង​ទៀន​ ដើម្បី​បំភ្លឺ​ហូប​បាយ​ពេល​ល្ងាច ហើយ​ក្រោយពេល​ហូបបាយ​រួច ​ម្ចាស់ផ្ទះ​មិនបាន​ពន្លត់​ភ្លើង​ទៀន ធ្វើឲ្យ​ភ្លើង​ទៀន​ហូរ​តាម​ប្រហោង​រនាប ​ធ្លាក់​មក​លើ​ចំបើង ដែល​ម្ចាស់ផ្ទះ​ទុក ​ដើម្បី​ឲ្យ​គោ​ស៊ី នា​រដូវប្រាំង ទើប​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​ឡើង​តែម្ដង។ ពេលនោះ ​ប្រជាពលរដ្ឋ​ជាច្រើន​ក៏បាន​នាំគ្នា​ជួយ​បាញ់​ទឹក​ពន្លត់​ដែរ​ ប៉ុន្តែ​មិន​អាច​ជួយ​សង្គ្រោះ​បាន​នោះ​ទេ ព្រោះ​នៅ​ខាងក្រោម​ផ្ទះ​​ក្រោយ​ មាន​ចំបើង​ច្រើន ទើប​បណ្ដាល​ឲ្យ​ភ្លើង​ឆាបឆេះ​ឡើង​សន្ធោសន្ធៅ​យ៉ាង​ឆាប់រហ័ស ​ដែល​មាន​ទំហំ​ទទឹង៨​ម៉ែត្រ​ បណ្តោយ ៧​ម៉ែត្រ​កន្លះ រួម​នឹង​ម៉ូតូ​ឌ្រី​ម​សង់ ២​គ្រឿង​ ឆេះ​ខ្ទេច​គ្មាន​សល់​។ តែ​ទោះជា​យ៉ាងណា​ នៅក្នុង​ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ខាងលើ ​មិន​បណ្ដាលឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​រង​របួស​នោះទេ​៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu