ការប្រកួតជម្រុះដណ្ដើមខ្សែក្រវាត់ជើងឯកWurkz ទម្ងន់៦០គីឡូក្រាម នៅសង្វៀន ទូរទស្សន៍SEATV នៅរសៀលថ្ងៃអាទិត្យ ទី២៧ ខែមករា ឆ្នាំ២០១៩នេះ ជាការប្រកួតជម្រុះសប្ដាហ៍ទី២ លើកទី២ រវាងអ្នកប្រដាល់កម្ពុជា ចាន់ សំអាត ក្លិបអប់រំកាយកីឡាស្រុកអន្លង់វែង និងអ្នកប្រដាល់ថៃ Yorth Katang You ហើយអ្នកប្រដាល់កម្ពុជា ហេង វាសនា ក្លិបព្រៃទទឹង ខេត្តបាត់ដំបង និងអ្នកប្រដាល់ថៃ Chhav Vallit។
សម្រាប់ជំនួបរវាងចាន់ សំអាត និង Yorth Katang You នេះ ពួកគេទាំងពីរនាក់នេះ មិនធ្លាប់ជួបគ្នាទេកន្លងមក ដោយសារ Yorth Katang You ជាអ្នកប្រដាល់ថៃចំណូលថ្មីទើបមកប្រកួតលើកដំបងក្នុងជម្រុះខ្សែក្រវាត់នេះ។
ចាន់ សំអាត និង Yorth Katang You នេះ គេមានសមត្ថភាពប្រហាក់ប្រហែលគ្នាទេ ហើយមាឌ និងកម្ពស់ ក៏ប្រហែលគ្នាដែរ ដោយពួកគេទាំងពីរ មានកម្ពស់១,៦៧ម៉ែត្រ ដូចគ្នា។
Yorth Katang You គេមានកំណត់ត្រាប្រកួតចំនួន៦០លើក ឈ្នះ៥០លើក ចាញ់១០ លើក មិនដែលស្មើ។ ចំណែក ចាន់ សំអាត គេមានកំនត់ត្រាប្រកួត៧៤លើក ឈ្នះ៥៦លើក ចាញ់១៥ លើក និង ស្មើ០៣លើក។
ទោះជាយ៉ាងណា សម្រាប់ការជួបគ្នានេះ ពុំអាចសន្និដ្ឋានមុនថា អ្នកណាឈ្នះ អ្នកណាចាញ់នោះឡើយ ហើយពីរនាក់នេះ ក៏មិនអាចអ្នកណាមើលស្រាលអ្នកណាបានដែរ។
ចំពោះការជួបគ្នារវាង ហេង វាសនា អ្នកប្រដាល់កម្ពុជាក្លិបព្រៃទទឹងខេត្តបាត់ដំបង និង Chhav Vallit វិញ ក៏ពិបាកទស្សន៍ទាយអ្នកណាឈ្នះ អ្នកណាចាញ់ដែរ ។ ត្បិតថា អ្នកប្រដាល់ Chhav Vallit ល្អ និងខ្លាំងប្រហាក់ប្រហែលនឹង ហេង វាសនាដែរ។ ពីរនាក់នេះ ពីមុនមកពុំធ្លាប់ជួបគ្នាទេ។
ហេង វាសនា មួយរយៈនេះគេហាក់ដូចជាស្រុតចុះបន្តិច ទោះបីរបៀបវាយរបស់គេ នៅតែល្អក៏ពិតមែន និងនៅរហ័សក៏ពិតមែន តែកម្លាំង និង ទឹកចិត្តរបស់គេស្រុតចុះ។ ចាំមើល ហេង វាសនា អាចយកបាន៣ពិន្ទុពីការជួប Chhav Vallit នេះបានឬអត់?។ អ្នកប្រដាល់មកពីខេត្តបាត់ដំបងរូបនេះ គេមានប្រវត្តិប្រកួតចំនួនចំនួន៥៨លើក ឈ្នះ៤២លើក ចាញ់១៣លើក និងស្មើ០៣លើក។
ចំពោះ Chhav Vallit វិញ របៀបវាយរបស់គេ គឺវាយដោយមិនបង្ខំ គេវាយចេញមួយៗតែច្បាស់ហើយវាយចេញភាគច្រើនចំគោលដៅបានល្អ នេះបើតាមអ្នកផ្គូផ្គងនិយាយប្រាប់ឲ្យដឹង។ គេមានប្រវត្តិប្រកួតចំនួនលើក ឈ្នះ៦៧លើក ចាញ់៥៧លើក និងចាញ់១០លើក មិនដែលស្មើ។ ចាំមើល ការប្រកួតជម្រុះលើកដំបូង រវាងហេង វាសនា និង Chhav Vallit តើនរណារកបាន៣ពិន្ទុនោះ?។
ចំពោះការការប្រកួតក្រៅពីគូខ្សែក្រវាត់នេះ ងួន គា អ្នកប្រដាល់ក្លិបរាជសីហ៍ខេត្តរតនគិរី បានសុំជួបសងសឹកជាមួយ សង គង់ អ្នកប្រដាល់ក្លិបអេភូថងកីឡា ដោយជួបគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។
អ្នកប្រដាល់ចាស់វស្សាទាំងពីរនាក់នេះ ធ្លាប់បានប៉ះម្តងហើយកន្លងមក ដោយ សង គង់ ឈ្នះដោយពិន្ទុ។
ងួន គា ថ្វីត្បិតតែចង្កូមរបស់គេរាងរិលបន្តិចហើយក្តី ប៉ុន្តែគេនៅតែអាចខាំត្របាក់គូប្រកួតដែលមើលស្រាលចង់ជួបប្រកួតជាមួយនោះ។ ដូច្នេះសម្រាប់ការប្រកួតសងសឹករបស់ ងួន គា លើកនេះ ពុំដឹងថាងួន គា អាចត្របាក់យកឈ្នះសង គង់ បានឬអត់នោះទេ?។ ការប្រកួតចុងក្រោយរបស់ ងួន គា គឺវាយចាញ់ សុខ វិរៈ អ្នកប្រដាល់ក្លិបសំរោងកោងខេត្តបាត់ដំបងដោយពិន្ទុ កាលពីពីថ្ងៃទី០៥ខែមករា ឆ្នាំ២០១៩កន្លងទៅនេះ។ ចាំមើល តើ ងួន គា អាចយកឈ្នះសង គង់ បានឬអត់ ? សម្រាប់ជំនួបសងសឹកលើកនេះ។
ឡុង ណងសាវ អ្នកប្រដាល់ក្លិបសាលវ័ន្តកីឡា នឹងជួបសាកកណ្ដាប់ដៃជាមួយ សេក សារ៉ាន់ អ្នកប្រដាល់ក្លិបអង្គរមានជ័យខេត្តសៀមរាប។ សម្រាប់ការជួបគ្នារវាងអ្នកប្រដាល់ទាំងពីរនាក់នេះ ពុំមាននរណាហ៊ានទាយមុនថា អ្នកណាឈ្នះ អ្នកណាចាញ់នោះឡើយ?៕
Source: Kampuchea Thmey Daily
0 Comments