សៀមរាប ៖ ជនសង្ស័យម្នាក់ លួចគាស់ហឹបយកទ្រព្យសម្បត្តិបានសម្រេចរួចដើរចាយវាយក្នុងក្រុងយ៉ាងសប្បាយ លុះត្រឡប់ទៅផ្ទះវិញ ត្រូវនគរបាលជំនាញស្រុកពួក និងខេត្តឃាត់ខ្លួន បន្ទាប់ពីស្រាវជ្រាវយ៉ាងល្អិតល្អន់រួចមក។
ការឃាត់ខ្លួននេះធ្វើឡើងនៅព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ភូមិទ្រាយ ឃុំពោធិ៍ទ្រាយ ស្រុកពួក ខេត្តសៀមរាប។
លោកឧត្ដមសេនីយ៍ត្រី ភឹង ចន្តារ៉េត ស្នងការរង ទទួលផែនកណ្តាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃទី២៣នេះថា កម្លាំងនគរបាលជំនាញស្រុក ពួកនិងខេត្ត បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សឿម ធា ហៅសង់ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិទ្រាយ ឃុំពោធិ៍ទ្រាយ ស្រុកពួក ខេត្តសៀមរាប មុខរបរនេសាទត្រីពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស(អារកាត់ដែកសាយ៉ូវសោហឹបកេះយកទ្រព្យសម្បត្តិ)។
លោកបន្តថា អង្គហេតុ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១៤និង០០នាទី ជនសង្ស័យឈ្មោះ សឿម ធា ហៅសង់ខាងលើ បានចូលផែផ្ទះរបស់ជនរងគ្រោះ ឈ្មោះ អ៊ីង នឹម ភេទស្រី អាយុ៧៣ឆ្នាំ រស់នៅភូមិទ្រាយ ឃុំពោធិ៍ទ្រាយ ស្រុកពួក មុខរបរនេសាទត្រី ហើយបានយករណាអារដែកមកអាសាយ៉ូវដែកហិបកេសឈើរបស់ជនរងគ្រោះ បើកយកកាបូបស្ពាយ១ ពណ៌ខ្មៅ ក្នុងនោះមានទ្រព្យសម្បត្តិមួយចំនួនរួមមាន ៖ ខ្សែ.ក មាស១ខ្សែ ទម្ងន់៤ជីកន្លះ,ខ្សែដៃមាស១ខ្សែ ទម្ងន់៣ជី,ចិញ្ចៀនមាស១វង់,ចិញ្ចៀនប្លាទីន១ត្បូង ពណ៌ខៀវ,រូបព្រះធ្វើពីភ្លុកសត្វ និងឈើ៣អង្គ,ចង្កោមចែកាច់២,ថ្លើមថ្ម២,រូបធ្វើពីប្រាក់មានសត្វមាន់២ តោ១ ផ្លែល្ពៅ១,ខ្សែក្រវាត់ប្រាក់២,ខ្សែគាថាយ័ន្ត១ដុំ,គ្រឿងកាឡៃមួយចំនួន ខណៈជនរងគ្រោះកំពុងនៅមុខផែផ្ទះ មិនបានចាប់អារម្មណ៍។
ក្រោយលួចបាន គេដកទុកកាបូប គ្រឿងធ្វើអំពីប្រាក់ ចែភ្លុក ខ្សែយ័ន្តគាថា ទុក៣កន្លែងផ្សេងៗគ្នា ក្នុងព្រៃជុំវិញផែផ្ទះរបស់គេក្នុងភូមិ/ឃុំកើតហេតុ ចំណែកគ្រឿងអលង្ការរួមមាន ៖ ខ្សែដៃ១ខ្សែ ទម្ងន់៣ជីមាស គេយកទៅលក់ក្នុងផ្សារពួក(ស្រុកពួក) បានតម្លៃមួយលានប៉ែតសិបម៉ឺនរៀល ឯខ្សែ.ក.មាស១ខ្សែ និងចិញ្ចៀន២វង់ គេយកទៅលក់នៅផ្សារ(មិនស្គាល់)ក្នុងក្រុងសៀមរាប បានតម្លៃពីរលានម្ភៃបួនម៉ឺនរៀល គេផឹកស៊ីដេកផ្ទះសំណាក់ ចាយវាយ អស់មួយលានម្ភៃប្រាំពីរម៉ឺនបួនពាន់រៀល ព្រឹកឡើង២៣ ខែកុម្ភៈ ឆ្នាំ២០១៩ គេត្រឡប់មកវិញ ត្រូវសមត្ថកិច្ចនាំមកសាកសួរជនសង្ស័យបានឆ្លើយសារភាពថា បានប្រព្រឹត្តិសកម្មភាពដូចអង្គហេតុខាងលើមែន។
បច្ចុប្បន្ន ករណីនេះ កម្លាំងនគរបាលជំនាញ កំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments