Ad Code

ដី​សម្បទាន​សង្គមកិច្ច​២,២២២​ហិកតា ​ត្រូវបាន​ចាប់ឆ្នោត​ធ្វើ​ពិធី​ប្រគល់​ មាន​ផ្ទះ​ ដី​ ជូន​ដល់​អតីត​យុទ្ធជន​ក្រីក្រ​​៣០៩​ខ្នង​



បន្ទាយមានជ័យ ៖ នៅ​ព្រឹក ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ ​នៅ​សាលប្រជុំ​ធំ​សាលា​ខេត្ត​បន្ទាយមានជ័យ ​បានធ្វើ​ពិធី​ចាប់ឆ្នោត ប្រគល់​ផ្ទះ ដី លំនៅដ្ឋាន និង ដី​បង្កបង្កើនផល​ជូន​ដល់​អតីតយុទ្ធជន​ក្រីក្រ​ចំនួន​៣០៩​ខ្នង។

ពិធី​នេះ ​មាន​ការ​ចូលរួម​ពី​លោក ​សួន​ បវរ​ អភិបាលខេត្ត​បន្ទាយមានជ័យ និង​ជា​ប្រធាន​កិត្តិយស​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ខេត្ត, លោក​ឧត្ដមសេនីយ៍​ទោ ​ប្លន់ ​តារា ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត ប្រធាន​មន្ទីរ​អង្គភាព និង​គ្រួសារ​អតីតយុទ្ធជន​ជិត​១,០០០​នាក់។

ក្នុង​កិច្ចប្រជុំ​នោះ ​លោក ​ប្លន់ ​តារា បាន​មាន​ប្រសាសន៍​ថា ​កន្លងមក​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​ដែល​មាន​ដី​ទំហំ ២,២២២​ហិកតា​ សមាគម​អតីត​យុទ្ធជន​កម្ពុជា​ខេត្ត បាន​ធ្វើការ​គ្រប់គ្រង​ ហើយ​បាន​បង្កើត​គណៈកម្មការ​ដែលមាន​សមាសភាព​អ្នក​ពាក់ព័ន្ធ​ចូលរួម និង​អនុ​គណៈកម្មាធិការ​៣​ស្រុក មាន​ស្រុក ភ្នំស្រុក ស្រុក​ស្វាយចេក និង​ស្រុក​ថ្មពួក​ ដើម្បី​ចុះ​ត្រួតពិនិត្យ​ទីតាំង​ដី​សម្បទាន​សង្គមកិច្ច​ផ្ទាល់​ទាំងអស់​បូកសរុប​មាន​ចំនួន​៩៦៩​ហិកតា​ នៅសល់​ដី​ជាក់ស្ដែង​១,២៥៣​ហិកតា ​ក្នុងនោះ​សមាគម​មាន​គម្រោង​សាងសង់​ផ្ទះ​ជូន​អតីត​យុទ្ធជន​ក្រីក្រ​ចំនួន​២០០​ខ្នង​ ដែល​ជា​អំណោយ​របស់​ លោក​ឧបនាយករដ្ឋមន្ត្រី កែ​ គឹមយ៉ាន​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ ​​គ្រឿងញៀន ​ប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្តាល ​ចុះជួយ​ខេត្ត​បន្ទាយមានជ័យ​ និង​ជា​អនុប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា​១៨០​ខ្នង​និង​៤០​ខ្នង​ ជា​អំណោយ​របស់ ​សម្ដេច​តេ​ជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ​និង ជា​ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា​។​

លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​ក្នុង​ការ​ចាប់ឆ្នោត​នោះ ​អតីត​យុទ្ធជន ក្រីក្រ គ្មាន​ដី គ្មាន​ផ្ទះ​មាន​ចំនួន​៣០៩​គ្រួសារ ធ្វើការ​ប្រគល់​នៅពេលនេះ​មានផ្ទះ​៨០​ខ្នង ដែល​១​គ្រួសារ​ ទទួលបាន​១​ខ្នង ដី​លំនៅ​ដ្ឋាន ដី​កសិកម្ម​លក្ខណៈ​គ្រួសារ នៅសល់​ជាក់ស្ដែង នៅ​ក្នុង​ភូមិសាស្ត្រ ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ​។

​ក្នុង​នោះ ​លោក ​សួន​ បវរ​ បាន​មាន​ប្រសាសន៍​ថា សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា កន្លងមក​ សម្ដេច ​តែងតែ​យកចិត្តទុកដាក់​ដល់ អតីត​យុទ្ធជន ​ផ្តល់​ទាំង​គ្រឿង​ឧបភោគ ​និង​បរិភោគ ថវិកា ​ពិសេស​ជួយ​សាងសង់​ផ្ទះ​ឲ្យ​ដល់​អតីត​យុទ្ធជន​មិនដែល​ដាច់​ ព្រោះ​សំអាង​ថា ​អតីត​យុទ្ធជន​ ជា​កម្លាំង ​កន្លងមក​ទាហាន​ ពលី​ជីវិត ​ក្នុង​ការពារ​ទឹកដី​ហាន​ប្តូរជីវិត​ សាច់​ស្រស់ ​ឈាម​ស្រស់​ ជូន​ជាតិ​មាតុភូមិ​ ហើយ​ប្រទេស​មាន​ស្ថិរភាព ​រហូតមកដល់​សព្វថ្ងៃ​នេះ ​ក៏​ដោយសារតែ​កងកម្លាំងប្រដាប់អាវុធ អាវុធហត្ថ នគរបាល​ទាំងអស់​ ដែលជា​អតីត​យុទ្ធជន​នេះ​ផងដែរ​។

​ក្នុងនោះ​ លោក​ បានធ្វើ​ការ​កោតសរសើរ​ដល់​សមាគម​អតីត​យុទ្ធជន​ខេត្ត​ ដែល​បាន​ខិតខំ​លះបង់​វិស័យ​សុខុមាល​មនុស្ស​ចាស់ វិស័យ​យុវ​នីតិសម្បទា វិស័យ​សុខុមាលភាព​សង្គម វិស័យ​សុខុមាល​ភាព​កុមារ​បាន​យ៉ាង​ល្អ​ ហើយ​ការ​បង្កើត​សមាគម​អតីត​យុទ្ធជន​កម្ពុជា ​បង្កើត​ឡើង ​វា​មាន​សារៈ​សំខាន់​ណាស់​ក្នុង​វិស័យ​មនុស្សធម៌​សម្រាប់​ឆ្លើយតប​សង្គ្រោះ​បន្ទាន់​ដល់​គ្រប់​គ្រួសារ​រងគ្រោះ​ដោយ​គ្រោះ​មហន្តរាយ​ផ្យេងៗ​ដូចជា​ ជួយ​ដល់​គ្រួសារ​កងទ័ព​ក្រីក្រ​ ប្រជាពលរដ្ឋ​មានការ​ខ្វះខាត ក្នុង​គ្រា​មាន​អាសន្ន ផលវិបាក​ នៃ​គ្រោះ​មហន្តរាយ អ្នក​ផ្ទុក​មេរោគ​អេដស៍ ជន​ពិការ កុមារ​កំព្រា ចាស់ជរា​ឥត​ទីពឹង​ជាដើម​ផង​ដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu