ប្រទេសអូស្ត្រាលីបានបញ្ជាក់ថា លោក Julian Assange មានលិខិតឆ្លងដែនដែលមានសុពលភាព។ នេះជាកត្តាដ៏សំខាន់មួយសម្រាប់ស្ថាបនិក Wikileaks ដែលភ័យខ្លាចថា ប្រទេសអេក្វាឌ័របានព្យាយាមបញ្ចប់ការសុំសិទ្ធិជ្រកកោនរបស់គាត់នៅក្នុងស្ថានទូតរបស់ខ្លួនប្រចាំទីក្រុងឡុងដ៍ហើយធ្វើបត្យាប័នគាត់ទៅកាន់សហរដ្ឋអាមេរិក។
លិខិតឆ្លងដែនថ្មីដែលនឹងអនុញ្ញាតឲ្យលោក Assange វិលត្រលប់ទៅកាន់ប្រទេសអូស្ត្រាលីវិញត្រូវបានចេញកាលពីខែកញ្ញាឆ្នាំមុនប៉ុន្តែនៅតែមិនត្រូវបានគេរាយការណ៍រហូតដល់ថ្ងៃសៅរ៍។ លិខិតឆ្លងដែនមុនរបស់គាត់បានផុតកំណត់ហើយ។
មន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋានការបរទេសនិងពាណិជ្ជកម្ម (DFAT) កាលពីថ្ងៃព្រហស្បតិ៍បានប្រាប់សវនាការរបស់ព្រឹទ្ធសភាថា លោក Assange មានលិខិតឆ្លងដែនដែលមានសុពលភាពដោយរំលឹកឡើងវិញពីសេចក្តីថ្លែងការណ៍មួយកាលពីខែតុលា។
សមាជិកព្រឹទ្ធសភា Rex Patrick នៃគណបក្ស Centre Alliance ដែលបានលើកឡើងអំពីករណីរបស់លោក Assange នៅក្នុងសភាបានសួរទៅកាន់មន្ត្រីនាយកដ្ឋានថាតើពួកគេបាននិយាយជាមួយសហរដ្ឋអាមេរិកហើយឬនៅអំពីការឆ្លងកាត់ដោយសុវត្ថិភាពសម្រាប់លោក Assange ប្រសិនបើគាត់ចាកចេញពីស្ថានទូត។
លោក James Larsen ប្រធានផ្នែកច្បាប់របស់នាយកដ្ឋាននេះបាននិយាយថា លោកមិនបានដឹងអំពីនីតិវិធីរបស់អាមេរិកប្រឆាំងនឹងលោក Assange ទេដូច្នេះមិនមានអ្វីត្រូវពិភាក្សាឡើយ។
គួរបញ្ជាក់ថា លោក Assange បានយកសិទ្ធជ្រកកោននៅស្ថានទូតជាលើកដំបូងក្នុងឆ្នាំ២០១២ប៉ុន្តែទំនាក់ទំនងរបស់គាត់ជាមួយប្រទេសអេក្វាឌ័រមានភាពតានតឹងកាន់តែខ្លាំងឡើង។
នៅក្នុងខែធ្នូ គាត់ត្រូវបានគេធ្វើតេស្តពិនិត្យសុខភាពជាបន្តបន្ទាប់ស្របតាមច្បាប់ថ្មីសម្រាប់ការសុំសិទ្ធិជ្រកកោនរបស់គាត់នៅស្ថានទូតដែលបានជំរុញឲ្យគាត់ប្តឹងរដ្ឋាភិបាល៕ REUTERS
Source: Kampuchea Thmey Daily
0 Comments