កំពង់ចាម ៖ មេដឹកនាំក្រុមការងារសហព័ន្ធសហជីពសម្លេងយុវជនខ្មែរបានបន្តធ្វើសកម្មភាពមនុស្សធម៌ដោយបានចុះទៅប្រគល់ជូនលំនៅឋាន ៣ខ្នងជូនដល់កម្មការិនីដែលកំពុងខ្វះខាតទីជម្រកដោយបានសាងសង់ចាប់ពីខែមករាឆ្នាំ ២០១៨ ហើយរហូតមកដល់ពេលនេះលោកបានប្រារព្ធពិធីប្រគល់ជូនពួកគាត់នៅថ្ងៃទី២៣ កុម្ភៈឆ្នាំ ២០១៩។
លោកឡុង សុផាតប្រធានសហព័ន្ធសហជីពសម្លេងយុវជនខ្មែរមានប្រសាសន៍ថា លំនៅឋានទីមួយគឺបានប្រគល់ជូនទៅអ្នកស្រីសុខជាស្រីនាងអាយុ៣២ឆ្នាំ ជាកម្មការិនីរោងចក្រខាលីងតុន(Calington)និងស្វាមីមានកូន ៥នាក់និងឪពុកម្តាយចាស់ជរានៅក្នុងបន្ទុកដែលឋិតនៅក្នុងភូមិត្រពាំងស្នោ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។
លំនៅឋានទី២ ជូនលោកស្រីរឿន ស្រុង អាយុ៣៤ឆ្នាំ កម្មការិនីរោងចក្រខាលីងតុននិងកូនបីនាក់នៅក្នុងបន្ទប់ស្ថិតនៅភូមិអារក្សឃុំត្រពាំងគរស្រុកជើងព្រៃខេត្តកំពង់ចាម។
លំនៅឋាន ទី៣- សាងសង់ជូនលោកស្រីហឿន ភា អាយុ៤០ឆ្នាំ កម្មការិនីរោងចក្រខាលីងតុននិងស្វាមីមានកូន ៥នាក់និងឪពុកម្តាយចាស់ជរានៅក្នុងបន្ទុកស្ថិតនៅភូមិច្បារអំពៅឃុំចំប៉ីស្រុកបាធាយខេត្តកំពង់ចាម។
លោកឡុង សុផាត ប្រធានសហព័ន្ធសហជីពសម្លេងយុវជនខ្មែរបានមានប្រសាសន៍ថា ផ្ទះដែលសង់ជូនកម្មការិនីក្រីក្រនោះមានទំហំ ៤គុណនឹង ៦ម៉ែត្រសង់ពីថ្មប្រក់ស័ង្កសីដែលមានតម្លៃប្រមាណ ២៧០០ដុល្លារ។ ក្នុងឱកាសនោះលោក៏បានប្រគល់ជូននូវអង្ករចំនួនមួយបាវទម្ងន់ ៥០ គីឡូក្រាម,មីមួយកេស,ត្រីខកំប៉ុងប្រអប់,ទឹកត្រី១ យួរ,ទឹកស៊ីអ៊ីវ១យួរនិងថវិកា១០ម៉ឺនរៀល។
លោកបញ្ជាក់ថា ថវិកាដែលយកទៅសង់ផ្ទះនោះគឺបានមកពីមូលនិធិសហព័ន្ធសហជីពសម្លេងយុវជនខ្មែរ,ការរៃអង្គាសពីកម្មករកម្មការិនីរោងចក្រនិងពីសប្បុរសជនមួយចំនួន។
លោកឡុង សុផាត បានមានប្រសាសន៍បន្តថា ថ្ងៃនេះរូបលោករួមជាមួយលោកអឿ សាវេតប្រធានមន្ទីរការងារខេត្តកំពង់ចាមនិងអាជ្ញាធរមូលដ្ឋាន បានប្រគល់ជូនផ្ទះចំនួន ៣ ខ្នងជូនដល់កម្មការិនីក្រីក្របំផុត។ លោកសង្ឃឹមថា នៅពេលខាងមុខនេះរោងចក្រសហគ្រាសអាចនឹងកើតនៅជិតផ្ទះបងប្អូនជាបន្តបន្ទាប់ដែលអាចរួមចំណែកកាត់បន្ថយនូវការចំណាកស្រុកនិងកាត់បន្ថយភាពក្រីក្រតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។
លោកក៏បានថ្លែងអំណរគុណទៅដល់សប្បុរសជនកម្មករកម្មការិនីទាំងអស់ដែលបានរួមចំណែកការចែករំលែកជូនទៅដល់បងប្អូនកម្មករដែលក្រីក្របំផុតដោយមិនប្រកាន់និន្នាការនយោបាយទាំងអស់។ តែលោកក៏ជាសកម្មជនគណបក្សប្រជាជនកម្ពុជាដែលបានចុះជួយការងារនៅតាមខេត្តមួយចំនួនផងដែរ៕
Source: Kampuchea Thmey Daily
0 Comments