Ad Code

លោក លឹម គានហោ ណែនាំ​ឲ្យ​លោក​ប្រធាន​មន្ទីរ បន្ត​ផ្សព្វផ្សាយ​ខ្លឹមសារ​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល ស្តីពី​ការចាត់វិធានការ​ថែរក្សា​ទឹក​ទុក



ភ្នំពេញ​ ៖ លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក បាន​ណែនាំ​ឲ្យ​លោក​ប្រធាន​មន្ទីរ បន្ត​ផ្សព្វផ្សាយ​ខ្លឹមសារ​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល ស្តី​ពី​ការ​ចាត់វិធានការ​ថែរក្សា​ទឹក​ទុក ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​ថែមទៀត ដើម្បី​ជា​ផលប្រយោជន៍​រួម​សម្រាប់​ទាំងអស់គ្នា​។



ការណែនាំ​ធ្វើឡើង​ កាលពីថ្ងៃទី​២៣ កុម្ភៈ នេះ​នា​ឱកាស​ដែល​លោក​អញ្ជើញ​ចុះ​ពិនិត្យ មើល​ស្ថានភាព​ទឹក​នៅ​ទំនប់​អាងទឹក​ត្រពាំង​ថ្ម ដែល​ស្ថិត​ក្នុង​ស្ថានភាព​រីង​គោក​ដែល​ពុំ​ធ្លាប់​ជួបប្រទះ​នាពេល​កន្លងមក។



តាម​ការ​រាយការណ៍​ពី​លោក​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា បើ​ទោះ​ជា​មានការ​ប្រជុំ​ផ្សព្វផ្សាយ​អំពី​សារាចរ​ណែនាំ​ស្តីពី​ការ​ចាត់វិធានការ​ថែរក្សា​ទឹក​ទុក ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ​ឃុំ ស្រុក ខេត្ត និង​ប្រជាពលរដ្ឋ នា​ពេល​កន្លងមក​យ៉ាងណាក៏ដោយ ក៏​បច្ចុប្បន្ន​ប្រជាកសិករ​បាន​បន្ត​ធ្វើ​ស្រូវប្រាំង​លើក​ទី​២ លើ​ផ្ទៃដី​ចំនួន​ជាង ៧០០០​ហិត​តា ដែល​អាច​នឹង​មាន​ផល​ប៉ះពាល់​មួយ​ភាគ​ធំ​នាពេលខាងមុខ​។



ក្រសួង បាន​ឲ្យ​ដឹងថា ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ លោក រដ្ឋមន្ត្រី​បាន​ប្រគល់​ភារកិច្ច​ជូន​លោក ចាន់ យុ​ត្ថា រដ្ឋលេខាធិការ​ក្រសួង​ដឹកនាំ​ការធ្វើ​ប្រឡាយ​ប្រវែង ៦​គីឡូម៉ែត្រ ដែល​រហូត​មក​ដល់​ពេលនេះ​ សម្រេច​បាន​ប្រវែង​២​គីឡូម៉ែត្រ រួចហើយ ដើម្បី​យក​ទឹក​ពី​ស្ទឹង​ស្រែង​ក្នុង​ខេត្ត​ឧត្តរមានជ័យ បញ្ចូល​មក​ទំនប់​អាងទឹក​ត្រពាំង​ថ្ម សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​បាន​នឹង​កំពុង​ជួបប្រទះ​បច្ចុប្បន្ន​។



ទន្ទឹម​នឹង​នោះ លោក រដ្ឋមន្ត្រី ក៏បាន​ណែនាំ​ឲ្យ​លោក​ប្រធាន​មន្ទីរ បន្ត​ផ្សព្វផ្សាយ​ខ្លឹមសារ​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល ស្តីពី​ការ​ចាត់វិធានការ​ថែរក្សា​ទឹក​ទុក ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​ថែមទៀត ដើម្បី​ជា​ផលប្រយោជន៍​រួម​សម្រាប់​ទាំងអស់គ្នា និង​ដោយឡែក​សម្រាប់​ប្រជាពលរដ្ឋ​ដែលជា​អ្នក​អាស្រ័យ​ផល​ពី​ទំនប់​អាងទឹក​ត្រពាំង​ថ្ម​។ ​សូម​ជម្រាប​ថា ទំនប់​អាងទឹក​ត្រពាំងថ្ម គឺជា​ប្រភពទឹក​សំខាន់ សម្រាប់​បម្រើការ​ស្រោចស្រព ការប្រើប្រាស់​ប្រចាំថ្ងៃ និង​ជា​កន្លែង​ប្រមូលផ្តុំ​សត្វ​ក្រៀល៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu