ភ្នំពេញ ៖ លោក មុត ចន្ថា អតីតនាយកខុទ្ទកាល័យរបស់លោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ បានចេញសារមួយប្រតិកម្មចំពោះលោក សោ ចាន់ដេត អតីតតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ និងជាសកម្មជនរបស់លោក សម រង្ស៉ី ដែលតែងតែចេញសារនយោបាយចាក់ដោត បញ្ឆេះកំហឹង និងមានចេតនាបន្ទច់បង្អាក់ ឬរារាំងមិនឲ្យមានការដោះលែងលោក កឹម សុខា។
ប្រតិកម្មរបស់លោក មុត ចន្ថា បានធ្វើឡើងតាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួនកាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ និងបន្ទាប់ពីលោក សោ ចាន់ដេត អតីតតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ និងជាមនុស្សរបស់លោក សម រង្ស៊ី បានចេញសារនយោបាយមួយ ដោយនិយាយបែបចាក់ដោត បញ្ឆេះកំហឹង ដើម្បីមិនឲ្យមានការដោះលែងមេដឹកនាំរបស់ខ្លួន។
លោក មុត ចន្ថា បានសរសេរថា “បើសិនជាយើងអានអត្ថាធិប្បាយ ដែលលោក សោ ចាន់ដេត បង្ហោះនៅល្ងាចនេះ យើងអាចយល់យ៉ាងច្បាស់ថា គាត់មានចេតនាចាក់ដោត ញុះញង់ និងបញ្ឆេះឲ្យមានកំហឹង ដើម្បីបន្ទច់បង្អាក់ ឬរារាំងដល់ការដោះលែងលោក កឹម សុខា។ យើងមិនអាចទទួលយកពាក្យសំដីចាក់ដោត និងញុះញង់របស់លោក សោ ចានដេត បានឡើយ ជាពិសេសនូវអ្វីដែលពាក់ព័ន្ធនិងប៉ះពាល់ដល់លោក កឹម សុខា។ លោកកឹម សុខា បានរងគ្រោះម្តងរួចមកហើយ នៅពេលដែលគេយកសេរីភាពរបស់គាត់មកធ្វើជាឧបករណ៍សម្រាប់ជាល្បែងភ្នាល់ ព្រោះវាជារឿងមិនសមរម្យ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរបុគ្គល ហើយក៏អាចប៉ះពាល់ដល់ដំណើរការនីតិវិធីច្បាប់ និងតុលាការ ជាយថាហេតុផងដែរ ទោះបីមានគេព្យាយាមបកស្រាយយកត្រូវតាមមហិច្ឆតារបស់គេយ៉ាងណាក៏ដោយ”។
លោក មុត ចន្ថា អះអាងដែរថា សហគមន៍អន្តរជាតិ ក៏បានសម្តែងពីការខកចិត្តចំពោះការរំខាននានា ដែលកើតចេញពីវោហារសាស្ត្រ ដែលមានចរិតចាក់ដោត ញុះញង់ និងបញ្ឆេះឲ្យមានកំហឹង ជាពិសេសល្បែងភ្នាល់នយោបាយ ដែលនាំឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកការស្តារនូវលទ្ធិប្រជាធិបតេយ្យ ហើយភាគីនយោបាយដទៃទៀត ក៏បានបញ្ឈប់ការឆ្លើយឆ្លងជាមួយវោហារសាស្ត្រ ដែលបង្កប់ដោយចេតនាចាក់ដោត ញុះញង់ និងបញ្ឆេះឲ្យមានកំហឹង ដែលលើកតម្កើងតម្លៃខ្លួនឯងដោយជាន់ពន្លិចអ្នកដទៃនោះផងដែរ។
តាមលោក មុត ចន្ថា មានតែមនុស្សមិនយល់អំពីទុក្ខលំបាករបស់អ្នកដទៃទេ ដែលតែងតែប្រើប្រាស់គ្រប់វិធី និងឧបាយកល ដើម្បីចាក់ដោត ញុះញង់ និងបញ្ឆេះឲ្យមានកំហឹង ដើម្បីសម្រេចនូវគោលបំណងអាក្រក់របស់ខ្លួន។ ពួកយើងនឹងមិនបណ្តោយឲ្យជនប្រភេទនេះ សម្រេចបំណងរបស់គេបានជាដាច់ខាត។
គួររំលឹកថា លោក សោ ចាន់ដេត អតីតតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ និងជាមនុស្សរបស់លោក សម រង្ស៉ី កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ បានលើកឡើងថា នៅពេលឮពាក្យថា "សម រង្ស៊ី កឹម សុខា ជាមនុស្សតែមួយ" បានធ្វើឲ្យជម្ងឺរបស់សម្តេចតេជោ ហ៊ុន សែន ចាប់ផ្ដើមរើឡើង ដោយសាតែពាក្យនេះបានចាក់ដោតចំចំណុច "ស្លាប់" របស់សម្តេច ហ៊ុន សែន ។ ចំណុច "ស្លាប់" នៅត្រង់ថា លោក កឹម សុខា ជាអ្នកនយោបាយ ដែលអាចបោកសម្តេច ហ៊ុន សែន បានទាំងទ្រព្យសម្បត្តិ បានទាំងប្រៀបយុទ្ធសាស្ត្រនយោបាយ...។
លោក កឹម សុខា ត្រូវបានចាប់ និងឃុំខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទធ្វើសន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។ យោងតាមក្រមព្រហ្មទណ្ឌបទធ្វើសន្ទិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឲ្យមានអំពើប្រទូស្តរ៉ាយ ឬឲ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី១៥ ឆ្នាំដល់៣០ឆ្នាំ តែត្រូវបានតុលាការសម្រេចដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន នៅវេលាទៀបភ្លឺឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ដោយដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយសារតែបញ្ហាសុខភាពរបស់លោក បន្ទាប់ពីឃុំខ្លួននៅក្នុងពន្ធនាគារត្រពាំងផ្លុង (ម៣) រយៈពេលជាង១ឆ្នាំ។
ការដោះលែងលោក កឹម សុខា ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនេះ បានភ្ជាប់នូវលក្ខខណ្ឌចាំបាច់មួយចំនួនសម្រាប់អតីតមេបក្សប្រឆាំងនេះ ដែលរួមមានដូចជា មិនអនុញ្ញាតឲ្យចេញក្រៅពីព្រំប្រទល់នៃដែនដីដែលខណ្ឌដោយផ្លូវលេខ៣១៣ ផ្លូវលេខ៣១១ និងផ្លូវលេខ៦០៨, ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់បុគ្គលដែលចាត់តាំងដោយចៅក្រមស៊ើបសួរ, មិនត្រូវជួបអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងបុគ្គល ឬ ជនបរទេសដែលពាក់ព័ន្ធនឹងសំណុំរឿង និងមិនត្រូវជួបជុំធ្វើសកម្មភាពនយោបាយជាដើម៕
Source: Kampuchea Thmey Daily
0 Comments