Ad Code

ក្រុម​សូល​ទី​ឡូ​អង្គរ រៀបចំ​កម្មវិធី​ចែករំលែក​បាល់ទាត់​មួយ​នៅ​ខេត្តសៀមរាប​



ក្លិប​បាល់ទាត់​សូល​ទី​ឡូ​អង្គរ (Soltilo Angkor FC) ដែលមាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប និង​ជា​សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា Metfone Cambodian League នៅ​រដូវ​កាល​ឆ្នាំ​២០១៩ ខាងមុខនេះ បានចេញ​សកម្មភាព​រៀបចំ​កម្មវិធី​ចែករំលែក​បទពិសោធ​ន៍​បាល់ទាត់​នៅក្នុង​ខេត្ត​របស់ខ្លួន​ដោយ​ការសហការ​ជាមួយ​អង្គការ​ក្រៅ​រាជរដ្ឋាភិបាល​មួយ​។



​កម្មវិធី​ចែករំលែក​ប​ទ​ពិសោធន៍​បាល់ទាត់​នេះ​មានការ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​និង​កីឡាករ​ទាំងអស់​របស់​ក្លិប​នៅ​ថ្ងៃ​ព្រ​ហ​ស្បតិ៍ សប្ដាហ៍​នេះ​។ ក្លិប​បាន​បញ្ជាក់​នៅលើ​វិ​ប​សាយ​ផ្លូវការ​របស់​ខ្លួន​ថា «​យើង​មាន​កម្មវិធី Soccer Clinic (​ចែករំលែក​បទ​ពិសោធ​ន៍​បាល់ទាត់​) នៅ​បឹងមាលា ជាមួយនឹង ASAP ដែលជា​អង្គការក្រៅរដ្ឋាភិបាល​មួយ​នៅ​ប្រទេស​ជប៉ុន​។ ពួក​យើង​បាន​ចំណាយពេល​ល្អៗ​ជាមួយ​ក្មេងៗ និង​ស្នាមញញឹម​។ សូល​ទី​ឡូ​អង្គរ នឹង​បង្កើត​កម្មវិធី​នេះ​បន្ថែមទៀត​នៅក្នុង​ប្រទេស​កម្ពុជា​»​។

នៅ​ខេត្តសៀមរាប មាន​ក្រុមបាល់ទាត់​អាជីព​ក្នុង​លី​គ​កំពូល​កម្ពុជា ចំនួន​២​បាន​កំណត់​ជ្រើស​រើសយក​ធ្វើជា​មូលដ្ឋាន​ទឹកដី​របស់​ខ្លួន ដោយ​ក្នុង​នោះ ​គឺ​ក្លិប​សូល​ទី​ឡូ​អង្គរ និង​ក្រុម​អង្គា​រថា​យ​ហ្គឺ​រ (Angkor Tiger FC)​។ យ៉ាង​ណា​ក្តី​ក្លិប​ទាំង​២​សុទ្ធតែ​បញ្ចេញ​សមត្ថភាព​រៀងៗ​ខ្លួន​ទាំង​ការធ្វើសកម្មភាព​សង្គម សកម្មភាព​អភិវឌ្ឍន៍​បាល់ទាត់​និង​ពង្រឹង​បច្ចេកទេស​រៀងៗ​ខ្លួន​។



សូម​បញ្ជាក់​ថា ​ក្រុម​សូល​ទី​ឡូ​អង្គរ កាលពី​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំរ​បស់​លោក Yuki Matsuda​ដែល​ជា ​គ្រូបង្វឹក​ចាស់ បាន​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១០ ក្នុងចំណោម​សមាជិក​ទាំង​១២​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា រដូវ​កាល​ឆ្នាំ​២០១៨​ក្រោយ​រកបាន​ជ័យជម្នះ​ចំនួន​៥ លើក ហើយ​ធ្លាប់​ស្មើ​៥ លើក​និង​ចាញ់​១២ លើក​មាន​២០​ពិន្ទុ ដែល​អាច​បន្ត​ក្នុង​លី​គ​កំពូល​រដូវ​កាល​បន្ទាប់​ទៀត​។ ចំណែក​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ​ក្រុម​សូល​ទី​ឡូ​អង្គរ បាន​ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ បន្ទាប់ពី​ចាញ់​គូ​ប្រជែង​ក្នុង​ខេត្តតាកែវ​តែ​មួយ​គឺ​អង្គរថាយ​ហ្គឺរ ដោយ​លទ្ធផល​ទាំង២ជើង​៣ទល់២៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu