Ad Code

ចៅសង្កាត់​១​រូប ក្នុង​ខេត្ត​រតនគិរី ថា​ មូលដ្ឋាន​នឹង​កាន់តែ​មានការ​អភិវឌ្ឍ បន្ទាប់ពី​រាជរដ្ឋាភិបាល​ប្រកាស​ផ្តល់​ថវិកា​អភិវឌ្ឍន៍​ឃុំ​-​សង្កាត់ កាន់​តែ​ច្រើន​



​រតនគិរី ៖ បន្ទាប់ពី​ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ប្រកាសថា ​នៅ​ឆ្នាំ​២០២០ រាជរដ្ឋាភិបាល ​នឹង​បង្កើន​ថវិកា​អភិវឌ្ឍន៍​តាម​ឃុំ​-​សង្កាត់​នានា រហូតដល់​ជាង​៧​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក និង​បន្ត​បន្ថែម​ថវិកា​ជា​បន្តបន្ទាប់ ​រហូតដល់​១១​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក នៅ​ឆ្នាំ​២០២៣ ហើយ​នោះ លោក ទុន ពៅ ចៅសង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្ត​រតនគិរី បាន​ថ្លែងប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៤​កុម្ភៈ​ថា គម្រោង​របស់​រាជរដ្ឋាភិបាល​ ដែល​គ្រោង​នឹង​ទម្លាក់​កញ្ចប់​ថវិកា​អភិវឌ្ឍន៍​ឃុំ​-​សង្កាត់​ខាងលើនេះ នឹង​កាន់តែ​អាច​ឆ្លើយតប​ទៅ​នឹង​តម្រូវការ ក៏ដូចជា​ការ​សំណូម​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​កាន់តែ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ចំពោះ​ការ​អភិវឌ្ឍ និង​ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន។​

ទន្ទឹម​នឹង​នោះ ចៅសង្កាត់​កាចា​ញ​រូបនេះ ក៏បាន​បង្ហាញ​ការ​សាទរ​ចំពោះ​រាជរដ្ឋាភិបាល ដែល​ប្រកាស​ថា ​នៅ​ឆ្នាំ​២០២០ នឹង​បង្កើន​ថវិកា​អភិវឌ្ឍន៍​តាម​ឃុំ​-​សង្កាត់​នានា រហូតដល់​ជាង​៧​ម៉ឺន ៣​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​ដែល​បច្ចុប្បន្ន ថវិកា​អភិវឌ្ឍន៍​ឃុំ​-​សង្កាត់ មាន​ត្រឹមតែ​ជាង​៣​ម៉ឺន ៥​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក​តែប៉ុណ្ណោះ។​

​លោក ទុន ពៅ ក៏បាន​ប្ដេជ្ញា​ថា​ នឹង​ប្រើប្រាស់​កញ្ចប់​ថវិកា​អភិវឌ្ឍន៍​ឃុំ​-​សង្កាត់ ដែល​រាជរដ្ឋាភិបាល​ទម្លាក់​ឲ្យ​នោះ ​​យក​ទៅ​អនុវត្តន៍​ឲ្យ​ចំ​គោលដៅ និង​សមស្រប​ទៅតាម​អ្វី​ដែល​ជា​ការ​ស្នើសុំ ឬ​ក៏​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ចង់បាន។​

​បន្ថែម​ពីនេះ លោក ទុន ពៅ ក៏បាន​បញ្ជាក់​អំពី​វិសាលភាព​របស់​សង្កាត់​ថា សង្កាត់​កាចា​ញ គឺជា​សង្កាត់​មួយ​ដែលមាន​ភូមិ​ចំនួន​៤ ចំណុះ​ស្ថិតនៅក្នុង​ក្រុង​បាន​លុង ហើយ​មាន​ផ្ទៃដី​ចំនួន​៤.៥០០ ហិក​តា ក្នុងនោះដែរ​ មាន​ចំនួន​ប្រជាពលរដ្ឋ​រស់នៅ​សរុប​១.៦៩៣​គ្រួសារ ស្មើ​នឹង​ចំនួន​ប្រជាពលរដ្ឋ ៦.៨៧៥​នាក់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu