លោកគីមជុងអ៊ុនបានមកដល់ទីក្រុងហាណូយកាលពីថ្ងៃអង្គារមុនកិច្ចប្រជុំកំពូលជាលើកទីពីរជាមួយលោកដូណាល់ត្រាំខណៈពិភពលោកកំពុងឃ្លាំមើលយ៉ាងជិតស្និទ្ធិអំពីដំណើរការលើកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។
បន្ទាប់ពីកិច្ចប្រជុំជាប្រវត្តិសាស្ត្រលើកដំបូងនៅក្នុងប្រទេសសិង្ហបុរីកាលពីខែមិថុនាដែលជាលទ្ធផលទទួលបានសេចក្តីថ្លែងការណ៍មិនច្បាស់លាស់អំពីការលុបបំបាត់អាវុធនុយក្លេអ៊ែរ, ក្រុមអ្នកវិភាគបាននិយាយថា កាលបរិច្ឆេទទីពីរត្រូវតែផ្តល់នូវជំហានជាក់ស្តែងបន្ថែមទៀតក្នុងការរុះរើឃ្លាំងអាវុធរបស់ទីក្រុងព្យុងយ៉ាង។
ស្ថានីយព្រំដែនវៀតណាម Dong Dang ដែលធ្លាប់តែមានសភាពស្ងប់ស្ងាត់គឺបានប្រែក្លាយទៅជាភាពអ៊ូអរខុសពីធម្មតាសម្រាប់ការមកដល់របស់លោកគីមបន្ទាប់ពីការធ្វើដំណើររយៈពេលពីរថ្ងៃកន្ទះក្នុងចម្ងាយ៤,០០០គីឡូម៉ែត្ររបស់មេដឹកនាំវ័យក្មេងរូបនេះដែលឆ្លងកាត់ប្រទេសចិនតាមរថភ្លើងពណ៌បៃតងរបស់គាត់។
ឆ្មាំកិត្តិយសក្នុងឯកសណ្ឋានពណ៌សបានបង្ហាញកាំភ្លើងនៅពេលលោកគីមដើរតាមកម្រាលព្រំពណ៌ក្រហមដែលព័ទ្ធជុំវិញដោយជំនួយការនិងបុគ្គលិកសន្តិសុខ។
ដោយស្លៀកពាក់ឈុតពណ៌ខ្មៅនិងអមដោយកងអង្គរក្សរបស់គាត់ លោកគីមត្រូវបានគេនាំចូលទៅក្នុងរថយន្ត Mercedes-Benz មួយគ្រឿងដែលកំពុងរង់ចាំហើយក្បួនដង្ហែរបស់គាត់បានធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងហាណូយដែលជាកន្លែងរថពាសដែកបានធ្វើការល្បាតនៅលើផ្លូវថ្នល់ចំពេលដែលមានសន្តិសុខតឹងរ៉ឹង។
គាត់ត្រូវបានទទួលការស្វាគមន៍នៅទីក្រុងហាណូយដោយហ្វូងមនុស្សនៅក្បែររោងល្ខោន Hanoi Opera House សម័យអាណានិគមមុននឹងមកដល់សណ្ឋាគារ Melia ដែលជាកន្លែងគាត់ត្រូវបានគេរំពឹងថានឹងស្នាក់នៅក្នុងសប្តាហ៍នេះ។
ចំណែកលោក ត្រាំ វិញកំពុងធ្វើដំណើរតាមផ្លូវនៅលើយន្តហោះ Air Force One ដើម្បីចូលរួមកិច្ចប្រជុំកំពូលនេះហើយត្រូវបានគេរំពឹងថានឹងមកដល់ទីក្រុងហាណូយនៅយប់ថ្ងៃអង្គារ។
មានសេចក្តីលម្អិតតិចតួចណាស់អំពីកិច្ចប្រជុំកំពូលនេះប៉ុន្តែអ្នកនាំពាក្យសេតវិមានលោកស្រី Sarah Sanders បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ថា មេដឹកនាំទាំងពីរនឹងទទួលទានអាហារពេលល្ងាចរួមគ្នានៅថ្ងៃពុធរួមជាមួយនឹងទីប្រឹក្សាជិតស្និទ្ធ៕ AFP
Source: Kampuchea Thmey Daily
0 Comments