កំពង់ចាម ៖ ប្រាក់កសាងវត្ត និងប្រាក់ផ្ទាល់ខ្លួនរបស់លោកចៅអធិការ ត្រូវជនសង្ស័យ ធ្វើសកម្មភាពគាស់ទូលួចអស់ ក្នុងខណៈពេលដែលលោកអធិការនិមន្តចេញក្រៅ ហើយសមត្ថកិច្ច បាននិងកំពុងស្រាវជ្រាវរកអត្តសញ្ញាណជនសង្ស័យ តែមិនទាន់ទទួលលទ្ធផលនៅឡើយ។
ប៉ូលិសបានឲ្យដឹងថា នៅថ្ងៃទី26 ខែកុម្ភៈ ឆ្នាំ2019 ម៉ោង06និង45នាទី ប៉ុស្តិ៍រដ្ឋបាលខ្វិតធំ បានទទួលព័ត៌មានថា កាលពីថ្ងៃទី25ខែកុម្ភៈ ឆ្នាំ2019 ក្នុងចន្លោះពីម៉ោង14ទៅម៉ោង18នាទី មានករណីលួច គាស់កាត់សោចូលលួចទ្រព្យសម្បត្តិ នៅក្នុងវត្តពោធិគ្រង ស្ថិតក្នុងភូមិប្រធាតុ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា កាលពីថ្ងៃទី25 ខែកុម្ភៈ ឆ្នាំ2019 លោកគ្រូ ហេង អេងធី ព្រះជន្មាយុ27 ព្រះវស្សាជាចៅអធិការវត្តពោធិគ្រងនិមន្តទៅវត្តពាមក្នុង ស្រុកកងមាស ហើយឲ្យព្រះសង្ឃ4អង្គគង់ចាំនៅវត្តពោធិគ្រងមាន ៖
1.ព្រះនាមអនសម្បត្តិ ព្រះជន្មាយុ19ព្រះវស្សា
2.ព្រះនាម យុន រ៉ាវីត ព្រះជន្មាយុ15ព្រះវស្សា
3.ព្រះនាម មឿន សុវីន ព្រះជន្មាយុ17ព្រះវស្សា
4.ព្រះនាមអន សំបូរ ព្រះជន្មាយុ19ព្រះវស្សា។
ប្រភពដដែលបានបន្តថា លុះដល់វេលាម៉ោង18ថ្ងៃខែឆ្នាំដដែល លោកគ្រូចៅអធិការ បាននិមន្តវិលត្រឡប់មកដល់វត្តវិញ ឃើញនៅបន្ទប់មុខមានការគាស់ទ្វារចូលទៅកាត់ផ្ដាច់សោបន្ទប់លួចបាត់លុយអស់ចំនួន ៖ 9400000 រៀល ក្នុងនោះលុយផ្ទាល់ខ្លួនរបស់លោកគ្រូចំនួន7.000.000រៀល និងលុយកសាងចំនួន2.400.000រៀល។ ក្រៅពីនោះមានការកាត់ផ្ដាច់សោបន្ទប់ក្រោយក្នុងសាលាឆាន់ តែពុំមានការបាត់បង់អ្វីទេ។
លុះដល់ម៉ោង06និង45នាទីព្រឹក ថ្ងៃទី26 ខែកុម្ភៈ ឆ្នាំ2019ទើបលោកគ្រូចៅអធិការវត្ត មកដាក់ពាក្យបណ្ដឹង និងសំណូមពរសុំឲ្យសមត្ថកិច្ចនគរបាលយើង ជួយស្រាវជ្រាវរកជនល្មើស។
ប៉ូលិសបានបន្តថា ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញស្រុក និងប៉ុស្តិ៍រដ្ឋបាលចុះទៅដល់កន្លែងកើតហេតុ បើកការស៊ើបអង្កេត ស្រាវជ្រាវកសាងសំណុំរឿងតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments