Ad Code

កងកម្លាំង​ស៊ី​រី​ធ្វើការ​ជម្លៀស​ដ៏​ធំ​មួយ​ចេញពី​ទឹកដី​ចុងក្រោយ​របស់​ក្រុម IS



កងកម្លាំង​ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​បាន​ជម្លៀស​រថយន្ត​ផ្ទុក​មនុស្ស​ជាង​៤០​គ្រឿង​ចេញ​ទឹកដី​ចុងក្រោយ​របស់​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ប្រទេស​ស៊ី​រី​កាលពី​ថ្ងៃ​ចន្ទ​ ខណៈដែល​ពួកគេ​ព្យាយាម​បោសសម្អាត​ជន​ស៊ីវិល​មុនពេល​ការវាយលុក​ចុងក្រោយ​ដើម្បី​កម្ចាត់​ពួក​ជី​ហាដ​និយម​។​

កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី (SDF) បាន​ពន្យឺត​ការវាយលុក​របស់​ពួកគេ​លើ​ចំណុច​ចុងក្រោយ​ដោយសារតែ​វត្តមាន​នៃ​ជន​ស៊ីវិល។

អ្នកឆ្លើយឆ្លង​ព័ត៌មាន AFP ម្នា​ក់បាន​មើលឃើញ​រថយន្ត​ធុន​ធំ​យ៉ាងហោចណាស់​៤៦​គ្រឿង​ដែល​ផ្ទុក​កកកុញ​ទៅដោយ​បុរស ស្ត្រី​និង​កុមារ​កំពុងធ្វើដំណើរ​ទៅកាន់​មូលដ្ឋាន​របស់ SDF ដែល​ស្ថិតនៅ​ចម្ងាយ​២០​គីឡូម៉ែត្រ​ភាគ​ខាងជើង​នៃ​បន្ទាយ​របស់​ក្រុម​ជី​ហាដ​និយម។

រថយន្ត​មួយគ្រឿង​ត្រូវ​ណែន​តាន់តាប់​ទៅដោយ​ស្ត្រី​ស្លៀកពាក់​ខ្មៅ​និង​បុរស​ដែល​គ្រប​មុខ​របស់​ពួកគេ​។ អ្នករងរបួស​ក៏​ស្ថិតក្នុង​ចំណោម​អ្នក​ដែល​ត្រូវគេ​ជម្លៀស​ចុងក្រោយ​បំផុត​នេះ​ផងដែរ។

អ្នក​ប្រយុទ្ធ​ក្រុម IS និង​ជន​ស៊ីវិល​ដែល​ភាគច្រើន​ជា​សាច់ញាតិ​នៃ​ពួក​ជី​ហាដ​និយម​មួយ​នេះ​ត្រូវ​ជាប់​នៅ​ខាងក្នុង​ផ្ទៃដី​តិចជាង​កន្លះ​គីឡូ​ម៉ែត្រការ៉េ​នៅក្នុង​ភូមិ Baghouz ក្បែរ​ព្រំដែន​អ៊ីរ៉ាក់​។​
SDF ដែល​ដឹកនាំ​ដោយ​ពួក​ឃើ​ដ​បាន​ជម្លៀស​មនុស្ស​ប្រុស​ស្រី​និង​កុមារ​ជិត​៥,០០០​នាក់​ចេញពី​មូលដ្ឋាន​ក្រុម​ជី​ហាដ​និយម​កាលពី​ថ្ងៃ​ពុធ​និង​ថ្ងៃ​សុក្រ​ប៉ុន្តែ​មិន​ធ្វើឡើង​នៅ​ចុង​សប្តាហ៍​ទេ។

កាលពី​ព្រឹក​ថ្ងៃ​ចន្ទ អ្នកនាំពាក្យ​របស់ SDF លោក Mustefa Bali បាន​និយាយថា មនុស្ស​រាប់ពាន់នាក់​នៅ​តែ​ស្ថិតក្នុង​ទឹកដី​របស់​ក្រុម IS ។

លោក Bali បាន​ប្រាប់ AFP ថា “​យោងទៅតាម​អ្វីដែល​យើង​បានឮ​ពី​អ្នក​ដែល​បាន​ចាកចេញ មាន​មនុស្ស​ជិត​៥,០០០​នាក់​ទៀត​នៅតែ​ស្ថិតនៅ​ខាងក្នុង​នោះ​”​។​

មន្ត្រី​កិច្ចការបរទេស​ឃើ​ដលោក Abdel Karim Omar បាន​និយាយថា SDF នឹង​ប្រកាស​ពី​ការបញ្ចប់​នៃ​រដ្ឋ​របស់​ក្រុម IS ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។ ប៉ុន្តែ​លោក​និយាយថា “​នេះ​មិនមែន​មានន័យថា យើង​បាន​លុបបំបាត់​អំពើ​ភេរវកម្ម​ដែល​ត្រូវតែ​កម្ចាត់​ឲ្យ​ដល់​ឫសគល់​នោះទេ​”៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu