Ad Code

កម្ពុជា​-​ឡាវ ជំរុញ​ឲ្យ​ក្រសួងការបរទេស ​នៃ​ប្រទេស​ទាំងពីរ បញ្ចប់​សេចក្ដីព្រាង​បែបបទ​បច្ចេកទេស TOR ឲ្យ​បាន​ឆាប់ ដើម្បី​ផ្ញើ​ជូន​ប្រធានាធិបតី​បារាំង​



ភ្នំពេញ ​៖ ការជំរុញ​នេះ បាន​ធ្វើឡើង​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្ដម​ឧបនាយក​រដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ដើម្បី​ចូលរួម​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី កម្ពុជា​-​ឡាវ លើក​ទី​១៣ នៅ​រដ្ឋធានី​វៀងចន្ទន៍ ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៩​។​

សេចក្ដីប្រកាស​ព័ត៌មាន​ពី​ក្រសួងការបរទេស​បាន​ឲ្យ​ដឹងថា តប​តាម​ការអញ្ជើញ​របស់ លោក​ សា ​លើ​ម​សៃ គុំ​ម៉ា​ស៊ីត រដ្ឋមន្ត្រីការបរទេស​ នៃ​សាធារណរដ្ឋ ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ និង​ធ្វើជា​សហ​ប្រធាន​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា​-​ឡាវ លើក​ទី​១៣ នៅ​រដ្ឋធានី​វៀងចន្ទន៍ ប្រទេស​ឡាវ​។

នៅមុន​កិច្ចប្រជុំ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង​ឯកឧត្ដម សា​លើ​ម​សៃ គុំ​ម៉ា​ស៊ីត បាន​ជួប​ប្រជុំ​ទ្វេភាគី ដែល​ក្នុងនោះ រដ្ឋមន្ត្រីការបរទេស​ទាំងពីរ បាន​ផ្លាស់ប្ដូរ​ព័ត៌មាន​ស្ដីពី​ការវិវត្តន៍​នយោបាយ​ថ្មីៗ​នៅក្នុង​ប្រទេស​រៀងៗ​ខ្លួន​។

ភាគី​ទាំង​ពីរបាន​ពិភាក្សាគ្នា​យ៉ាង​ស្និទ្ធស្នាល លើ​វិស័យ​កិច្ចសហប្រតិបត្តិការ​ជាច្រើន ក្នុងឱកាស​កិច្ច​ប្រជុំ​គណៈកម្មការ​ចម្រុះ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើក​ទី​១៣​។​

ដោយ​កត់សម្គាល់​ឃើញថា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ បាន​និង​កំពុង​រីកចម្រើន ប៉ុន្តែ​នៅ​មាន​កម្រិត​នៅឡើយ ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​សម្រួល​ពាណិជ្ជកម្ម​ទ្វេភាគី​បន្ថែម​ទៀត ដើម្បី​បង្កើន​ការអនុវត្ត​កិច្ចព្រមព្រៀង​ស្តីពី​ការជំរុញ និង​ការការពារ​វិនិយោគ និង​បង្កើត​បរិយាកាស​អំណោយ​ផល​ដល់​វិនិយោគិន ដើម្បី​លើកកម្ពស់​លំហូរ​ចេញ​-​ចូល​នៃ​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ​។​

ចំពោះ​វិស័យ​សន្តិសុខ ភាគី​ទាំង​ពីរ បាន​ឯកភាព​បន្ត​ចែករំលែក និង​ផ្លាស់ប្ដូរ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស និង​លើកកម្ពស់​កិច្ច​សហ​ប្រតិបត្តិការ​រវាង​កង​យោធពល​ខេមរភូមិន្ទ​កម្ពុជា និង​កងទ័ព​ប្រជាជន​ឡាវ តាមរយៈ​ការ​ផ្លាស់ប្ដូរ​ទស្សនកិច្ច​គ្រប់​កម្រិត​។

កិច្ច​ប្រជុំ បាន​ស្វាគមន៍​ការរៀបចំ​បឋម នៃ​ការ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ដោយ​រថយន្ត​ដឹក​អ្នកដំណើរ​រវាង​កម្ពុជា និង​ឡាវ ជាពិសេស​រវាង​ភ្នំពេញ​-​ប៉ាក់​សេ និង​សៀមរាប​-​ប៉ាក់​សេ​។ ភាគី​ទាំងពីរ ​ក៏បាន​ឯកភាពគ្នា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អាកាសចរណ៍​ស៊ីវិល លើ​ផ្នែក​សុវត្ថិភាព សន្តិសុខ ការអភិវឌ្ឍ​ផ្លូវ​អាកាស និង​ការផ្លាស់ប្ដូរ​ការ​បណ្ដុះបណ្ដាល និង​ពិនិត្យ​លទ្ធភាព​បង្កើន​ការហោះហើរ​ត្រង់​បន្ថែម​ទៀត រវាង​ប្រទេស​ទាំងពីរ​។​

ចំពោះ​បញ្ហា​ព្រំដែន ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា​អំពី​ការ​ដោះស្រាយ និង​លើកទឹកចិត្ត​ឲ្យ​ក្រសួង​ការ​បរទេស ​នៃ​ប្រទេស​ទាំងពីរ បញ្ចប់​សេចក្ដីព្រាង​បែបបទ​បច្ចេកទេស (TOR) ឲ្យ​បាន​ឆាប់ ស្របតាម​ខ្លឹមសារ​ នៃ​លិខិត​រួម​របស់​នាយករដ្ឋមន្ត្រី​ទាំងពីរ ចុះ​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៧ ផ្ញើ​ជូន​ប្រធានាធិបតី​បារាំង​។ ភាគី​ទាំងពីរ ​ក៏បាន​ឯកភាព​លើកកម្ពស់​ការយល់ដឹង​របស់​ប្រជាជន​របស់ខ្លួន លើ​ឯកសារ​ព្រំដែន​ដែល​ត្រូវបាន​ព្រមព្រៀង​ដោយ​ប្រទេស​ទាំងពីរ ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​ការ​លើក​កម្ពស់​សកម្ម​ភាព​ដូចជា អន្តោប្រវេសន៍​ខុសច្បាប់ ពាណិជ្ជកម្ម​ខុសច្បាប់ និង​ការ​ឆ្លងដែន​ខុស​ច្បាប់​តាម​បណ្ដោយ​ព្រំដែន​។ កិច្ចប្រជុំ​ ក៏បាន​ឯកភាព​អំពី​ការ​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​ផ្សេងៗ​ទៀត ដែល​ក្នុង​នោះ​រួមមាន អប់រំ ព័ត៌មាន កសិកម្ម ទេសចរណ៍ វប្បធម៌ សុខភាព​សាធារ​ណៈ ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ច្បាប់ និង​កិច្ច​សហ​ប្រតិបត្តិការ​តុលាការ និង​កិច្ច​សហ​ប្រតិបត្តិ​ការ​កុងស៊ុល​។​

ក្រៅពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ភាគី​ទាំងពីរ​បាន​សម្តែង​នូវ​ការ​ប្ដេជ្ញា​ចិត្ត​បន្ត​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​យន្តការ​ថ្នាក់​អនុ​តំបន់ និង​តំបន់ ឆ្ពោះ​ទៅ​រក​សមាហរណកម្ម និង​ការ​តភ្ជាប់​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​គ្រប់​ជ្រុងជ្រោយ​។​

នៅពេល​បញ្ចប់​កិច្ចប្រជុំ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង​ ឯកឧត្តម សា​លើ​ម​សៃ គុំ​ម៉ា​ស៊ីត បាន​ចុះហត្ថលេខា​លើ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើក​ទី​១៣ និង​បាន​ឯកភាព​រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើក​ទី​១៤ នៅ​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​២០២១​។​

សូមបញ្ជាក់ថា នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់ លោក ថោ​ន​លន់ ស៊ី​សូលី​ត មកកាន់​ប្រទេស​កម្ពុជា នៅ​ក្នុង​ជំនួប​ជួបពិភាក្សា​ការងារ​ជាមួយ​ សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃទី​១ ខែ​កញ្ញា ឆ្នាំ​២០១៧ ប្រមុខ​រដ្ឋាភិបាល​ នៃ​ប្រទេស​ទាំងពីរ (​កម្ពុជា​-​ឡាវ​) បាន​ឯកភាព​គ្នា​៤​ចំណុច ដែល​ក្នុងនោះ ចំណុច​ទី​៤. ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​ធ្វើ​លិខិត​ទៅ​ប្រធានាធិបតី​បារាំង​សុំ​ឲ្យ​ជួយផ្តល់​អ្នកជំនាញ​ក្នុងការ​ផ្ទេរ​ផែនទី​បារាំង​ពី​ខ្នាត​១/១០០.០០០​មក​១/៥០.០០០ និង​ផ្តល់​ឯកសារ​សំខាន់ៗ​ទាក់ទង​ទៅនឹង​ព្រំដែន នៃ​ប្រទេស​ទាំងពីរ​កម្ពុជា និង​ឡាវ​។​

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​នាពេល​នោះដែរ​ថា ប្រទេស​ទាំងបី​នៅ​ឥណ្ឌូចិន​នេះ សុទ្ធតែ​ស្ថិត​ក្រោម​អាណានិគមនិយម​បារាំង ដូចនេះ​បារាំង​ ត្រូវ​មាន​ការទទួលខុសត្រូវ​ជួយ​ដល់​កម្ពុជា​លើ​បញ្ហា​នេះ​។

មូលដ្ឋាន​ដែល​បារាំង​ផ្តល់​ឲ្យ គឺ​ផែនទី​ខ្នាត​១/១០០.០០០ ប៉ុន្តែ​ការ​ធ្វើ​ខ្សែ​ព្រំដែន​វា​មិន​អាច​ប្រើប្រាស់​នូវ​ខ្នាត​១/១០០.០០០ បានទេ ត្រូវ​ប្រើ​ខ្នាត​១/៥០.០០០ ដែលជា​ផែនទី​ដើម​របស់​បារាំង​។ ដូច្នេះ​វិធី​ដែល​ល្អ​បំផុត គឺ​ស្នើសុំ​អ្នកជំនាញ​បារាំង​មក​ធ្វើ​ការផ្ទេរ​ផែនទី​នេះ និង​សុំ​ឲ្យ​បារាំង​ផ្តល់​ឯកសារ​បន្ថែម​ពាក់ព័ន្ធ​បញ្ហា​ព្រំដែន រវាង​ប្រទេស​ទាំងពីរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu