Ad Code

គំរាម​សម្លាប់​ប្រពន្ធ ​និង​ដុត​ផ្ទះ​របស់​ខ្លួន ​សមត្ថកិច្ច​ ​មក​ជួយ​ ​ប្រើ​ចម្ពាម​បាញ់​របួស​ជា​ច្រើន​នាក់



កំពង់ចាម ៖ មាន​ការ​ភ្ញាក់ផ្អើល​មួយ​ បាន​កើតឡើង​ កាលពី​ថ្ងៃទី​១៤ ខែ​កុម្ភៈ ​ឆ្នាំ​២០១៩ វេលា​ម៉ោង​១២​និង​០០​នាទី​ នៅ​ភូមិ​តា​អុង ឃុំ​បឹង​ណាយ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ដោយសារ​បុរស​ម្នា​ក់​បាន​គំរាម​សម្លាប់ ​និង​ដុត​ផ្ទះ​របស់ខ្លួន​។​

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ជន​បង្ក​មានឈ្មោះ នួន ទី​លុន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​(​មាន​ជំងឺ​សរសៃ​ប្រសាទ​) រស់នៅ​ភូមិ​តា​អុក ឃុំ​បឹង​ណាយ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម បាន​ដុត​ផ្ទះ​របស់​ខ្លួន​មាន​ទំហំ​៧×៨​ម៉ែត្រ ព្រមទាំង​គំរាម​កាប់សម្លាប់​ប្រពន្ធ​កូន​ទៀតផង​។

ប៉ូលិស​បាន​បន្ត​ថា ​នៅពេលនោះ ក្រុម​គ្រួសារ​ប្រពន្ធ​កូន​បាន​ផ្តិតមេដៃ​លើ​លិខិត​សំណូមពរ​ សូមឲ្យ​សមត្ថកិច្ច​ជួយ​ធ្វើ​អន្តរាគមន៍​ចាប់​ឃាត់ខ្លួន​ជនបង្ក​យកទៅ​ផ្ដន្ទាទោស​តាមច្បាប់ ​ក្នុងករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ ដើម្បី​ធានា​សុវត្ថិភាព​របស់​ពួកគាត់​។​

ប៉ូលិស​បាន​បន្តថា បន្ទាប់ពី​បានទទួល​សំណូមពរ​ភ្លាម លោក​វរសេនីយ៍ឯក កែវ ស៊ា​ង​ហ៊ាន់ អធិការ​នគរបាល​ស្រុក​ព្រៃឈរ​ បាន​ដឹកនាំ​កម្លាំង​នគរបាល​អធិការដ្ឋាន និង​ប៉ុស្តិ៍​រដ្ឋបាល​ ចុះ​ជួយ​ពន្លត់ភ្លើង​បាន​ទាន់ពេលវេលា​។​

ប៉ូលិស​បាន​បន្តថា​ ចំណែក ​ឈ្មោះ ​នួន ទី​លុន (​ជា​ជនបង្ក​)​ ដែល​បាន​ដុត​ផ្ទះ​នោះ ត្រូវ​កម្លាំង​សមត្ថកិច្ច​ធ្វើការ​លួងលោម ចរចា តែ​មិនបាន​សម្រេច ដោយ​ជនបង្ក​នៅក្នុង​ផ្ទះ​ចាក់សោ​ទ្វារ​ពី​ខាងក្នុង​និង​កាន់​កាំបិត​ខ្វែវ​, ពូថៅ ដាវ​ និង​យក​ចម្ពាម​កៅស៊ូ​បាញ់​គ្រាប់​ដែក មក​លើ​សមត្ថកិច្ច​បណ្ដាល​ឲ្យ​រង​របួស​០៣​នាក់ ​និង​ត្រូវ​ប្រជាពលរដ្ឋ​រង​របួស​០២​នាក់​ទៀត​។

ប៉ូលិស​បាន​បន្តថា រហូតដល់​វេលា​ម៉ោង​២១​និង​០៨​នាទី​ ទើប​សមត្ថកិច្ច​បានការ​អនុញ្ញាត​ពី​លោក​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​កំពង់ចាម​សម្រេច​គាស់​ដំបូល​ និង​រុះរើ​ជញ្ជាំង​សម្រុក​ឡើងលើ​ដំបូល​ទៅ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​បាន​។​

ប៉ូលិស​បានបញ្ជាក់​ថា បច្ចុប្បន្ន​ជនសង្ស័យ ​ត្រូវបាន​នាំខ្លួន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​ឈរ​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu