Ad Code

គាស់​សោ​បន្ទប់​ទីចាត់ការ​សាលារៀន លួច​សម្ភារៈ​សរុប ជាង​៥​លានរៀល​



​បាត់ដំបង ៖ សម្ភារៈ​មានតម្លៃ​មួយចំនួន ដែលជា​របស់​ទីចាត់ការ​សាលារៀន​ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ ធ្វើ​សកម្មភាព​គាស់​សោ​ទ្វារ​ចូល​ប្រមូលយក​គ្មាន​សល់​ ដោយ​គ្មាន​បន្សល់​នូវ​វត្ថុតាង​អ្វី​បន្តិច​ទាល់​តែ​សោះ ហើយ​នេះ​ក៏​ជា​ករណី ស្ទើរ​រាប់​ភ្លេច​ទៅហើយ ក្នុងចំណោម​ករណី​លួច​នៅលើ​ទឹកដី​ស្រុក​ថ្ម​គោល។​



​នៅ​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក មានការ​ឆោឡោ​មួយ​បាន​កើតឡើង​នៅ​ក្នុង​បរិវេណ​សាលា បឋមសិក្សា គោក​ក្តួច​ ស្ថិតក្នុង​ស្រុក​ថ្មគោល ខេត្តបាត់ដំបង បន្ទាប់ពី​លោក​នាយក​សាលា ឈ្មោះ ហង្ស ប៊ុន​ហៀ​ង អាយុ​៤៧​ឆ្នាំ បានធ្វើ​ដំណើរ​មកដល់​ទីចាត់ការ ហើយ​បាន​ឃើញ​សោ​ទ្វារ មាន​ស្នាម​គាស់។​

​យោងតាម​ពាក្យបណ្ដឹង​របស់លោក​នាយក​បាន​បញ្ជាក់ថា ខណៈដែល​លោក បាន​មកដល់​បន្ទប់​ទីចាត់ការ ឃើញ​ទ្វារ​បន្ទប់​របើក​ស្នាម​គាស់​សោ ទើប​លោក​បាន​ចូលទៅ​មើល​នៅ​ខាងក្នុង​បន្ទប់ គឺ​មាន​ការបាត់បង់​សម្ភារៈ​មួយចំនួន​រួមមាន ៖ ហិប​សង្គ្រោះ​ចំនួន១ ទ្បេ​ប​ថប ចំនួន៣គ្រឿង ( ម៉ាក​សូ​នី​ពណ៌​ខ្មៅ​១ ម៉ាក​HP​ពណ៌​១ និង ម៉ាក​Master​ពណ៌​ខ្មៅ​១ ) ម៉ាស៊ីន​ព្រី​ន​ចំនួន១គ្រឿង ម៉ាក​HPអំភ្លី​ចំនួន១គ្រឿង អំភ្លី​បាស ចំនួន១គ្រឿង មីក្រូហ្វូន ចំនួន២ និង អេ​ហ្វ​អឹម​មីក្រូហ្វូន​ចំនួន១គ្រឿង សរុប​ជា​ទឹកប្រាក់ ចំនួន​៥.៣៧០.០០០​រៀល។



​គួរ​បញ្ជាក់ថា កន្លងមក​ករណី​គាស់​ទម្លុះទម្លាយ​របស់​ជ​ន​មិន​ស្គាល់មុខ នៅលើ​ទឹកដី​ស្រុក​ថ្មគោល ហាក់​ដូចជា​មិន​រំខាន​ដល់​សមត្ថកិច្ច ពិសេស​គឺ លោក​អធិការ ផង់ សុភាព បន្តិច​ណា​ទាល់តែសោះ ដូច្នេះហើយ​បានជា​ករណីនេះ​ចេះ​តែ​កើតមាន​ឡើងជា​ហូរហែ ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ ដែល​បញ្ហា​នេះ គេ​មិនដឹងថា ​តើ​លោក​អធិការ​កំពុង​រវល់​ការងារ​ក្រៅ ​ឬក៏​យ៉ាងណា​នោះ​ទេ៕

 

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu