ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំយុវជន និងកីឡា បានថ្លែងថា ដើម្បីកាត់បន្ថយចំណាកស្រុក គឺចាំបាច់ត្រូវបង្កើតការងារឲ្យកាន់តែច្រើននៅក្នុងប្រទេស តាមរយៈការបង្រៀនផ្នែកសហគ្រិនភាពចូលទៅក្នុងប្រព័ន្ធអប់រំ។
ថ្លែងនៅក្នុងឱកាសសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ពិនិត្យតាមដានការអប់រំសាកលឆ្នាំ២០១៩ ក្រោមប្រធានបទ "ការធ្វើចំណាកស្រុក ការផ្លាស់ទីលំនៅដោយបង្ខំ និងការអប់រំ ៖ សង់ស្ពានចម្លង មិនមែនសង់ជញ្ជាំងនោះទេ" កាលពីថ្ងៃទី១៣ ខែកុម្ភៈកន្លងទៅលោកបណ្ឌិតសភាចារ្យបានបន្តថា ម្យ៉ាងវិញទៀត គឺការអនុវត្តគោលនយោបាយបង្កើតវិទ្យាល័យចំណេះទូទៅ និងអប់រំបច្ចេកទេស យ៉ាងហោចណាស់មួយនៅតាមខេត្តនីមួយៗទូទាំងប្រទេស ដើម្បីជួយបង្កើតឲ្យមានការបណ្តុះបណ្តាលវិជ្ជាជីវៈឲ្យកាន់តែច្រើន ក្នុងគោលដៅបង្កើតការងារផង និងជួយបង្កើតសេដ្ឋកិច្ចថ្មីផង។
លោក បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បន្ថែមទៀតថា ខេត្តនៅជាប់នឹងព្រំដែនថៃ មានអត្រាបោះបង់ចោលការសិក្សាកម្រិតខ្ពស់ជាងអត្រាថ្នាក់ជាតិ។ ខេត្តខ្លះ មានអត្រាបោះបង់ចោលការសិក្សារហូតដល់២៣ភាគរយ ខណៈអត្រាបោះបង់ចោលការសិក្សាថ្នាក់ជាតិ បានធ្លាក់ចុះមកនៅត្រឹមតែ១៨ភាគរយ។ បើតាមលោករដ្ឋមន្ត្រីអប់រំ ខេត្តទាំងនោះរួមមាន បាត់ដំបង បន្ទាយមានជ័យ និងឧត្តរមានជ័យជាដើម។ ដូច្នេះ ដើម្បីឆ្លើយតបនឹងបញ្ហានេះ គឺការបណ្តុះបណ្តាលគ្រូ ដែលផ្តល់ប្រឹក្សាអាជីព។
ចំណែកលោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជាបានថ្លែងថា ពលរដ្ឋកម្ពុជាជាច្រើន បានធ្វើចំណាកស្រុកពីទីជនបទ មកទីក្រុង ឬទីប្រជុំជន រួមទាំងការផ្លាស់ទីទៅកាន់ប្រទេសផ្សេងទៀត ដើម្បីស្វែងរកការងារ។
លោកស្រីបានបន្តទៀតថា យោងតាមរបាយការណ៍សិក្សារបស់អង្គការយូណេស្កូបានបង្ហាញថា អ្នកធ្វើចំណាកស្រុកមកកាន់ទីក្រុងប្រមាណ៣០ភាគរយមិនបានទទួលការអប់រំត្រឹមត្រូវនោះទេ។ ការសិក្សាក៏បានរកឃើញទៀតថា អ្នកដែលទទួលបានការសិក្សាតិចតួច បានជួបប្រទះនឹងការលំបាកច្រើនជាងគេ។ នេះបើតាមលោកស្រី Pauline Tamesis។ លោកស្រីបន្ថែមថា កូនសោរសំខាន់ ដើម្បីដោះស្រាយបញ្ហានេះ គឺការអប់រំ។
យោងតាមរបាយការណ៍ដែលបានផ្សព្វផ្សាយបានឲ្យដឹងថា នៅជុំវិញពិភពលោក ការធ្វើចំណាកស្រុក បានប៉ះពាល់ដល់ការអប់រំរបស់កុមាររាប់លាននាក់ ដែលត្រូវបានទុកនៅស្រុកកំណើតជាមួយឪពុក ឬម្តាយ ឬសមាជិកគ្រួសារដទៃទៀត។ ចំណែកក្នុងប្រទេសកម្ពុជាកុមារ ដែលត្រូវបានទុកឲ្យនៅស្រុកកំណើតជាពិសេស គឺក្មេងស្រី ច្រើនតែបោះបង់ចោលការសិក្សា។
ពាក់ព័ន្ធនឹងបញ្ហាចំណាកស្រុកនេះតាមរយៈរបាយការណ៍ស្ដីពីលទ្ធផលការងារឆ្នាំ ២០១៨ និងលើកទិសដៅការងារឆ្នាំ ២០១៩ របស់ក្រសួង មហាផ្ទៃដែលចេញផ្សាយកាលពីម្សិលមិញ បានបង្ហាញថា ពលរដ្ឋខ្មែរដែលអាជ្ញាធរបរទេសចំនួន ១៨ ប្រទេសចាប់បញ្ជូនត្រឡប់មកវិញ ដោយមូលហេតុស្នាក់នៅ ឬធ្វើការខុសច្បាប់មានចំនួន ៣១ ៦០៩ នាក់ស្រីចំនួន ១០ ៨២៨ នាក់ និងកុមារចំនួន ២ ៩១៤ នាក់ (ច្រើនជាងគេមកពីប្រទេសថៃ ៣០៦៣៦ នាក់ កូរ៉េខាងត្បូង ២៧០ នាក់ ម៉ាឡេស៊ី ១៧២ នាក់ចិន ១៥៦ នាក់ជប៉ុន ៩២ នាក់ វៀតណាម ៨៤ នាក់...) និងពលករខ្មែរទៅធ្វើការដោយស្របច្បាប់នៅក្រៅប្រទេសតាមរយៈក្រុមហ៊ុនមានចំនួន ១០៤ ៤៣៤ នាក់ (ស្រី ៤២ ៥៣៧ នាក់)៕
Source: Kampuchea Thmey Daily
0 Comments