អង្គការ Save the Children International បាននិយាយនៅថ្ងៃសុក្រថា ទារកយ៉ាងតិច១០០,០០០នាក់បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារតែជម្លោះប្រដាប់អាវុធ និងផលប៉ះពាល់របស់វាចាប់ពីភាពអត់ឃ្លានរហូតដល់ការបដិសេធជំនួយ។
នៅក្នុងប្រទេសដែលរងការវាយប្រហារធ្ងន់ធ្ងរទាំង១០ ទារកទើបនឹងកើតប្រមាណ៥៥០,០០០នាក់បានស្លាប់ដោយសារការប្រយុទ្ធគ្នាចន្លោះឆ្នាំ២០១៣ដល់ឆ្នាំ២០១៧។
ពួកគេបានស្លាប់ដោយសារសង្គ្រាមនិងផលប៉ះពាល់ដែលក្នុងនោះមានដូចជាភាពអត់ឃ្លាន ការខូចខាតដល់មន្ទីរពេទ្យនិងហេដ្ឋារចនាសម្ព័ន្ធ កង្វះលទ្ធភាពទទួលបានការថែទាំសុខភាពនិងអនាម័យព្រមទាំងការបដិសេធជំនួយ។
អង្គការនេះបាននិយាយថា កុមារបានប្រឈមមុខនឹងការគំរាមកំហែងនៃការស្លាប់ឬពិការ ត្រូវបានជ្រើសរើសដោយក្រុមប្រដាប់អាវុធ ការចាប់ពង្រត់ឬក្លាយជាជនរងគ្រោះចំពោះអំពើហិង្សាផ្លូវភេទ។
នាយកប្រតិបត្តិអង្គការនេះគឺលោកស្រី Helle Thorning-Schmidt បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ស្ទើរតែម្នាក់ក្នុងចំណោមកុមារប្រាំនាក់គឺកំពុងរស់នៅក្នុងតំបន់ដែលប៉ះពាល់ដោយជម្លោះ”។ អ្នកស្រីបន្ថែមថា “ចំនួនកុមារដែលត្រូវបានសម្លាប់ឬពិការមានច្រើនជាងបីដងហើយយើងកំពុងមើលឃើញការកើនឡើងនៃការប្រើប្រាស់ជំនួយធ្វើជាអាវុធសង្គ្រាម”។
អង្គការនេះបាននិយាយថា ការសិក្សារបស់ខ្លួននៅវិទ្យាស្ថានស្រាវជ្រាវសន្តិភាព Oslo បានរកឃើញថា កុមារចំនួន៤២០លាននាក់គឺរស់នៅក្នុងតំបន់រងគ្រោះដោយជម្លោះនៅឆ្នាំ២០១៧។
នេះតំណាងឲ្យ១៨ភាគរយនៃកុមារទាំងអស់នៅទូទាំងពិភពលោកនិងកើនឡើង៣០លាននាក់បើធៀបនឹងឆ្នាំមុននោះ។
ប្រទេសដែលរងគ្រោះខ្លាំងបំផុតគឺអាហ្វហ្គានីស្ថាន សាធារណរដ្ឋអាហ្វ្រិកកណ្តាល សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ អ៊ីរ៉ាក់ ម៉ាលី នីហ្សេរីយ៉ា សូម៉ាលី ស៊ូដង់ខាងត្បូង ស៊ីរីនិងយេមែន។
អង្គការនេះបានបញ្ជាក់ថា ចំនួនសរុបនៃកុមារស្លាប់ដោយផលប៉ះពាល់ដោយប្រយោលក្នុងរយៈពេលប្រាំឆ្នាំបានកើនឡើងដល់៨៧០,០០០នាក់នៅពេលកុមារទាំងអស់ដែលមានអាយុក្រោម៥ឆ្នាំត្រូវបានរាប់បញ្ចូល៕ AFP
Source: Kampuchea Thmey Daily
0 Comments