Ad Code

ម្ចាស់​ដី ​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ លើ​បុគ្គល​ចូល​រំលោភ​ដីធ្លី ​នៅ​ឃុំ​ទួល​ពង្រ​ ស្រុក​ម៉ាឡៃ នៅ​ថ្ងៃ​ខាង​មុខ​យ៉ាង​តឹងរ៉ឹង​បំផុត



បន្ទាយមានជ័យ ៖ នៅ​ព្រឹក ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ ​ម្ចាស់​ដី​ បាន​ធ្វើការ​ព្រមាន​ថា​ នឹង​ចាត់​វិធានការ​ផ្លូវច្បាប់​លើ​បុគ្គល​ចូល​រំលោភ​យក​ដីធ្លី​របស់​គាត់​ នៅ​ចំណុច​បឹង​៧៥​ ភូមិ​អូរ​អំពិល​ ឃុំ​ទួល​ពង្រ​ ស្រុក​ម៉ាឡៃ​ ខេត្ត​បន្ទាយមានជ័យ។

លោក លី អ៊ុត​នី ជា​ម្ចាស់​ដី​ ដែល​បាន​ទិញ​ពី​សាមី​ខ្លួន​​ ​ចំណែក​ដី​របប​ពី​អតីត​ទាហាន​ឧទ្ទាម​ខ្មែរក្រហម​វរៈ​៦៧៣ នៃ​កងពលធំ​លេខ​២១ ពីមុន ​ខ្មែរក្រហម​សមាហរណកម្ម​ គឺជា​កងពលធំ​លេខ​៤៥០ រណសិរ្ស​សមរភូមិ​ស៊ី​សូ​ផុន​ខាងត្បូង តំបន់​ម៉ាឡៃ បច្ចុប្បន្ន​ ស្ថិតនៅ​ភូមិ​អូរ​អំពិល ​ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ ដី​នោះ​ ស្ថិតនៅ​ជាប់​នឹង​ដី​របប​វរៈ​៦៧២ ដែល​លោក​បាន​ទិញ​អស់​រួចហើយ និង​អតីត​ដី​របប​កងពល​នោះ នៅ​ម្តុំ​បឹង​ក្របៅ ហើយ​នៅ​ដើម​ឆ្នាំ​២០១៩ នេះ លោក​ក៏បាន​ទិញ​បន្ត​ចំណែក​របប​ដី​ពលទាហាន​វរៈ​៦៧២ គឺ​ដីរបបវរៈ​៦៧២ និង​វរៈ​៦៧៣ ​មាន​ទំហំ​១០៦​ហិកតា​ ហើយ​ត្រូវ​បែងចែក​ដល់​ពលទាហាន ​និង​គ្រួសារ​ចំនួន​១០៦​គ្រួសារ។

ក្នុងនោះ​វរៈ​៦៧២ បាន​៥២​ហិកតា និង​វរៈ​៦៧៣ ​បាន​៥៤​ហិក​តា ការ​ទទួល​បាន​ និង​បែងចែក​របប​នេះ ដោយ​យោង​កំណត់ហេតុ ​ស្ដីពី​ការព្រមព្រៀង​បញ្ចប់​ទំនាស់​ដីធ្លី​រវាង​អតីត​ទាហាន​ឧទ្ទាម​ខ្មែរ​ក្រហម​វរ​សេនា​តូច​លេខ​ ៦៧២(D672 និង​វរ​សេនា​តូច​លេខ​៦៧៣(D673) កងពលធំ​លេខ​២១​ ឬ​F21 មុន​ឆ្នាំ​១៩៩៦ គឺជា​កងពលធំ​លេខ​៤៥០ រណសិរ្ស​នៃ​សមរភូមិ​ស៊ី​សូ​ផុន​ខាងត្បូង ជាមួយ​ក្រុមហ៊ុន​លី អ៊ុត​នី នៅ​ភូមិ​អូរ​អំពិល ​ឃុំ​ទួល​ពង្រ​ ស្រុក​ម៉ាឡៃ​ ខេត្ត​បន្ទាយមានជ័យ ចុះ​ថ្ងៃទី​២២ ​ខែ​មេសា ​ឆ្នាំ​២០១៥ នៅ​សាលាស្រុក​ម៉ាឡៃ។

ជាង​នេះ​ទៅ​ទៀត ការសម្រុះសម្រួល​ដោះស្រាយ​ទំនាស់​ដីធ្លី​នេះ ក៏​យោងតាម​លិខិត​សេចក្ដី​ជូនដំណឹង​លេខ​១៥៥៣​ស ជ ណ ចុះ​ថ្ងៃទី​២៤​ ខែ​ធ្នូ​ ឆ្នាំ​២០១២ របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ផង​ដែរ​។​

ក្នុង​កិច្ចព្រមព្រៀង​នោះ តំណាង​វរៈ​៦៧២ ​គឺ​ លោក​ព្រំ វ​ណ្ណះ​ និង ​លោក​ មិន ធី​ជា តំណាង​វរៈ​ ៦៧៣ គឺ​ លោក ​ឃៀង ហ៊ុល​ និង ​លោក​ ភោគ គឹម​ជា ហើយ​មាន​លោក​វរសេនីយ៍ ​ព្រាប សារុន អតីត​បញ្ជា​ការ​រង​ក​ង​ពល​ធំ​លេខ​២១(D21) និង​ជា​មេ​ពីលើ​វរៈ​ទាំង​២​ និង​បច្ចុប្បន្ន ​ជា​រង​បញ្ជាការ​កងពលតូច​ថ្មើរ​ជើង​លេខ​៥១ ជា​សាក្សី និង​តំណាង​ក្រុមហ៊ុន ​គឺ ​លោក​ លី អ៊ុត​នី​ ពោលគឺ​ភាគី​ទាំង​២ ក៏​ឯកភាពគ្នា​រួច​មក​ហើយ​ លើ​កំណត់ហេតុ ​ស្តីពី​ការប្រគល់ ទទួល​ដី​ទំហំ​១០១​ហិក​តា​៧៨​អា ជូន​អតីត​គ្រួសារ​យោធិន​អង្គ​ភាពវរៈ​សេនា​តូច​លេខ​៦៧២ ​និង​វរៈ​៦៧៣ ពិតប្រាកដ ​ដើម្បី​កាន់កាប់​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់​នៅត្រង់​បឹង​៧៥ ភូមិ​អូរ​អំពិល​ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ ចុះ​ថ្ងៃទី​៥​ ខែ​សីហា​ ឆ្នាំ​២០១៤ ផងដែរ​។​

ពី​នោះមក ភាគី​ទំនាស់​ទាំង​២​ បាន​ស្រុះស្រួល​គ្នា ​ប៉ុន្តែ​ដោយ​ចំណែក​ដី​ក្នុង​១​គ្រួសារៗ ​មានតែ​១​ហិក​តា អតីត​គ្រួសារ​យោធិន​ នៃ​វរៈ​៦៧២ គឺ​សាមី​ខ្លួន​១​គ្រួសារៗ​ ក៏​ស្នើ ​និង​យល់ព្រម​លក់​ដី​ចំណែក​ នៃ​របប​ខ្លួន​ទាំង​៥២​គ្រួសារ ​ស្មើ​ទំហំ​៥២​ហិកតា ឲ្យ​ លោក​ លី អ៊ុត​នី។​

ចំណែក​សាមី​ខ្លួន​គ្រួសារ​យោធិន​វរៈ​៦៧៣ ចំនួន​២៩​គ្រួសារ ​ស្មើនឹង​ដី​ទំហំ​២៩​ហិកតា លើ​៥៤​គ្រួសារ​ស្មើនឹង​៥៤​ហិកតា ក៏​ព្រម​លក់​ដី​របប​របស់ខ្លួន​ឲ្យ​ លោក លី អ៊ុត​នី​ដែរ ភាគី​ទាំង​២ ក៏បាន​ព្រមព្រៀង​ជា​លាយលក្ខណ៍អក្សរ ផ្ដិតមេដៃ សាក្សី​ និង​ប្រគល់​ទទួល​លុយ​តាម​តម្លៃ​ដី​ដែល​ឯកភាព​ហើយ​ដែរ​។

ប៉ុន្តែ​ក្រុមការងារ​ លោក​ លី អ៊ុត​នី បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹងថា ​ចលនា​របស់លោក​វរសេនីយ៍​ព្រាប សារុន រង​បញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១ អតីត​រង​បញ្ជាការ​កងពលធំ​លេខ​២១ ម៉ាឡៃ និង​បក្ខពួក​ បាន​ញុះញង់​ឲ្យ​អតីត​គ្រួសារ​យោធិន​ខាងលើ ​និង​មនុស្ស​ផ្សេងទៀត ប្រើ​គ្រឿងចក្រ​ចូល​ទៅ​រំលោភ​យក​ដី ​នៃ​ចំណែក​របប​ដី​ដែល​ព្រមព្រៀង​លក់ដូរ​ទៅហើយនោះ ដោយ​ខុសច្បាប់​ កាលពី​ដើម​ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​នេះ។​

ក្រុមការងារ​បាន​ព្រមាន​ថា បើ​សកម្មភាព​រំលោភបំពាន​នោះ​មិន​ព្រម​ដកថយ​ និង​បញ្ឈប់​ដោយ​គ្មាន​លក្ខខ័ណ្ឌ​ទេនោះ លោក​ លី អ៊ុត​នី​ នឹង​ចាត់ការ​តាម​វិធានការ​ច្បាប់​យ៉ាង​តឹងរ៉ឹង​បំផុត​។​

ជាមួយគ្នា​នោះ លោក​ក៏​ឲ្យ​អាជ្ញាធរ​ភូមិ​ ឃុំ ស្រុក ខេត្ត​ និង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ អន្តរាគមន៍​ដោះ​ស្រាយ​បាតុភាព​នេះ​ជាបន្ទាន់​ ព្រោះ​សកម្មភាព​នេះ​បង្ក​ខូច​សណ្ដាប់ធ្នាប់ សន្តិសុខ​សង្គម​ និង​ភាព​អានាធិបតេយ្យ​ដែល​ផ្គើន​នឹង​លិខិត​សេចក្ដីជូនដំណឹង​លេខ​១៥៥៣ ស ជ ណ ចុះ​ថ្ងៃទី​២៤​ ខែ​ធ្នូ​ ឆ្នាំ​២០១២ របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ក៏​បំពាន​នឹង​កំណត់ហេតុ​ ស្តីពី​ការព្រមព្រៀង​បញ្ចប់​ទំនាស់​ដីធ្លី​រវាង​អតីត​ទាហាន​ឧទ្ទាម​ខ្មែរក្រហម​វរ​សេនា​តូច​លេខ​៦៧២(D672 និង​វរ​សេនា​តូច​លេខ​៦៧៣(D673) ជាមួយ​ក្រុមហ៊ុន ​លី អ៊ុត​នី នៅ​ភូមិ​អូរ​អំពិល ​ឃុំ​ទួល​ពង្រ​ ស្រុក​ម៉ាឡៃ​ ខេត្ត​បន្ទាយមានជ័យ ចុះ​ថ្ងៃទី​២២​ ខែ​មេសា​ ឆ្នាំ​២០១៥ និង​កំណត់ហេតុ​ ស្តីពី​ការប្រគល់ ទទួល​ដី​ទំហំ​១០១​ ហិកតា​៧៨​អា ជូន​អតីត​គ្រួសារ​យោធិន​អង្គភាព​វរៈ​សេនា​តូច​លេខ​៦៧២​ និង​វរៈ​៦៧៣ ពិតប្រាកដ ​ដើម្បី​កាន់កាប់​ជា​កម្មសិទ្ធិ​ស្របច្បាប់​នៅត្រង់​បឹង​៧៥ ភូមិ​អូរ​អំពិល​ឃុំ​ទួល​ពង្រ​ ស្រុក​ម៉ាឡៃ ចុះ​ថ្ងៃទី​៥ ​ខែសីហា ​ឆ្នាំ​២០១៤ ផងដែរ។

លោក​ អែម សុខា អភិបាលស្រុក​ម៉ាឡៃ​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ថា ​បាតុភាព​អនាធិបតេយ្យ​នេះ ក៏​ជា​ឥទ្ធិពល​ដែល​រាលដាល​ពី​កន្លែង​មាន​ដី​ទំនាស់​ផ្សេងទៀត​ ក្នុងស្រុក​ម៉ាឡៃ ក៏ដូចជា​នៅ​ខេត្ត​ផ្សេង​ទៀត​។​ ប៉ុន្តែ​លោក​អះអាង​ថា ​អាជ្ញាធរ​ និង​ជំនាញ​ នឹង​សហការ​ជាមួយ​ស្ថាប័ន​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ ចាត់វិធានការ​ផ្លូវច្បាប់​លើ​ចលនា​ទៅ​រំលោភ​យក​ដី​ លោក​ លី អ៊ុត​នី ​នៅ​ភូមិ​អូរ​អំពិល ក៏ដូចជា​ នៅ​ភូមិ​ផ្សេងទៀត ​ក្នុង​ឃុំ​ទួល​ពង្រ​ និង​ឃុំ​តា​គង់ នៅ​ថ្ងៃ​ខាងមុខនេះ៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu