Ad Code

ហុងដា​ឌ្រី​ម​សាក​កម្លាំង​ជាមួយ​ម៉ូតូ​អា​ធំ ម្ចាស់​ម៉ូតូ​អាតូច​សន្លប់​ឈឹង នៅ​ស្រុក​អូ​រយ៉ា​ដាវ



រតនគិរី​ ៖​ ម៉ូតូ​ហុងដា​ឌ្រី​ម​សាក​កម្លាំង​ជាមួយ​ម៉ូតូ​ធំ ​ម្ចាស់​រង​របួស​ធ្ងន់​ស្រាល​ទាំងសងខាង កាលពី​វេលា​ម៉ោង​០៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​សុក្រ ៤​កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩​កន្លងទៅ នៅ​ចំណុច​មុខ​ផ្លូវ​ចូល​ភូមិ​ពាក់ លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៨ ស្ថិតនៅ​ក្នុងភូមិ​អ៊ុន ឃុំ​លំ​ជ័រ ស្រុក​អូរ​យ៉ា​ដាវ។

មន្ត្រី​នគរបាល​ស្រុក​អូ​រយ៉ា​ដាវ​បាន​ឲ្យ​ដឹងថា ម៉ូតូ​បង្ក​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ រតនគិរី ១A-៩៨៥១ បើកបរ​ដោយ​ឈ្មោះ សល់ ហ្វា​ង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ តេន​សុស ឃុំ​យ៉ា​ទុង ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី បាន​រងរបួស​ធ្ងន់​។​

​រីឯ​ជនរងគ្រោះ​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក HONDA ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​១AD-១៧៩៤ បើកបរ​ដោយ​ឈ្មោះ សុង ប៊ែ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ប្ល​រ ឃុំ​បរខាំ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី រងរបួស​ស្រាល​។ ចំណែក​អ្នករួមដំណើរ​ឈ្មោះ អ៊ុំ ផា​នុ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​/​ឃុំ​ជាមួយ​អ្នកបើកបរ​ម៉ូតូ​ជនរងគ្រោះ​ខាងលើ​។​

​មន្ត្រីនគរបាល​បន្តថា មូលហេតុ​ម៉ូតូ​បង្ក​បើក ចេញពី​ផ្លូវ​គ្មាន​សិទ្ធិ​អាទិភាព ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ទើប​បណ្ដាល​ឲ្យ​ម៉ូតូ​ជនរងគ្រោះ​ជ្រុល​ចង្កូត​បុក​តែម្ដង​។​

​ក្រោយ​កើតហេតុ​នគរបាល​មូលដ្ឋាន​ចុះមក​អន្តរាគមន៍​ធ្វើការ​វាស់វែង ហើយ​ដឹកបញ្ជូន​អ្នករងរបួស​ធ្ងន់​មកកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​ដើម្បី​ព្យាបាល​។​

​បច្ចុប្បន្ន​វត្ថុតាង​ទាំង​២​គ្រឿង ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​រឹបអូស​យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​យ៉ា​ដាវ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ​។​

​គួរបញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ន​នៅក្នុង​ខេត្តរតនគិរី នៃ​ភូមិភាគ​ឦសាន កត្តា​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​អ្នកបើកបរ​ម៉ូតូ​និង​រថយន្ត​បើក​ក្នុង​ល្បឿន​លឿន មិនបាន​យល់ដឹង​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នោះឡើយ ថែមទាំង​ប្រជែង​គ្នា​នៅ​ចំណុច​ផ្លូវ​គ្រោះថ្នាក់ ពោលគឺ​ផ្លូវ​កោង​ ហើយ​មិនបាន​ពាក់មួក​សុវត្ថិភាព​ដើម្បី​ការពារ​អាយុជីវិត​នោះទេ ដោយ​សមត្ថកិច្ច​ជំនាញ​បាន​ខិតខំ​ផ្សព្វផ្សាយ​និង​ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​យ៉ាងណាក៏ដោយ ប៉ុន្តែ​ប្រជាពលរដ្ឋ​មួយចំនួន​មិនបាន​គោរព​ច្បាប់​នោះឡើយ ទើប​បណ្តាល​ឲ្យ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu