បន្ទាយមានជ័យ ៖ នៅក្បែរសង្កាត់រដ្ឋបាលព្រៃឈើស្រុកអូរជ្រៅ សង្កាត់និមិត្ត ឈ្មួញជើងខ្លាំង២នាក់ប្ដីប្រពន្ធបានដឹកឈើប្រណិតតាមគោយន្តកន្ត្រៃ២គ្រឿងចេញពីព្រៃរនាមដូនសំទាំងថ្ងៃមិនខ្លាចញញើតនឹងការបង្ក្រាបពីសមត្ថកិច្ចឡើយ។ ទន្ទឹមនោះក្រុមអ្នកយកព័ត៌មានចុះថតយករូបភាពជាក់ស្ដែង ដើម្បីយកមកចាក់ផ្សាយនៃការកាប់បំផ្លាញព្រៃឈើរនាមដូនសំនោះ ស្រាប់តែមានស្រីជើងខ្លាំងម្នាក់ដែលជាម្ចាស់ឈើដឹកតាមគោយន្តនោះបានទាញកាំបិតដេញកាប់ក្រុមអ្នកយកព័ត៌មានយ៉ាងសាហាវព្រៃផ្សៃ តែសំណាងណាស់មិនគ្រោះថ្នាក់ដល់អ្នកយកព័ត៌មានឡើយ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅភូមិ រស្មីសាមគ្គី ស្ថិតក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
មុនពេលកើតហេតុគេឃើញមានគោយន្តកន្ត្រៃចំនួន២គ្រឿងមានដឹកឈើប្រណិតប្រភេទធ្នង់ និងស្រឡៅ ដែលគេទើបនឹងអារច្រៀកដឹកចេញពីព្រៃរនាមដូនសំយកមកទម្លាក់នៅក្នុងផ្ទះ ឈ្មោះ ចាន់ សាវឿន ហៅធីម និងប្រពន្ធ ឈ្មោះ ធី ស្រីផាត ហៅកឹប ដែលរស់នៅចំណុចកើតហេតុនោះ។ ភ្លាមៗនោះអ្នកយកព័ត៌មានបានឃើញក៏បានទូរស័ព្ទទៅកាន់លោក នូវ និល ប្រធានស្នាក់ការរដ្ឋបាលព្រៃឈើដែលឈរជើងនៅក្បែរនោះ ដើម្បីធ្វើការអន្តរាគមន៍បង្ក្រាប ហើយត្រូវបានលោក នូវ និលប្រាប់ថា ចាំលោកឲ្យកម្លាំងកូនចៅចុះទៅមើល។ ដោយសារតែរង់ចាំមេព្រៃយូរពេកទើបអ្នកសារព័ត៌មានបានទាញកាមេរ៉ាថតសកម្មភាពដែលឈ្មួញខាងលើទម្លាក់ឈើពីលើគោយន្តទាំង២គ្រឿង ដើម្បីទុកយកទៅផ្សព្វផ្សាយព័ត៌មាន។ នៅពេលនោះស្រាប់តែឈ្មោះ ធី ស្រីផាត ហៅកឹប បានប្រមាថ និងធ្វើការរារាំងមិនឲ្យអ្នកព័ត៌មានថត និងប៉ងឆក់យកកាមេរ៉ាយកទៅបោកកម្ទេចចោលទៀត តែឆក់មិនបាន ស្រាប់តែទាញកាំបិតផ្គាក់ពីលើគោយន្តមកប៉ងកាប់ទៅលើអ្នកសារព័ត៌មានយ៉ាងសាហាវព្រៃផ្សៃពេលនោះត្រូវបានស្ត្រីចំណាស់ម្នាក់ចេញមកឃាត់ ហើយបានយកផ្គាក់ចេញវិញ តែស្ត្រីទំនើងនោះនៅតែស្រែកក្អេងក្អាងបង្កជម្លោះមិនឲ្យអ្នកយកព័ត៌មានថតបាន។ ស្ត្រីនោះបានស្រែកថា អញនិងប្ដីរកស៊ីយូរមកហើយឡើងដុះស្លែតាំងអត់អីស៊ីរហូតបានលើកផ្ទះធំទ្រនំខ្ពស់បែបនេះបានគឺគ្មាននរណាហ៊ានក្អកជាមួយទេកុំថាឡើយមន្ត្រីជំនាញ សូម្បីអាប៉ូលិសប៉ុស្តិ៍សង្កាត់និមិត្តនេះចង់ឲ្យវា១០នាក់មកឃាត់អញក៏មិនព្រឺរោមដែរ។ ហើយអាអ្នកកាសែតចេះដឹងអីដែរបើជំនាញបើកដៃឲ្យឈ្មួញឈូសឆាយ កាប់បំផ្លាញព្រៃរនាមដូនសំឡើងវាលទៅហើយ បើចង់ថតចាំអញនាំទៅថតបាន។ ដោយមិនចង់ឲ្យមានរឿងវែងឆ្ងាយអ្នកយកសារព័ត៌មានក៏ចេញពីកន្លែងកើតហេតុនេះតែម្តង។
ប្រជាពលរដ្ឋរស់នៅជុំវិញនោះបានប្រាប់ថា ប្ដីប្រពន្ធខាងលើនោះគឺជាឈ្មួញរកស៊ីកាប់បំផ្លាញព្រៃឈើឡើងដុះស្លែទៅហើយ។ គេបានបង់លុយកាក់ដល់មន្ត្រីជំនាញ គ្មានចន្លោះឡើយទាំងមេព្រៃ និងបរិស្ថានស្រុកម៉ាឡៃរហូតដល់ប៉ូលិសគ្រប់ស្ថាប័នអស់ទើបគ្មានអ្នកបង្ក្រាប ហើយជនខិលខូចបែបនេះឡើងចាងក្នុងការបំផ្លាញព្រៃឈើនៅតំបន់នេះស្ទើរតែហិនហោចអស់នេះជារឿងមួយគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ចាំមើលតុលាការមានវិធានការយ៉ាងណាចំពោះពីរនាក់ប្តីប្រពន្ធ៕
ឈ្មួញជើងខ្លាំងកាប់ឈើ២នាក់ ខឹងអ្នកព័ត៌មានថតរូប ទាញកាំបិតមកកាប់យ៉ាងសាហាវ
0 Comments