កំពង់ឆ្នាំង ៖ នារីបម្រើសេវាខារ៉ាអូខេក្លិប អេស អេច ផាឡេស ម្នាក់បានរងរបួសធ្ងន់ជាំឈាមក្នុងគ្រាប់ភ្នែកខាងឆ្វេង ដោយសារតែក្រុមសន្តិសុខចាប់វាយអូសចេញពីក្លិប ព្រោះតែនាងស្រវឹងទាស់ជាមួយភ្ញៀវ។ ប៉ុន្តែប្រធានសន្តិសុខក្លិបបានឆ្លើយដោះសារថា នាងរើបម្រះដួលចំតុនៅពេលក្រុមសន្តិសុខចាប់អូសចេញ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៨នាទីអាធ្រាត្រថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងក្លិបស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
ករណីនេះក្រោយពេលកើតហេតុ៤ថ្ងៃទើបនារីរងគ្រោះចេញមុខប្ដឹង ព្រោះតែនាងរបួសធ្ងន់ក្រីក្រគិតអ្វីមិនចេញនិងទៅណាមិនរួច។
នារីរងគ្រោះបានឲ្យដឹងថា នាងឈ្មោះ សោ ស្រស់ អាយុ២០ឆ្នាំ មានទីលំនៅក្នុងភូមិក្រសាំង ឃុំចំប៉ី ស្រុកគរជ័យ ខេត្តកំពត ដោយសារតែភាពក្រីក្រក្នុងគ្រួសារនាងបានចាកចេញពីម្តាយចាស់ និងបងប្អូនបង្កើតចំនួន១០នាក់ (នាងជាកូនទី៦) មកធ្វើជានារីបម្រើសេវាខារ៉ាអូខេនៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺបានជាង១ខែ រួចក៏បានមកស្នាក់នៅជាមួយបងស្រីបង្កើតនៅផ្ទះជួលក្នុងភូមិត្រពាំងចឹកសារ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ បន្ទាប់មកនាងក៏បានមកចុះឈ្មោះសុំមេការក្លិបខារ៉ាអូខេអេស អេច ផាឡេស ធ្វើការជាអ្នកបម្រើសេវាខារ៉ាអូខេនៅក្នុងបន្ទប់លេខ៥៥៥ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ដោយមេការសន្យាថា នឹងឲ្យប្រាក់ខែក្នុង១ខែ១០០ដុល្លា។
នៅយប់កើតហេតុភ្ញៀវម្នាក់បានហៅនាងចេញពីបន្ទប់ខារ៉ាអូខេ ឲ្យមកកំដរគាត់ផឹកស្រានៅក្នុងក្លិបរាំ ពេលនោះភ្ញៀវក៏បានលូកលាន់រាងកាយ នាងបានរើបម្រះក៏កើតមានទំនាស់ឡើង ហើយក្រុមសន្តិសុខក៏បានចាប់អូសនាងមកក្រៅ ដោយបានដាល់ចំមុខនាង២ដៃ ឈាមច្រុះ ជាំភ្នែកបើកមិនរួច និងទាត់ធាក់នាងថែមទៀត។ ក្រោយពេលកើតហេតុនាងនៅសម្ងំពួនក្នុងផ្ទះស្អំភ្នែក ព្រោះតែនាងក្រីក្រគ្មានប្រាក់ទៅព្យាបាលរបួសនៅមន្ទីរពេទ្យ។ នាងសំណូមពរដល់សមត្ថកិច្ច និងអ្នកច្បាប់ជួយនាងផង ព្រោះនាងមិនដឹងច្បាប់ទម្លាប់ប្តឹងផ្តល់អ្នកណាឡើយ។
ទាក់ទងនឹងក្នុងរឿងនេះ លោក ធី ប្រធានក្លឹប និងលោក ជា ប៊ុនធឿន ប្រធានសន្តិសុខក្លឹបបានបញ្ជាក់ឲ្យដឹងថា នាងខាងលើនេះលោកមិនស្គាល់ឈ្មោះ និងមិនស្គាល់អាសយដ្ឋាននៅឯណាទេ គឺនាង
ទើបតែមកសុំធ្វើការមិនទាន់ទទួល និងចុះឈ្មោះទេ ដោយឲ្យនាងសាកល្បងសិនគឺធ្វើការងារបាន២ថ្ងៃក៏មានរឿងតែម្តង។ ក្នុងពេលកើតហេតុនាងស្រវឹងបានយកដែកដង្កៀបចាប់ទឹកកកមកចាក់ភ្នែកភ្ញៀវ ហើយភ្ញៀវបានសុំឲ្យក្រុមសន្តិសុខចាប់យកនាងចេញក្រៅ។ នៅក្នុងពេលក្រុមសន្តិសុខចាប់អូសនាងចេញមកក្រៅក្លិប នាងបានរើបម្រះដួលចំតុទើបនាងមានរបួសបែបនេះគឺគ្មានអ្នកណាវាយដំនាងឡើយ។
ដោយឡែកសមត្ថកិច្ចនគរបាលដែលកំពុងស៊ើបអង្កេតរឿងនេះក៏បានឲ្យដឹងដែរថា លោកក៏មានសាក្សីជានារីបម្រើសេវានៅក្នុងក្លិប និងភ្ញៀវមួយចំនួនបានដឹងថា នារីរងគ្រោះពិតជាត្រូវក្រុមសន្តិសុខវាយពិតមែននៅក្នុងយប់នោះ គឺមានតែអ្នកឈរមើលគ្មានអ្នកណាហ៊ានជួយនាងទេ ដូច្នេះគេមិនអាចលាក់បាំងអំពើហិង្សាទៅលើនារីភេទទន់ខ្សោយបែបនេះបានឡើយ។ សំណូមពរដល់ម្ចាស់ក្លិប និងប្រធានសន្តិសុខក្លិបជួយសហការក្នុងរឿងនេះផង បើហ៊ានហើយធ្វើម្ដេចក៏មិនហ៊ានទទួលខុសត្រូវ..!!។
នៅរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥នេះដែរ លោក ប្រាក់ សោភ័ណ្ឌ នាយកប្រតិបត្តិសាខាកាកបាទ
ក្រហមខេត្តក៏បាននាំយកអំណោយមានអង្ករ៣០គីឡូ ,មី១កេះ , ត្រីខមួយយួរ , ខីត១កញ្ចប់ និងថវិកាចំនួន៩ម៉ឺនរៀល ផ្តល់ជូននារីរងគ្រោះក្រក្រី និងសំណូមពរដល់ប្រធានមន្ទីរកិច្ចការនារីខេត្ត និងសមត្ថកិច្ចមេត្តាជួយស្រាវជ្រាវផ្តល់យុត្តិធម៌ជូននារីរងគ្រោះផង៕
វាយនារីខារ៉ាអូខេម្នាក់ជាំឈាមក្នុងភ្នែក ហើយដោះសារថា នាងស្រវឹងដួលចំតុខ្លួនឯង
0 Comments