កែប ៖ អំឡុងពេលនេះ អាជ្ញាធរខេត្តកែប បានចាប់ផ្តើមអនុវត្តគម្រោងបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រនៅប្រជុំកោះ២ គឺកោះពោធិ៍ និងកោះទន្សាយ ដើម្បីជួយជំរុញវិស័យទេសចរណ៍ ក៏ដូចជាអភិរក្សធនធានសមុទ្រប្រកបដោយនិរន្តរភាព។
លោក ភិន ផល្លា នាយរងខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប បានរៀបរាប់ថា អាជ្ញាធរខេត្តកែបចាប់ផ្តើមរៀបចំបង្កើតគណៈកម្មការចំនួន២ សម្រាប់អនុវត្តគម្រោងបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រ លើផ្ទៃដី និងទឹកទំហំ១១.៣០៧ហិកតា ដោយគម្រោងនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចតាំងពីឆ្នាំ២០១៨កន្លងមកហើយ។
លោកនាយរងខណ្ឌបានបន្តថា គណៈកម្មការ២ ដែលនឹងមានកម្លាំងចម្រុះចូលរួមនោះ គឺសម្រាប់អនុវត្តគម្រោងទាំងមូលចាប់ពីឆ្នាំ២០១៩នេះតទៅ។ ក្នុងនោះកិច្ចការងារដែលត្រូវបំពេញដូចជា ការយាមល្បាតតាមសមុទ្រ កំណត់ទីតាំង បង្ក្រាបបទល្មើសនេសាទ បទល្មើសបំផ្លាញធនធានសមុទ្រ និងការងារមួយចំនួនទៀត។
តំបន់គ្រប់គ្រងជលផលសមុទ្រកែប ដែលទើបនឹងបង្កើតនេះ បានបែងចែកជាតំបន់ធំៗចំនួន៤ រួមមាន ៖ កន្លែងសម្រាប់អភិរក្សជលផល កន្លែងការពារធនធានជលផល កន្លែងដែនជម្រកសុវត្ថិភាពជលផល និងជាកន្លែងអេកូទេសចរណ៍បាតសមុទ្រ។
លោកភិន ផល្លារ បានបញ្ជាក់ថា តំបន់គ្រប់គ្រងជលផលសមុទ្រកែបមានវិសាលភាពគ្របដណ្ដប់ទៅលើផ្ទៃសមុទ្រ នៃតំបន់កោះជាច្រើន ក្នុងភូមិសាស្ត្រដែននេសាទខេត្តកែប ដែលសម្បូរទៅដោយផ្កាថ្ម ថ្មប៉ប្រះទឹក ស្មៅសមុទ្រ ព្រៃកោងកាង និងជម្រកធនធានជលផលសំខាន់ៗផ្សេងៗទៀតសម្រាប់ផ្តល់ជម្រកដល់មច្ឆជាតិគ្រប់ប្រភេទបានបន្តពូជ។
ការបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រកែបនេះមានអត្ថប្រយោជន៍ក្នុងការរួមចំណែកជំរុញវិស័យទេសចរណ៍ ការវិនិយោគនៅតំបន់កោះក្នុងខេត្តកែប និងអភិរក្សធនធានជលផលសមុទ្រសំខាន់ គឺក្ដាមសេះ ដែលបាននិងកំពុងមានឈ្មោះល្បីល្បាញឲ្យបានគង់វង្សសម្រាប់ប្រជាពលរដ្ឋនេសាទ ដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រកបដោយនិរន្តរភាព។
សូមបញ្ជាក់ថា ខេត្តកែប មុខព្រួញសេដ្ឋកិច្ចសំខាន់បំផុតនោះ គឺវិស័យទេសចរណ៍ និងការនេសាទសមុទ្រ។ ដូច្នេះ ការបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រនេះ ជារឿងសំខាន់បំផុត ដើម្បីជួយខេត្តកែបឲ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត៕
Source: Kampuchea Thmey Daily
0 Comments