ភ្នំពេញ ៖ កម្មករកម្មការិនីរោងចក្រកាត់ដេរយីហោ អូលីវ ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតនៅភូមិព្រៃកំបុត សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ បានបន្តដួលសន្លប់ជាង៦០នាក់ទៀត បន្ទាប់ពីចូលធ្វើការបានរយៈពេលប្រហែល២ម៉ោងរួចមក កាលពីវេលាម៉ោង៩និង៣៣នាទីព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលមានករណីសន្លប់បែបនេះ កម្មករបាននាំគ្នាចូលធ្វើការដូចសព្វមួយដង តែលើកនេះ ពួកគេគ្រាន់តែអង្គុយធ្វើការបានប្រហែលជិត២ម៉ោង ស្រាប់តែមានកម្មករខ្លះ មានអាការៈវិលមុខធីងធោងរកកល់ចង់ក្អួតចង្អោរ នៅពេលកម្មករដទៃទៀត ឃើញសភាពបែបនេះ ក៏បានដួលសន្លប់តាមគ្នាតែម្ដង។
ចំពោះករណីនេះ វាបានកើតឡើងរយៈពេល៣ថ្ងៃ ជាប់ៗគ្នាមកហើយ តាំងពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ រហូតមកដល់ថ្ងៃ២៦កុម្ភៈនេះ។ ចំពោះសមត្ថកិច្ចជំនាញវិញមិនបានចុះទៅធ្វើការសិក្សាស្រាវជ្រាវឲ្យបានដឹងច្បាស់ថា វាបណ្ដាលមកពីអ្វីនោះទេ ទុកឲ្យកម្មករសន្លប់បែបនេះរហូត។
ទោះបីជាកម្មករថា ធុំក្លិនថ្នាំគីមីជាប់នឹងកំណាត់ក្ដី ក៏ខាងក្រុមហ៊ុនមិនទទួលស្គាល់ថា មានក្លិនគីមីនោះដែរ បែរជានិយាយថា ពុលក្លិនម៉ាស៊ីនត្រាក់ទ័រដែលគេជួសជុលនៅក្បែររោងចក្រនោះទៅវិញ។ ភាពមិនទទួលខុសត្រូវនេះហើយ ដែលធ្វើឲ្យកម្មករចេះតែដួលសន្លប់រាល់ថ្ងៃបែបនេះ។
ក្រុមកម្មករ បានសំណូមពរឲ្យមន្ត្រីជំនាញពាក់ព័ន្ធ មេត្តាចុះត្រួតពិនិត្យបរិស្ថានក្នុងរោងចក្រនោះផងថា តើវាបណ្ដាលមកពីអ្វីឲ្យពិតប្រាកដទៅ៕
Source: Kampuchea Thmey Daily
0 Comments