សហរដ្ឋអាមេរិកបានបញ្ជូននាវាចម្បាំងពីរគ្រឿងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃចន្ទខណៈពេលដែលយោធាអាមេរិកបានបង្កើនភាពញឹកញាប់នៃការធ្វើចលនាតាមរយៈផ្លូវទឹកជាយុទ្ធសាស្ត្រនេះបើទោះបីជាមានការប្រឆាំងពីប្រទេសចិនក៏ដោយ។
ការធ្វើដំណើរនេះអាចបង្កើនភាពតានតឹងជាមួយប្រទេសចិនប៉ុន្តែទំនងជាត្រូវបានមើលឃើញដោយកោះតៃវ៉ាន់ថាជាសញ្ញានៃការគាំទ្រពីរដ្ឋបាលរបស់លោក ត្រាំ ចំពេលមានការបែកបាក់គ្នាកាន់តែខ្លាំងរវាងក្រុងតៃប៉ិនិងក្រុងប៉េកាំង។
ការធ្វើដំណើរនេះបានកើតឡើងចំពេល ដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកនិងចិនជិតឈានដល់កិច្ចព្រមព្រៀងមួយហើយដើម្បីបញ្ចប់សង្គ្រាមពាណិជ្ជកម្មរយៈពេលច្រើនខែដែលបានពន្យឺតកំណើនសេដ្ឋកិច្ចសកលនិងបង្អាក់ទីផ្សារ។
ការធ្វើនាវាចររបស់កងទ័ពជើងទឹកអាមេរិកតាមរយៈច្រកសមុទ្រតៃវ៉ាន់ក៏បានកើតឡើងត្រឹមតែប៉ុន្មានថ្ងៃផងដែរមុនជំនួបកំពូលមួយរវាងលោក ត្រាំ និងលោក គីម ជុងអ៊ុន។
កងនាវាចរអាមេរិកនៅតំបន់ប៉ាស៊ីហ្វិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការឆ្លងកាត់របស់នាវាតាមច្រកសមុទ្រតៃវ៉ាន់បានបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះតំបន់ឥណ្ឌូចិនដែលមានភាពសេរីនិងបើកចំហ”។
សេចក្ដីថ្លែងការណ៍បាននិយាយថា នាវាទាំងពីរគ្រឿងត្រូវបានគេកំណត់អត្តសញ្ញាណថាជានាវាពិឃាត Stethem និងនាវាចម្បាំង Cesar Chavez។
ទោះបីជាយ៉ាងណាក៏ដោយ មិនមានប្រតិកម្មភ្លាមៗពីប្រទេសចិនទេដែលកាលពីមុនបានបង្ហាញពីការជំទាស់របស់ខ្លួនចំពោះលំហាត់បែបនេះ។
ក្រសួងការពារជាតិកោះតៃវ៉ាន់បាននិយាយនៅថ្ងៃអង្គារថា នាវារបស់សហរដ្ឋអាមេរិកបានចាកចេញពីច្រកសមុទ្រនេះរួចទៅហើយបន្ទាប់ពីធ្វើដំណើរតាមផ្លូវមួយឆ្ពោះទៅទិសខាងកើត។
កងកម្លាំងប្រដាប់អាវុធរបស់កោះតៃវ៉ាន់បានឃ្លាំមើលការធ្វើនាវាចរណ៍នេះនិងកត់សម្គាល់ឃើញថាគ្មានអ្វីខុសពីធម្មតាឡើយដូច្នេះគ្មានហេតុផលណាមួយសម្រាប់ការជូនដំណឹងនោះទេ៕ REUTERS
Source: Kampuchea Thmey Daily
0 Comments