Ad Code

ថ្នាក់​ដឹកនាំ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​ជួបប្រជុំគ្នា ដើម្បី​ផ្សព្វផ្សាយ​ពី​វឌ្ឍនភាព វិស័យ​សេដ្ឋកិច្ច និង​ការវិវត្តន៍​នៃ​សភាពការណ៍​សង្គម​បច្ចុប្បន្ន



ភ្នំពេញ ​៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ ថ្នាក់ដឹកនាំ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស​ចំនួន​២៣០០​នាក់ បាន​ជួប​ប្រជុំគ្នា ដើម្បី​ផ្សព្វផ្សាយ​ពី​វឌ្ឍនភាព វិស័យ​សេដ្ឋកិច្ច​ជាតិ និង​ការវិវត្តន៍​នៃ​សភាពការណ៍​សង្គម​បច្ចុប្បន្ន ដែល​ពិធី​ជួបជុំ​ថ្នាក់​ដឹកនាំ​យុវជន​នេះ បានធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​ពាណិជ្ជកម្ម​កោះ​ពេជ្រ ក្រោម​អធិបតីភាព​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​គណៈ​ចលនា​មហាជន គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​យុវជន​ជាច្រើនរូប​ទៀត។

ការ​ជួបជុំ​ថ្នាក់ដឹកនាំ​យុវជន​របស់​គណបក្ស​ប្រជាជន​កម្ពុ​ជានា​ព្រឹក​នេះ ធ្វើឡើង​ក្នុង​គោលបំណង ទី​១. ដើម្បី​ផ្សព្វផ្សាយ​ពី​វឌ្ឍនភាព​វិស័យ​សេដ្ឋកិច្ចជាតិ និង​ការវិវត្តន៍ នៃ​សភាពការណ៍​សង្គម​បច្ចុប្បន្ន ដែល​ពាក់ព័ន្ធ​ទៅនឹង​សន្តិសុខ នយោបាយ និង​ការ​ការពារជាតិ និង​ទី​២. ដើម្បី​បង្ហាញ​ពី​ការត្រៀមខ្លួន​របស់​ថ្នាក់ដឹកនាំ​យុវជន​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា ក្នុងការ​គាំទ្រ​ការអនុវត្ត​កំណែទម្រង់​នានា​របស់​រាជរដ្ឋាភិបាល និង​ការប្ដេជ្ញា​បន្ត​ប្រឹងប្រែង​ចូលរួមចំណែក​អភិវឌ្ឍ​សង្គមជាតិ ការពារ​សន្តិភាព អធិបតេយ្យភាព ក្នុង​ស្មារតី​ឯករាជ្យ​ជាតិ នៅ​គ្រប់​កាលៈទេសៈ។

មានប្រសាសន៍​នៅក្នុង​ពិធី​នោះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​លើកឡើងថា ស្ថានភាព​នយោបាយ​នៅពេល​បច្ចុប្បន្ននេះ​ មាន​ការវិវត្ត​គួរឱ្យកត់សម្គាល់ ពិសេស​ការសម្រេច​របស់​គណៈកម្មការ​អឺរ៉ុប​លើ​ការ​ចាប់ផ្តើម​នីតិវិធី​នៃ​ការ​ព្យួរ EBA (​គ្រប់មុខ​ទំនិញ​លើក លែង​តែ​អាវុធ​) ការ​បំភ្លៃ​ព័ត៌មាន​អំពី​ការបោះ​ទីតាំង​ទ័ព​បរទេស​ក្នុង​ទឹកដី​កម្ពុជា បញ្ហា​និន្នាការ​នយោបាយ​សកល និង​ការ​បំផុស​បញ្ហា​មួយចំនួន​ក្នុងប្រទេស ក្នុង​បំណង​ធ្វើឱ្យប៉ះពាល់​សតិ អារម្មណ៍​មហាជន ពិសេស​យុវជន​នៅ​ប្រទេស​កម្ពុជា​តែម្តង។

លោកជំទាវ​បន្តថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ធ្លាប់បាន​បញ្ជាក់​ហើយ​ថា «​មិន​ត្រូវយក​អធិបតេយ្យភាព​របស់​យើង ទៅ​ដោះដូរ​ជាមួយ​ជំនួយ​ណាមួយ​នោះឡើយ​» «​ត្រូវ​រស់​ដោយ​អុកស៊ីសែន​ខ្លួនឯង ដោយ​មិនត្រូវ​ពឹង​នូវ​ខ្យល់​ដែល​គេ​បញ្ចូល​ឱ្យ​យើង​នោះទេ​» «​ទោះ​មាន ឬ​គ្មាន EBA វា​ក៏​មិន​ធ្វើឱ្យ​យើង​ស្លាប់ តែ​វា​ក៏​មិន​ធ្វើឱ្យ​យើង​ក្លាយជា​អ្នកមាន​បានដែរ​»​។

តាម​លោកជំទាវ ម៉ែន សំអន ចំពោះ​បញ្ហា EBA នេះ គណៈកម្មការ​អឺរ៉ុប​បានកំណត់​រយៈពេល ១៨​ខែ ក្នុង​ដំណើរការ​ពិនិត្យ​លើ​ការព្យួរ ឬ​មិន​ព្យួរ EBA ហើយក៏​ពុំទាន់​ឈានដល់​ការព្យួរ EBA ភ្លាមៗ​នោះដែរ​។ ការទទួល EBA នេះ​គឺ​សំដៅលើ​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​តិចតួច​ប៉ុណ្ណោះ​។ យើង​មិន​ទុកឱ្យ​បញ្ហា EBA ក្លាយទៅជា ឧបសគ្គ​នៃ​ការទំនាក់ទំនង​រវាង​រដ្ឋ និង​រដ្ឋ សហគមន៍ និង​សហគមន៍​នោះទេ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu