កំពង់ស្ពឺ ៖ ប្តី-ប្រពន្ធពីរនាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងកូនតូចៗពីរ គេចផុតពីគ្រោះថ្នាក់ ប៉ុន្តែត្រូវរស់នៅដោយកំព្រាទាំងវ័យក្មេង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើនេះ កើតឡើង នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ១០និង៤៥នាទី លើផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ (៥០-៥១) ចំណុចលើស្ពាន ធ្នួសលួង ស្ថិតក្នុងភូមិភ្នំដី សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ក្រោយពេលមានករណីនេះ កម្លាំងនគរបាលចរាចរណ៍ នៃស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងអធិការនគរបាលក្រុងច្បារមនចុះរៀបចំសណ្តាប់ធ្នាប់គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់បំផុតមួយនេះ ដែលបង្កឡើងដោយរថយន្ដសណ្ដោងរ៉ឺម៉កបុកម៉ូតូ។
នគរបាលនិយាយថា រថយន្ដ០១គ្រឿង ម៉ាក FUSO ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ3A.6127សណ្ដោងរ៉ឺម៉ក ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ4A.0925 តៃកុងឡានរត់គេចខ្លួនក្រោយកើតហេតុ។
មន្ត្រីនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា រថយន្តបង្កហេតុបើកបរពីទិសខាងលិចទៅទិសខាងកើត លុះមកដល់ត្រង់ចំណុចដូចខាងលើ បានទៅបុកម៉ូតូ ០១គ្រឿង ម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរី២០១២ ស្លាកលេខ ព្រៃវែង 1F-2386 បើកបរដោយឈ្មោ វ៉ា វ៉ាត ភេទប្រុស អាយុ ៣១ឆ្នាំ(ស្លាប់) ឌុបប្រពន្ធឈ្មោះ អូន ភាស់ អាយុ ៣២ឆ្នាំ(ស្លាប់) រួមទាំងកូនឈ្មោះ វ៉ាត វ៉ាន់ថា ភេទស្រី អាយុ ៦ឆ្នាំ និងឈ្មោះ វ៉ាត រក្សា ភេទប្រុស អាយុ ១ឆ្នាំ កូនទាំងពីរគ្មានរបួសនោះទេ។
នគរបាលបន្តថា ជនរងគ្រោះមានទីលំនៅភូមិតាមោ ឃុំព្រែកអន្ទះ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង បើកបរបញ្ច្រាសទិសគ្នា។
ចំពោះមូលហេតុ បណ្តាលមកពីរថយន្តជៀសម៉ូតូនៅលើស្ពាន និងមកពីកត្ដាផ្លូវតូចចង្អៀតព្រោះស្ថិតនៅលើស្ពានតែម្ដង។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ សមត្ថកិច្ចនឹងបន្តស្រាវជ្រាវស្វែងរករកម្ចាស់រថយន្ដ និងអ្នកបើកកបរដើម្បីទទួលខុសត្រូវ តាមនីតិវិធីច្បាប់។
ចំពោះមធ្យោបាយ យកមករក្សាទុកបណ្ដោះអាសន្ននៅ ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺចាត់ការកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នអយ្យការចាត់ការតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments