ភ្នំពេញ ៖ ដោយសារតែការអត់ទ្រាំលែងបានលើម្ចាស់មីល្ពៅខេត្តបាត់ដំបង ដែលបានប្រកាសចោទប្រកាន់ចំពោះម្ចាស់មីល្ពៅខេត្តត្បូងឃ្មុំថាជាចោរនោះ លោក កៅ សីហា ដែលជាអ្នកដឹកនាំសម្តែងដ៏ល្បីឈ្មោះរបស់ផលិតកម្មហង្សមាស បានបញ្ចេញប្រតិកម្មយ៉ាងចាស់ដៃលើយុវជនមីល្ពៅខេត្តបាត់ដំបង។
លោក កៅ សីហា បានសរសេរភ្ជាប់ជាមួយការលើកឡើងថា បាកាស,ខារ៉ាបាវ,M150,គោជល់ និយាយរួម energy drink រសជាតិមិនសូវខុសគ្នា ពណ៌ទឹកក៏មិនសូវខុសគ្នា តែគេធ្វើបានពេញពិភពលោក ខុសតែឈ្មោះ ដូចមិនឮគេចោទខាងណាថាចោរសោះ។ ខុសតែលោកប្អូនបាត់ដំបងម្នាក់ហ្នឹង មោទនភាពជ្រុលពេកហើយ ទីផ្សារសេរី គឺការប្រកួតប្រជែងណាអូន។
ការលើកឡើងរបស់អ្នកដឹកនាំសម្តែងរបស់ផលិតកម្មហង្សមាសលោកកៅ សីហា ខាងលើនេះបានធ្វើឲ្យអ្នកនិយមលេងបណ្តាញសង្គមជាច្រើនបង្ហាញការគាំទ្រនិងបញ្ចេញទស្សនៈដែរថា គ្នានៅក្មេងខ្ចីសេចក្តីណាស់ អ្វីទៅទីផ្សារសេរី អ្វីទៅកម្មសិទ្ធិបញ្ញា ?ច្បាប់មិនអាចកំណត់ថា មានតែនរណាម្នាក់ អាចផលិតអ្វីម្យ៉ាងតែម្នាក់ឯងទេ សំខាន់ស្លាកយីហោ បើមីល្ពៅគេថាជាមីល្ពៅត្បូងឃ្មុំគឺជារបស់គេហើយ សំខាន់ប្រកួតប្រជែងគ្នាតាមទីផ្សារសេរី ដោយផ្អែកលើ គុណភាព រសជាតិ ទៅគឺចប់។
ដោយឡែកមិនខុសគ្នានឹងលោក កៅ សីហា ប៉ុន្មាននោះទេ សម្រាប់តារាចម្រៀងលោកម៉ៃ សុគន្ធថ្មីៗនេះ ក៏បានបញ្ចេញទស្សនៈប្រតិកម្មរិះគន់ខ្លាំងៗលើអ្នកផលិតមីល្ពៅបាត់ដំបងដោយចាត់ទុកថាជាសត្វកង្កែបក្នុងអណ្តូង។ ការរិះគន់របស់លោក ម៉ៃ សុគន្ធ នោះបានកើតឡើងស្របពេលដែលអ្នកផលិតមីល្ពៅបាត់ដំបងបានប្រកាសដែរថា បើមាននរណាម្នាក់ហ៊ានធ្វើមីល្ពៅលក់ ជននោះនឹងចាត់ទុកជាចោរ។
តារាប្រុសលោក ម៉ៃ សុគន្ធ ដែលជាប់ងារជាតារាកំពូលទើសបានលើកឡើងថា អាកង្កែបក្នុងអណ្តូងមីល្ពៅបាត់ដំបង ចោទគេចោរមិនកើតទេអាក្អូនចុះអាកង្កែបឯងមានបានបញ្ចេញរូបមន្តអត់? បើសិនអាក្អូនបានបញ្ចេញឬមានគេលួចរូបមន្តធ្វើមីល្ពៅពីយើងចាំចោទគេថាចោរ!។ម្យ៉ាងទៀតអាប្អូនមិនទាន់បានចុះកម្មសិទ្ធិបញ្ញាទេ។ គេធ្វើរូបមន្តផ្សេងអាក្អូនឯងធ្វើរូបមន្តផ្សេងទេ ស្គាល់ពាក្យទីផ្សារសេរីទេ ផលិតផលវាតែងតែមានឈ្មោះស្រដៀងគ្នាតែគុណភាពខុសគ្នាប្អូនធ្វើរបស់ប្អូន គេធ្វើរបស់គេតើ ទៅទើសគេធ្វើអ្វី ហើយបើគេឆ្ងាញ់ជាងឬអន់ជាងកុំខ្វល់រឿងគេទេយល់អត់ច្រណែនគេទេដឹងអាកង្កែបPumpkin។
សូមបញ្ជាក់ថា ការបញ្ចេញមិតរិះគន់នេះគឺបន្ទាប់ពីកើតមានបញ្ហាចម្រូងចម្រាសរវាងយុវជនផលិតមីល្ពៅខេត្តបាត់ដំបងនិង អ្នកផលិតមីល្ពៅខេត្តត្បូងឃ្មុំ ខណៈដែលម្ចាស់មីល្ពៅបាត់ដំបងបានប្រកាសថាមីល្ពៅខ្មែរគឺត្រូវបានទទួលស្គាល់ពីប្រជាជនខ្មែរទូទាំងប្រទេស ហើយបើជនរណាម្នាក់ហ៊ានធ្វើមីល្ពៅលក់ជននោះ នឹងចាត់ទុកជាចោរ។ ប៉ុន្តែស្រាប់ម្ចាស់មីល្ពៅខេត្តត្បូងឃ្មុំក៏បានបកស្រាយវិញថា ម្ចាស់មីល្ពៅបាត់ដំបងគាត់ចោទខ្ញុំថាជាចោរលួចសម្រាប់ខ្ញុំការបោះពាក្យបែបនឹង ពិតជាមិនត្រឹមត្រូវទេ ព្រោះពាក្យថាល្ពៅអ្នកណាក៏មានសិទ្ធិប្រើប្រាស់និងធ្វើបានដូចគ្នា៕
Source: Kampuchea Thmey Daily
0 Comments