ឧត្ដរមានជ័យ ៖ ដោយសារតែជួបគ្រោះរាំងស្ងួតហួតហែង និងការកង្វះទឹកប្រើប្រាស់ នៅថ្ងៃទី២៣ខែកុម្ភៈ ឆ្នាំ២០១៩ ប្រជាពលរដ្ឋចំនួនបីភូមិ នៅក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ បានសុំអំពាវនាវទៅដល់រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្ដម លឹម គានហោ សូមជួយកសាងទំនប់បង្ហៀរ ឬក៏ទ្វាបិទបើកទឹក ដើម្បីបានទឹកប្រើប្រាស់តាមតម្រូវការ ដូចរាល់ឆ្នាំ។
ប្រជាពលរដ្ឋបានលើកឡើងថា អូរមួយខ្សែនៅចំកណ្ដាលភូមិ បើមានទំនប់បង្ហៀរ ឬក៏ទ្វាទឹក អាចប្រើប្រាស់ បានរហូតដល់ទៅបីភូមិឯណោះ គឺភូមិរំចេក ភូមិរំចេកខាងកើត និងរំចេកខាងលិច ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង។
ប្រជាពលរដ្ឋបានបន្តថា ជារៀងរាល់ឆ្នាំ ទឹកអូរមួយនេះមានទឹកហូរជាប់រហូត ហើយថ្លាល្អងាយស្រួលនឹងប្រើប្រាស់ តែឆ្នាំនេះជួបគ្រោះរាំងស្ងួត ទើបរីងដាច់ទឹកជាអន្លើៗ និងទឹកដែលនៅក្នុងអូក៏ខ្វះប្រើការមិនកើត និងមិនអាចប្រើការបាន។
ហេតុនេះទើបពួកគាត់ក៏បានដាច់ចិត្តលើកដៃសំពះសុំអំពាវនាវទៅដល់ ឯកឧត្ដម លឹម គាន ហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមជួយកសាងទំនប់បង្ហៀរ ឬក៏ទ្វាទឹកជូនដល់ពួកគាត់ទុកគ្រាន់សម្រាប់បានទឹកប្រើប្រាស់ផង និងស្រោចស្រពផង ដើម្បីបម្រើឲ្យជីវភាព ទៅដល់ប្រជាពលរដ្ឋចំនួនបីភូមិនេះផង ដែលកំពុងតែជួបគ្រោះរាំងស្ងួត និងកង្វះទឹកប្រើប្រាស់។
លោក ញ៉ឺក គួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្ដរមានជ័យ បានបញ្ជាក់ថា នៅតំបន់នោះមិនមានគម្រោងទេ និងគ្មានកញ្ចប់ថវិកានិយាយយ៉ាងខ្លីថា អត់ប្រាក់តែម្ដង៕
Source: Kampuchea Thmey Daily
0 Comments