Ad Code

ឪពុក​ម្តាយ​របស់​កូន​ទាំង​១៣​នាក់​ បាន​សារភាព​ទោសកំហុស​ចំពោះ​ការ​ធ្វើ​ទារុណកម្ម​និង​ការ​រំលោភបំពាន​នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា



ប្តី​ប្រពន្ធ​មួយគូ​នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​ បាន​សារភាព​កាលពី​ថ្ងៃ​សុក្រ​ថា​ បាន​ឃុំឃាំង​និង​ធ្វើ​ទារុណកម្ម​ដល់​កូន​ចំនួន​១២​នាក់​ក្នុងចំណោម​កូន​១៣​នាក់​របស់​ពួកគេ​។ ករណីនេះ​ត្រូវបាន​គេ​ហៅថា “​ផ្ទះ​រន្ធត់​” ហើយ​បាន​ទាក់ទាញ​ការយកចិត្តទុកដាក់​ជា​អន្តរជាតិ។

ការិយាល័យ​រដ្ឋអាជ្ញា​សង្កាត់ Riverside County បាន​និយាយថា លោក David Allen Turpin អាយុ​៥៧​ឆ្នាំ​និង​ភរិយា​របស់គាត់​ឈ្មោះ Louise Anna Turpin អាយុ​៥០​ឆ្នាំ​បាន​សារភាព​ទោសកំហុស​ចំពោះ​បទឧក្រិដ្ឋ​ចំនួន​១៤​ករណី​ដែល​ពាក់ព័ន្ធ​នឹង​កូនៗ​មាន​អាយុ​ចាប់ពី​៣​ឆ្នាំ​ដល់​៣០​ឆ្នាំ​។​

ទោះបីជា​យ៉ាងណាក៏ដោយ មិនមាន​ការចោទប្រកាន់​ដែល​ទាក់ទង​នឹង​កូនពៅ​ទេ​។​
​លោក Michael Hestrin រដ្ឋអាជ្ញា​សង្កាត់​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា “​នេះ​គឺ​ស្ថិតក្នុង​ចំណោម​ករណី​រំលោភបំពាន​កុមារ​ធ្ងន់ធ្ងរ​បំផុត​ដែល​ខ្ញុំ​ធ្លាប់​ឃើញ​ឬ​ជាប់​ពាក់ព័ន្ធ​ក្នុង​អាជីព​របស់ខ្ញុំ​ក្នុងនាម​ជា​រដ្ឋអាជ្ញា​”​។ លោក Hestrin បាន​និយាយទៀតថា លោក​ពេញ​ចិត្តនឹង​ការសារភាព​ទោសកំហុស​នេះ​ព្រោះ​វា​នឹង​ជួយ​កុមារ​មិន​ឲ្យ​ធ្វើ​កសិណសាក្សី​នៅឯ​សវនាការ​។​

រឿងក្តី​នេះ​បាន​ផ្ទុះឡើង​កាលពី​ឆ្នាំមុន​នៅពេល​កូនស្រី​ម្នាក់​ឈ្មោះ Jordan អាយុ​១៧​ឆ្នាំ​បាន​រត់គេចខ្លួន​តាម​បង្អួច​ចេញពីផ្ទះ​របស់​ប្ដី​ប្រពន្ធ​នេះ​នៅក្នុង​ទីប្រជុំជន Perris ហើយ​បាន​ទូរស័ព្ទ​ទៅ​សេវា​សង្គ្រោះបន្ទាន់​។​

យោងតាម​ការដកស្រង់​ចេញពី​ការហៅ​ទូរស័ព្ទ​នោះ​ដែល​បាន​បញ្ចេញ​អំឡុង​កិច្ចដំណើរការ​នីតិវិធីតុលាការ​បានបង្ហាញ​ថា នាង​បាន​ប្រាប់​ទៅ​ក្រុម​បញ្ជូន​ថា បងប្អូន​ពីរ​នាក់​របស់​នាង​ត្រូវ​បានដាក់​ច្រវាក់​ជាប់​នឹង​គ្រែ​របស់​ពួកគេ​យ៉ាង​តឹង​ដែល​ធ្វើ​ឲ្យ​ស្បែក​របស់​ពួកគេ​ត្រូវ​រលាត់​ហើយ​នាង​ព្យាយាម​ប្រាប់​ទៅ​ប្រតិបត្តិ​ករ​អំពី​អាសយដ្ឋាន​នៃ​ផ្ទះ​នោះ​។​

នាង​បាន​ប្រាប់​មន្ត្រី​ឆ្លើយតប​ថា ផ្ទះ​នោះ​កខ្វក់​ណាស់​ដែល​នាង​មិនអាច​ដកដង្ហើម​បានទេ​ហើយ​ថា នាង​និង​បងប្អូន​បង្កើត​របស់​នា​ង​មិនដែល​បាន​ងូតទឹក​ឡើយ​។​

មន្ត្រី​ម្នាក់​ដែល​បាន​សម្ភាសន៍​ក្មេង​ជំទង់​រូបនេះ​បន្ទាប់ពី​នាង​រត់គេចខ្លួន​បាន​និយាយថា នាង​មាន​ភាពស្គម​ស្គាំង​ខ្លាំងណាស់​ដោយ​ដំបូង​គាត់​គិតថា​នាង​ជា​កូនក្មេង​ម្នាក់​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu