ភ្នំពេញ ៖ បុរសក្នុងវ័យ៤០ឆ្នាំម្នាក់ សង្ស័យជាមនុស្សបែកថ្នាំ ត្រូវបានរថភ្លើងបុកនិងកិនពីលើ បណ្ដាលឲ្យបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលបុរសម្នាក់នេះឈររាំសប្បាយនៅលើផ្លូវដែក ហើយគាប់ជួនរថភ្លើងមកដល់ ក៏បុក និងកិនពេញទំហឹងស្លាប់នៅនឹងកន្លែងតែម្តង។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង០៥នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅសង្កាត់បឹងកក់២ ព្រំប្រទល់ សង្កាត់ទឹកល្អក់១ និងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនរងគ្រោះរូបនេះ មិនត្រូវបានគេស្គាល់អត្តសញ្ញាណច្បាស់លាស់ឡើយ គ្រាន់តែគេដឹងថា មានឈ្មោះហៅក្រៅ ជាំ ភេទប្រុស អាយុប្រហែលជិត៤០ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ(ក្រោមដើមជ្រៃ)។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា សពបុរសខាងលើជាជនអនាថា ហើយធ្លាប់ប៉ុនប៉ងសម្លាប់ខ្លួន ២ ទៅ៣ដងរួចមកហើយ តែមិនបានសម្រេច។ គាត់ធ្លាប់មានប្រពន្ធ កូន និងម្ដាយរស់នៅជាមួយគ្នា តែត្រូវពួកគេរត់ចោលអស់ ព្រោះតែប្រើប្រាស់គ្រឿងញៀនស្ទើររាល់ថ្ងៃ និងបានប្រើហិង្សាទៅលើពួកគាត់។
ដោយឡែកនៅថ្ងៃកើតហេតុនេះ សង្ស័យ បុរសម្នាក់ បែកថ្នាំ ក៏បានដើរមកឈររាំលេងយ៉ាងសប្បាយនៅលើផ្លូវរថភ្លើង ហើយគាប់ជួន ពេលនោះរថភ្លើងមកដល់ ក៏បានបុក និងកិនពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមៗនៅហ្នឹងកន្លែងតែម្ដង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកធ្វើកំណត់ហេតុ វាស់វែង និងបានទាក់ទងហៅរថយន្តដឹកសព ដឹកយកទៅបូជានៅវត្តទឹកថ្លាភ្លាមដែរ៕
Source: Kampuchea Thmey Daily
0 Comments