មន្ត្រីកំពូលរបស់សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចំនួន២៥ បានសន្យាផ្តល់ជំនួយជាទឹកប្រាក់ចំនួន១០០លានដុល្លារដល់ប្រទេសវេណេហ្ស៊ូអេឡា ខណៈតុលាការជាន់ខ្ពស់របស់ប្រទេស ដែលរងគ្រោះដោយវិបត្តិមួយនេះ បានកំណត់គោលដៅលើនាយកប្រតិបត្តិក្រុមហ៊ុនប្រេងដែលត្រូវបានតែងតាំងដោយគណបក្សប្រឆាំង។
ប្រទេសវេណេហ្ស៊ូអេឡាត្រូវបានញាំញីដោយសារការហក់ឡើងនៃអតិផរណានិងកង្វះខាតទំនិញសំខាន់ៗហើយបុរសពីរនាក់គឺមេដឹកនាំគណបក្សប្រឆាំងលោក Juan Guaido និងលោកប្រធានាធិបតី Nicolas Maduro កំពុងប្រជែងគ្នាដើម្បីគ្រប់គ្រងប្រទេសនេះ។
សហរដ្ឋអាមេរិកស្ថិតក្នុងចំណោមប្រទេសជាង៥០ដែលបានទទួលស្គាល់លោក Guaido ជាប្រធានាធិបតីបណ្ដោះអាសន្នប៉ុន្តែលោក Maduro ដែលគាំទ្រដោយយោធារបស់ប្រទេសក៏ដូចជាប្រទេសរុស្ស៊ី ចិននិងបណ្តារដ្ឋផ្សេងៗមួយចំនួនទៀតផងដែរនោះបានបដិសេធចុះចេញពីតំណែង។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Bolton បានធ្វើសេចក្តីប្រកាសស្តីពីជំនួយដែលបានសន្យាជាមួយវេណេហ្ស៊ូអេឡានេះបន្ទាប់ពីសន្និសីទរបស់អង្គការរដ្ឋអាមេរិក (OAS) ស្តីពីការជួយប្រទេសនេះ។
លោក Bolton បានបង្ហោះ Twitter ថា “សព្វថ្ងៃមានប្រទេសចំនួន២៥ដែលរួបរួមគ្នាក្នុងសន្និសីទស្តីពីជំនួយមនុស្សធម៌របស់ OAS ដើម្បីគាំទ្រប្រទេសវេណេហ្ស៊ូអេឡា។ ពួកគេបានសន្យាផ្តល់ជំនួយមនុស្សធម៌ចំនួន១០០លានដុល្លារ”។
យោងតាមលោក David Smolanchesy អ្នកសម្របសម្រួលក្រុមការងារ OAS ស្តីពីការធ្វើចំណាកស្រុកនិងជនភៀសខ្លួនមកពីប្រទេសវេណេហ្ស៊ូអេឡាបានឲ្យដឹងថា ថវិកានេះនឹងត្រូវផ្តល់ដោយផ្ទាល់ទៅកាន់មជ្ឈមណ្ឌលប្រមូលជំនួយដែលបង្កើតឡើងលើព្រំដែនជាប់ប្រទេសកូឡុំប៊ីនិងប្រេស៊ីលនិងនៅលើកោះ Curazao។
នៅឯពិធីបើកសន្និសីទក្នុងទីក្រុងវ៉ាស៊ីនតោននេះ អ្នកតំណាងរបស់លោក Guaido ប្រចាំសហរដ្ឋអាមេរិកឈ្មោះ Carlos Vecchio បាននិយាយថា អាទិភាពគឺដើម្បីទទួលបានជំនួយទៅកាន់ប្រទេសវេណេហ្ស៊ូអេឡានៅថ្ងៃទី២៣ខែកុម្ភៈដែលមានរយៈពេលមួយខែបន្ទាប់ពីលោក Guaido ប្រកាសខ្លួនឯងជាប្រធានាធិបតីបណ្ដោះអាសន្នរបស់ប្រទេសនេះ។
យោងតាមអង្គការមូលនិធិរូបិយវត្ថុអន្ដរជាតិបានឲ្យដឹងថា ប្រទេសវេណេហ្ស៊ូអេឡាកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចធំបំផុតនៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់ខ្លួនដោយអតិផរណាត្រូវបានគេព្យាករណ៍ថានឹងកើនឡើងដល់១០លានភាគរយនៅក្នុងឆ្នាំនេះ៕ AFP
Source: Kampuchea Thmey Daily
0 Comments