ភ្នំពេញ ៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថា ចាប់ពីខែមេសាឆ្នាំ២០ ១៩ខាងមុខនេះតទៅរាជរដ្ឋាភិបាលជប៉ុននឹងទទួលយកពលករបរទេសរាប់ម៉ឺននាក់ ទៅធ្វើការនៅប្រទេសជប៉ុនដោយស្របច្បាប់ដើម្បីឆ្លើយតបទៅនឹងកង្វះខាតកម្លាំងពលកម្ម ពិសេសលើជំនាញថែទាំមនុស្សចាស់។
ថ្លែងក្រោយជំនួបពិភាក្សាការងារជាមួយ លោក ហ៊ីដេហ៊ីសា ហូរីណូអូឈិ ឯកអគ្គរាជទួតជប៉ុនប្រចាំនៅប្រទេសកម្ពុជាកាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការក្រសួង លោក បណ្ឌិត អ៊ិតសំហេង បានបន្តថា ការបើកទូលាយទីផ្សារពលកម្មរបស់ជប៉ុននេះនឹងជួយឲ្យពលករកម្ពុជាទៅធ្វើការនៅជប៉ុនកាន់តែច្រើនថែមទៀត ខណៈបច្ចុប្បន្នមានត្រឹមតែកម្មសិក្សាការីជាង៩ពាន់នាក់ប៉ុណ្ណោះសិក្សានិងធ្វើការនៅជប៉ុនលើវិស័យសំណង់ កសិកម្ម សេវកម្មនិងថែទាំមនុស្សចាស់។
លោករដ្ឋមន្ត្រីបានឲ្យដឹងទៀតថា ពលករខ្មែរទៅធ្វើការនៅជប៉ុនមិនត្រឹមតែទទួលបាននូវប្រាក់ចំណូលខ្ពស់ដល់១៥០០ដុល្លារប៉ុណ្ណោះទេ ថែមទាំងអាចទទួលបាននូវចំណេះដឹងទាក់ទិននឹងភាសានិងជំនាញសម្រាប់យកមកជួយអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនថែមទៀតផងដែរ។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីបានបន្តទៀតថា ក្រុមការងាររបស់ក្រសួងបាននឹងកំពុងសហការជាមួយមន្ត្រីជំនាញនៃប្រទេសជប៉ុនយ៉ាងសកម្ម ដើម្បីពិនិត្យនិងរៀបចំឯកសារផ្សេងៗហើយដែលរំពឹងថា គ្រោងនឹងចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នាមួយនៅសប្តាហ៍ទី៣នៃខែមីនាឆ្នាំ២០១៩ ខាងមុខនេះនៅទីក្រុងតូក្យូប្រទេសជប៉ុន។
ចំណែកលោក ហ៊ីដេហ៊ីសា ហូរីណូអូឈិ ឯកអគ្គរាជទួតជប៉ុនប្រចាំនៅប្រទេសកម្ពុជាបានមានប្រសាសន៍ថា ប្រព័ន្ធច្បាប់ជប៉ុនថ្មីនេះបានបង្កើតជាទិដ្ឋាការថ្មីចំនួនពីរប្រភេទសម្រាប់ពលករបរទេសគឺទីមួយផ្តល់សុពលភាព៥ឆ្នាំ សម្រាប់ពលករបរទេសដែលអាចនិយាយភាសាជប៉ុនបានល្អនិងទីពីរពលករមានជំនាញខ្ពស់ត្រូវបានអនុញ្ញាតឲ្យនាំគ្រួសារទៅរស់នៅជាមួយដោយមានសិទ្ធិរស់នៅក្នុងប្រទេសជប៉ុនជារៀងរហូតថែមទៀតផងខណៈកាលពីមុនពលករបរទេសដែលទៅធ្វើការនៅប្រទេសជប៉ុនមានសិទ្ធត្រឹមតែកម្មសិក្សាការីទេគឺរៀនផងនិងធ្វើការផង។
លោកស្រីអ៊ឹង ស៊ាងរិទ្ធី ប្រធានសមាគមជ្រើសរើសពលករកម្ពុជាធ្លាប់បានស្វាគមន៍ចំពោះច្បាប់ថ្មីរបស់ជប៉ុននេះ ព្រោះនឹងផ្តល់ឱកាសដល់ពលករខ្មែរទៅធ្វើការនៅប្រទេសជប៉ុនកាន់តែច្រើនថែមទៀតខណៈបច្ចុប្បន្ននេះមានពលករខ្មែរកំពុងធ្វើការនៅប្រទេសជប៉ុន មានចំនួនតិចតួចនៅឡើយ។
លោកស្រីបានប្តេជ្ញាថា នឹងខិតខំបណ្តុះបណ្តាលដល់ពលករដែលមានបំណងទៅធ្វើការនៅជប៉ុនទៅលើជំនាញភាសាជប៉ុន ច្បាប់និងលក្ខខណ្ឌការងារព្រមទាំងវប្បធម៌ប្រពៃណីរបស់ជប៉ុនដើម្បីឲ្យពលករអាចសម្របខ្លួនរស់នៅនិងធ្វើការជាមួយជនជាតិជប៉ុនបាន។
ជាមួយគ្នានេះដែរ លោកស្រីបានណែនាំដល់ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសជប៉ុនត្រូវគោរពច្បាប់ វិន័យនិងលក្ខខណ្ឌការងាររបស់ជប៉ុនឲ្យបានខ្ជាប់ខ្ជួនដើម្បីឲ្យថៅកែពេញចិត្តនិងបង្កើនការជ្រើសរើសពលករខ្មែរទៅធ្វើការឲ្យបានច្រើនថែមទៀតជួយលើកស្ទួយជីវភាពគ្រួសារព្រោះពលករធ្វើកា រនៅជប៉ុនទទួលបានប្រាក់ខែទាបបំផុតជិត១ពាន់ដុល្លារអាមេរិកនិងខ្ពស់បំផុតជិត២ពាន់ដុល្លារអាមេរិក។
ច្បាប់ថ្មីនេះ ត្រូវបានព្រឹទ្ធសភាជប៉ុនអនុសម័យកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះដោយអនុញ្ញាតឲ្យរាជរដ្ឋាភិបាលជប៉ុនទទួលយកពលករបរទេសច្រើនជាងមុនរហូតដល់៣៤ម៉ឺន៥ពាន់នាក់ក្នុងរយៈពេល៥ឆ្នាំ ខាងមុខនេះដើម្បីដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មដែលបណ្តាលមកពីការថយចុះនៃកំណើតប្រជាជននិងការកើនឡើងនៃចំនួនមនុស្សចាស់ជរា។
យោងតាមក្រសួងការងាររបស់ជប៉ុនបានឲ្យដឹងថា គិតត្រឹមចុងខែតុលាឆ្នាំ២០១៨ មានពលករបរទេសធ្វើការក្នុងប្រទេសជប៉ុនចំនួន១លាន២សែន៨ម៉ឺននាក់ ក្នុងនោះជនជាតិចិនមានច្រើនជាងគេរហូតដល់៣៧ម៉ឺននាក់ បន្ទាប់មកជនជាតិវៀតណាមនិងហ្វីលីពីន៕
Source: Kampuchea Thmey Daily
0 Comments