Ad Code

សិស្សសាលា​កាណាដា​២៥​នាក់​រត់គេច​ពី​ភាព​ចលាចល​នៅ​ប្រទេស​ហៃ​ទី



សិស្សសាលា​មួយក្រុម​មាន​គ្នា​២៥​នាក់​មកពី​ទីក្រុង Quebec និង​អ្នកមើលការខុសត្រូវ​ចំនួន​បីនាក់​អាច​ចាក​ចេញពី​ប្រទេស​ហៃ​ទី​បាន​ហើយ​ កាលពី​ថ្ងៃអាទិត្យ​ដែល​នៅ​ទីនោះ ពួកគេ​ត្រូវ​បាន​ជាប់​គាំង​ដោយសារ​ការតវ៉ា​ហិង្សា​ប្រឆាំង​រដ្ឋាភិបាល។

អ្នកមើលការខុសត្រូវ​ម្នាក់​បានបញ្ជាក់​ក្នុង​សារ​មួយ​ផ្ញើ​ទៅកាន់ AFP ថា “​យើង​នៅលើ​យន្តហោះ​ត្រលប់​ទៅ​ទីក្រុង Montreal វិញ​”​។​

ប្រតិបត្តិ​ករ​ទេសចរណ៍​របស់​កា​ណា​ដា Transat ក៏បាន​អះអាង​ផងដែរ​ថា ក្រុម​នៃ​សិស្ស​នេះ​បាន​ជិះ​លើ​ជើងហោះហើរ TS663 ដែល​ចាក​ចេញពី​ទីក្រុង Port-au-Prince នៅ​ម៉ោង​៣:៥៩​នាទី​។​

ក្រៅពី​សិស្ស​ទាំងនេះ បុគ្គលិក​ស្ថានទូត​របស់​ប្រទេស​កាណាដា​ដែល​បាន​បិទទ្វារ​ជា​បណ្ដោះអាសន្ន​ក៏បាន​ធ្វើដំណើរ​មក​ផ្ទះ​វិញ​តាម​យន្តហោះ​នេះ​ផងដែរ​។​

មួយថ្ងៃ​មុន​នោះ ក្រុម​អ្នកទេសចរ​កាណាដា​មាន​គ្នា​១៣១​នាក់​ត្រូវបាន​ជម្លៀស​តាម​ឧទ្ធម្ភាគចក្រ​ចេញពី​រម​ណី​យ​ដ្ឋា​ន​ឆ្នេរសមុទ្រ​ក្នុងប្រទេស​ហៃ​ទី​បន្ទាប់ពី​ត្រូវបាន​ជាប់​អស់​រយៈពេល​មួយ​សប្តាហ៍​នៅ​កន្លែង​នោះ​ដោយសារតែ​ភាពចលាចល​ដែល​កំពុង​បន្ត​។​

ក្រុមហ៊ុន Transat បាន​និយាយថា អ្នកទេសចរ​ត្រូវបាន​គេ​ដឹកជញ្ជូន​ទៅកាន់​ព្រលានយន្តហោះ​អន្តរជាតិ Port-au-Prince ដែលជា​កន្លែង​ពួកគេ​ឡើង​ជិះ​យន្តហោះ​ទៅកាន់​ប្រទេស​កាណាដា​។​

កាលពី​ថ្ងៃ​សុក្រ ប្រទេស​កាណាដា​បាន​ព្រមាន​ជា​ផ្លូវការ​ដល់​ប្រជាពលរដ្ឋ​របស់ខ្លួន​ប្រឆាំងនឹង​ការធ្វើដំណើរ​ទាំងអស់​ទៅកាន់​ប្រទេស​ហៃ​ទី​ដែល​នេះ​ជាការ​ផ្តល់យោបល់​មួយ​ត្រូវបាន​បញ្ចេញ​បន្ទាប់ពី​ការបិទទ្វារ​ស្ថានទូត​របស់ខ្លួន​ជា​បណ្តោះអាសន្ន​នៅក្នុង​ទីក្រុង Port-au-Prince ។​

ចាប់តាំងពី​ថ្ងៃទី​៧​ខែកុម្ភៈ​មក មនុស្ស​យ៉ាងតិច​៧​នាក់​បាន​ស្លាប់​ខណៈ​ប្រទេស​ហៃ​ទី​បាន​ធ្លាក់ចូល​ទៅក្នុង​វិបត្តិ​នយោបាយ​ដោយ​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​ត្រូវបាន​រំខាន​ដោយ​ការតវ៉ា​និង​ការបិទផ្លូវ​នៅតាម​ទីក្រុង​ធំៗ​។​

ក្រុមអ្នកតវ៉ា​មានការ​ខឹង​ចំពោះ​កំណើន​អតិផរណា​និង​ការ​លួច​ប្រាក់​ជិត​២​ពាន់​លាន​ដុល្លារ​ក្នុង​ជំនួយ​ប្រេង​របស់​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ហើយ​ពួកគេ​បានទាមទារ​ឲ្យ​លោក​ប្រធានាធិបតី Jovenel Moise លាលែង​ពី​តំណែង​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu