Ad Code

លោក ប៉ុក សុផល មេបញ្ជាការ​វរៈ​ព្រំដែន​គោក​លេខ​៤០២ រង​ការរិះគន់​ពី​ប្រជាពលរដ្ឋ​ថា ​រំលោភ​យក​ដី​គាត់​ទាំង​ស្រស់​



​ឧ​ត្ត​រ​មានជ័យ ​៖ លោក​ឧត្ដមសេនីយ៍​ត្រី ប៉ុក សុផល ​មេបញ្ជាការ​វរ​ការពារ​ព្រំដែន​លេខ​៤០២ រង​ការចោទប្រកាន់​ពី​ប្រជាពលរដ្ឋ​ចំនួន​១៤​គ្រួសារ​ថា​ បាន​រំលោភ​យក​ដីធ្លី​របស់​ពួកគាត់​ទាំង​ភ្នែក​ស្រស់ លើ​ដី​ទំហំ​ជាង​៤០​ហិកតា ស្ថិតនៅ​ភូមិ​ចំការចេក សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

លោក ប៊ូ ប៊ុន​ថា តំណាង​ប្រជាពលរដ្ឋ​១៤​គ្រួសារ បាន​ឲ្យ​ដឹង​ថា ពួកគាត់​ជា​ប្រជាពលរដ្ឋ​ទាំង​១៤​គ្រួសារ​បាន​បាន​អះអាងថា ​បាន​កាន់កាប់​ដីធ្លី​ និង​អាស្រ័យ​ផល​លើ​ទីតាំង​ដី​ទំហំ​ចំនួន​៤៣,៥​ហិកតា​ចាប់ពី​ឆ្នាំ​២០០៤.២០០៥​មក​ម្ល៉េះ​(​ពោល​គឺមាន​រយៈពេល​ជាង​១០​ឆ្នាំ​)​ លុះ​មកដល់​ពាក់កណ្តាល​ខែធ្នូ​ឆ្នាំ​២០១៨​ថ្មីៗ​នេះ លោក ប៉ុក សុផល ដែល​ទើបនឹង​ផ្លាស់​មកកាន់តំណែង​ជា​មេបញ្ជាការ​វរៈ​ការពារ​ព្រំដែន​លេខ​៤០២(​ថ្មី​)​បាន​នាំ​កម្លាំង ដើរ​សម្លុត​គំរាមកំហែង ​និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ និង​រំលោភ​យក​ដីធ្លី​របស់​ពួកគាត់​។​

លោក​បន្តថា ជាក់ស្ដែង​នូវ​ថ្ងៃទី​១៨​ ខែ​ធ្នូ ​ឆ្នាំ​២០១៨​កន្លងមកនេះ លោក​មេបញ្ជាការ​រូបនេះ បានចេញ​បញ្ជា​ដល់​កម្លាំង​ចំនួន​៦​នាក់ ប្រដាប់​ដោយ​អាវុធ​វែង​ខ្លី​គ្រប់​ដៃ បាន​យក​គ្រឿងចក្រ​(​អេ​ស្ការ​វ៉ូ​ទ័​រ​)​មួយ​គ្រឿង​ចូលទៅ​ឈូសឆាយ​ទន្ទ្រាន​លើដី​ពួកគាត់ ថា​ធ្វើ​ផ្លូវ​សម្រាប់​កងទ័ព​។​

លោក អ៊ុក ប៊ុនហេង ចៅសង្កាត់​អូរ​ស្មាច់ បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ចំនួន​១៤​គ្រួសារ លោក​ទទួល​ស្គាល់​នូវ​លិខិតបញ្ជាក់​កាន់កាប់​ដីធ្លី​ជា​កម្មសិទ្ធិ​របស់​ពួកគាត់​ពិតជា​ត្រឹមត្រូវ​។​

ទាក់ទង​នឹង​ការរិះគន់​ពី​ប្រជាពលរដ្ឋ​ដែលមាន​ទំនាស់​ដីធ្លី​ទាំង​ចំនួន​១៤​គ្រួសារ​នេះ លោក ប៉ុក សុផល មេបញ្ជាការ​វរៈ​ការពារ​ព្រំដែន​លេខ​៤០២ បាន​ឲ្យ​ដឹង​ថា គ្រឿងចក្រ​ទៅ​ឈូសឆាយ​នោះ ​គឺ​ធ្វើ​ផ្លូវ​សម្រាប់​កងទ័ព តែ​មិនបាន​ហ៊ុមព័ទ្ធ​យក​ដី​ពលរដ្ឋ​នោះទេ។​

តំណាង​ពលរដ្ឋ​ខាងលើ ការលើកឡើង​ខាង​ភាគី​កងទ័ព​នោះ គ្រាន់តែ​ជា​លេស​ដើម្បី​រំលោភ​យក​ដីធ្លី​របស់​ពួកគាត់​ទៅធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ និង​បម្រុង​លក់ឲ្យ​ឈ្មួញ​តែប៉ុណ្ណោះ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍ ​និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគាត់​យ៉ាង​ធ្ងន់ធ្ងរ​​ និង​សុំ​បញ្ឈប់​សកម្មភាព​គំរាម​កំហែង​ទៅលើ​ពួកគាត់៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu