នៅថ្ងៃចន្ទ រដ្ឋាភិបាលក្រុងកង់បេរ៉ាបានស្ថិតនៅក្រោមសម្ពាធឲ្យពន្យល់ពីរបៀបដែលក្រុមហ៊ុនមិនសូវល្បីល្បាញមួយឈ្នះកិច្ចសន្យាតម្លៃរាប់រយលានដុល្លារដើម្បីផ្តល់សន្តិសុខនៅជំរំជនភៀសខ្លួនប៉ាស៊ីហ្វិក។
ក្រុមហ៊ុន Paladin Holdings ដែលចុះបញ្ជីនៅប្រទេសសិង្ហបុរីគឺទទួលបានកិច្ចសន្យាទឹកប្រាក់ជាង៤២០លានដុល្លារអូស្ត្រាលី (៣០០លានដុល្លារអាមេរិក) ក្នុងការផ្តល់សេវាកម្មនៅមណ្ឌលចំនួនបីសម្រាប់ជនភៀសខ្លួនលើកោះ Manus របស់ប្រទេសប៉ាពួញូហ្គីណេ។
ប្រតិបត្តិការនេះគឺជាផ្នែកមួយនៃគោលនយោបាយដ៏តឹងរ៉ឹងរបស់រដ្ឋាភិបាលក្រុងកង់បេរ៉ាក្នុងការវាយតម្លៃអ្នកស្វែងរកសិទ្ធិជ្រកកោនដែលព្យាយាមមកដល់ប្រទេសអូស្ត្រាលីតាមទូកនៅជំរំ ឆ្នេរសមុទ្រប៉ាស៊ីហ្វិកដាច់ស្រយ៉ាលដែលជាកន្លែងជនភៀសខ្លួនរាប់រយនាក់ត្រូវបានជាប់គាំងអស់រយៈពេល៥ឆ្នាំ។
ប៉ុន្តែមានសំណួរលើកឡើងថាតើមូលហេតុអ្វីបានជាក្រុមហ៊ុន Paladin ត្រូវបានគេផ្តល់កិច្ចសន្យាបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា ក្រុមហ៊ុនមានបទពិសោធតិចតួចមួយនេះត្រូវបានគេដាក់ទុនស្តួចស្តើងនិងមានទំនាក់ទំនងជាមួយអ្នកនយោបាយជាន់ខ្ពស់របស់ប្រទេសប៉ាពួញូហ្គីណេ។
កាសែត The Australian Financial Review បានឲ្យដឹងថា ការិយាល័យចុះបញ្ជីរបស់ក្រុមហ៊ុន Paladin នៅក្នុងប្រទេសអូស្ត្រាលីគឺជាតូបលើឆ្នេរខ្សាច់មួយនៅលើកោះ Kangaroo ដែលជាជម្រកសត្វព្រៃជិតឆ្នេរនៃរដ្ឋ South Australia។
កាសែតនេះបានរាយការណ៍នៅថ្ងៃចន្ទថា បន្ទាប់ពីមានរបាយការណ៍បានលេចឡើងកាលពីសប្តាហ៍មុននោះ ក្រុមហ៊ុន Paladin បានផ្លាស់ប្តូរអាស័យដ្ឋានដែលបានចុះបញ្ជីរបស់ខ្លួនទៅការិយាល័យមួយនៅក្នុងរាជធានីកង់បេរ៉ា។
អគ្គរាជអាជ្ញា Christian Porter បានការពារសេចក្តីសម្រេចចិត្តប្រគល់កិច្ចសន្យាសន្តិសុខទៅឲ្យក្រុមហ៊ុន Paladin ដោយប្រាប់បណ្តាញផ្សព្វផ្សាយជាតិ ABC ថា សំណើរបស់ប៉ាពួញូហ្គីណេគឺជាកម្មវត្ថុនៃដំណើរការលទ្ធកម្ម Commonwealth ឯករាជ្យ។
លោកនិយាយថា “ខ្ញុំប្រាកដថា ពាក្យបណ្តឹងនេះនឹងត្រូវបានគេស៊ើបអង្កេតយ៉ាងហ្មត់ចត់”។
លោក Porter បានបន្ថែមថា របាយការណ៍នៃទំនាក់ទំនងរវាងក្រុមហ៊ុន Paladin និងគ្រួសារដែលមានមូលដ្ឋានលើកោះ Manus របស់អ្នកនយោបាយប៉ាពួញូហ្គីណេជាន់ខ្ពស់នឹងត្រូវគេស៊ើបអង្កេតយ៉ាងហ្មត់ចត់៕ AFP
Source: Kampuchea Thmey Daily
0 Comments