មេដឹកនាំគណបក្សប្រឆាំងវេណេហ្ស៊ូអេឡាលោក Juan Guaido បានកំណត់គោលដៅកាលពីថ្ងៃអាទិត្យក្នុងការប្រមូលអ្នកស្ម័គ្រចិត្តចំនួនមួយលាននាក់ក្នុងរយៈពេលមួយសបា្ដហ៍ដើម្បីប្រឈមមុខនឹងការរាំងស្ទះរបស់រដ្ឋាភិបាលដែលបានទប់ស្កាត់ជំនួយមនុស្សធម៌រាប់តោនពីការចូលក្នុងប្រទេសនេះ។
លោក Guaido បានកំណត់យកថ្ងៃទី២៣ខែកុម្ភៈជាកាលបរិច្ឆេទសម្រាប់ការប្រកួតប្រជែងអំពីជំនួយជាមួយរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Nicolas Maduro។
ការផ្គត់ផ្គង់ស្បៀងអាហារ សម្ភារៈអនាម័យនិងអាហារបំប៉នត្រូវបានរក្សាទុកនៅជិតព្រំដែនរបស់ប្រទេសវេណេហ្ស៊ូអេឡាក្នុងទីក្រុង Cucuta នៃប្រទេសកូឡុំប៊ី។
មណ្ឌលផ្ទុកបន្ថែមត្រូវបានគេសន្មត់ថានឹងបើកនៅសប្តាហ៍នេះក្នុងប្រទេសប្រេស៊ីលនិងកោះ Curacao ដែលជាកោះរបស់ហូឡង់នៅជិតឆ្នេរសមុទ្រ Caribbean ភាគខាងជើងប្រទេសវេណេហ្ស៊ូអេឡា។
លោក Guaido បាននិយាយនៅក្នុងសារមួយទៅកាន់អ្នកគាំទ្រ៦០០,០០០នាក់ដែលបានចុះហត្ថលេខាសម្រាប់ការជំរុញឲ្យមានជំនួយថា “ភារកិច្ចចម្បងរបស់យើងគឺដើម្បីឈានទៅដល់អ្នកស្ម័គ្រចិត្តចំនួនមួយលាននាក់នៅត្រឹមថ្ងៃទី២៣ខែកុម្ភៈ”។
លោកបាននិយាយថា អ្នកស្ម័គ្រចិត្តនឹងត្រូវប្រមូលផ្តុំគ្នានៅកន្លែងដែលបានកំណត់ឬចូលរួមក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម។
ក្បួនរថយន្តក្រុងត្រូវបានគេគ្រោងទុកដើម្បីដឹកអ្នកស្ម័គ្រចិត្តទៅកាន់ច្រកព្រំដែនដើម្បីជួបនិងដឹកជញ្ជូនទំនិញដែលមកដល់ប៉ុន្តែលោក Guaido បានលាក់បាំងអំពីវិធីដែលគាត់គ្រោងទុកដើម្បីយកឈ្នះលើឧបសគ្គដែលដាក់ដោយយោធាវេណេហ្ស៊ូអេឡាតាមការបញ្ជារបស់លោក Maduro ។
ក្រុមអ្នកស្ម័គ្រចិត្តបានចាប់ផ្តើមជួបជុំគ្នានៅក្នុងអ្វីដែលគេហៅថា “ជំរំមនុស្សធម៌” នៅក្នុងរដ្ឋជាច្រើនរបស់ប្រទេសវេណេហ្ស៊ូអេឡាដើម្បីរៀបចំនិងត្រៀមខ្លួនសម្រាប់ការមកដល់នៃជំនួយ។ គ្រូពេទ្យ គិលានុបដ្ឋាយិកា ទន្ដពេទ្យនិងពេទ្យកុមារបានចូលរួមក្នុងការជួយដល់អ្នកស្រុក។
គួរបញ្ជាក់ថា សេដ្ឋកិច្ចដ៏អន់ខ្សោយបានជំរុញឲ្យប្រជាជនវេណេហ្ស៊ូអេឡាយ៉ាងច្រើនត្រូវផ្លាស់ទីលំនៅខណៈអ្នកដែលនៅសេសសល់ត្រូវរងទុក្ខដោយសារអតិផរណាខ្ពស់ដែលធ្វើឲ្យមានកង្វះខាតម្ហូបអាហារនិងឱសថសម្រាប់មនុស្សជាច្រើន៕ AFP
Source: Kampuchea Thmey Daily
0 Comments