ជនជីហាដនិយមសញ្ជាតិកាណាដាម្នាក់ដែលត្រូវបានឃាត់ខ្លួននៅក្នុងប្រទេសស៊ីរីបានប្រាប់ AFP ថា គាត់ត្រូវបានបោះបង់ចោលដោយក្រុមរដ្ឋឥស្លាមដូចជាអ្នកប្រយុទ្ធបរទេសដទៃទៀតដែរហើយបានអំពាវនាវដល់រដ្ឋាភិបាលរបស់គាត់ឲ្យជួយ។
លោក Mohammad Ali អាយុ២៨ឆ្នាំត្រូវបានចាប់ខ្លួនដោយកងកម្លាំងប្រដាប់អាវុធស៊ីរី (SDF) ដែលគាំទ្រដោយអាមេរិកកាលពី៩ខែមុនខណៈពេលព្យាយាមរត់គេចចូលទៅក្នុងប្រទេសទួរគីជាមួយប្រពន្ធសញ្ជាតិកាណាដានិងកូនពីរនាក់របស់គាត់។
គាត់ត្រូវបានគេសម្ភាសន៍នៅឯមណ្ឌលឃុំឃាំងមួយក្នុងទីក្រុងភាគឦសាន Hasakeh។
លោក Ali ដែលបានចូលរួមជាមួយក្រុម IS ក្នុងឆ្នាំ២០១៤ក្រោមឈ្មោះ Abu Turab al-Kanadi បាននិយាយថា គាត់ត្រូវបានសួរចម្លើយដោយមន្ត្រី FBI, CIA និងមន្ត្រីការពារជាតិអាមេរិកប៉ុន្តែមិនធ្លាប់ត្រូវបានសាកសួរដោយមន្ត្រីកាណាដាទេ។
រដ្ឋបាលឃើដនៅភាគឦសានប្រទេសស៊ីរីចង់បញ្ជូនអ្នកទោសឲ្យត្រលប់ទៅធ្វើការជំនុំជម្រះក្តីវិញប៉ុន្តែរដ្ឋាភិបាលនៅក្នុងប្រទេសដើមរបស់ពួកគេជាញឹកញាប់មានការស្ទាក់ស្ទើរ។
ក្រសួងការបរទេសកាណាដាបាននិយាយថា ខ្លួនបានបើកប៉ុស្តិ៍ទំនាក់ទំនងមួយជាមួយអាជ្ញាធរឃើដប៉ុន្តែថា មិនមានកិច្ចព្រមព្រៀងលើការធ្វើមាតុភូមិនិវត្តន៍ទេ។
អង្គការគ្រួសារប្រឆាំងអំពើជ្រុលនិយមហិង្សា (FAVE) បាននិយាយថា ពួកគេដឹងថាមានជនជាតិកាណាដាចំនួន២៥នាក់ត្រូវបានឃុំឃាំងដោយ SDF ។
ដូចជាសមាជិកក្រុម IS ដែលត្រូវគេចាប់ខ្លួនបានជាច្រើននាក់ទៀតដែរ លោក Ali បាននិយាយថា គាត់បានចូលរួមជាមួយក្រុមនេះដើម្បីប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Bashar al-Assad។
ដំបូងគាត់បានធ្វើការនៅក្នុងក្រសួងប្រេងកាតរបស់ក្រុម IS អស់រយៈពេលបួនខែដោយសារតែបទពិសោធន៍របស់គាត់នៅប្រទេសកាណាដាក្នុងនាមជាកម្មករប្រេង។
ក្នុងអំឡុងពេលនោះ គាត់បានប្រើប្រាស់គណនី Twitter ដ៏សំខាន់មួយដើម្បីអំពាវនាវឲ្យអ្នកដទៃចូលរួមជាមួយក្រុមជីហាដនិយមប៉ុន្តែគាត់បាននិយាយថា គាត់មិនដែលជាផ្នែកមួយនៃប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ក្រុម IS ទេ។
គាត់បានចំណាយពេល៣ឆ្នាំក្រោយមកក្នុងនាមជាអ្នកប្រយុទ្ធនិងជាអ្នកបង្វឹកប៉ុន្តែគាត់បាននិយាយថា គាត់តែងតែបដិសេធបាញ់ជនស៊ីវិល។
Ali បាននិយាយថា គាត់ចាប់ផ្តើមសង្ស័យចំពោះការសម្រេចចិត្តរបស់គាត់ក្នុងការចូលរួមជាមួយក្រុម IS នៅចុងឆ្នាំ២០១៦នៅពេលដែលក្រុមជីហាដនិយមមួយនេះចាប់ផ្តើមបាត់បង់ទឹកដីនិងងាកមកប្រឆាំងជនបរទេសដោយរួមទាំងមិត្តភក្តិជនជាតិហូឡង់ម្នាក់របស់គាត់ផងដែរដែលត្រូវបានប្រហារជីវិតដោយក្រុមនេះ៕ AFP
Source: Kampuchea Thmey Daily
0 Comments