Ad Code

រដ្ឋាភិបាល​លោក Trudeau ជួប​វិបត្តិ​បន្ទាប់ពី​ការលាលែង​តំណែង​របស់​រដ្ឋមន្ត្រី​កាណាដា



ការ​លាលែង​ពី​តំណែង​ភ្លាមៗ​របស់​រដ្ឋមន្ត្រី​កាណាដា​មួយ​រូប​កាលពី​ថ្ងៃ​អង្គារ​ បាន​បង្វែរ​ការចោទប្រកាន់​មិន​ច្បាស់លាស់​អំពី​ការ​ជ្រៀតជ្រែក​ក្នុង​ការ​កាត់ទោស​ព្រហ្មទណ្ឌ​លើ​ក្រុមហ៊ុន​វិស្វកម្ម​យក្ស​មួយ​ឲ្យ​ក្លាយទៅជា​វិបត្តិ​នយោបាយ​កាន់តែ​ជ្រាលជ្រៅ​សម្រាប់​គណបក្ស​សេរីនិយម​របស់​លោក​នាយ​ក​រដ្ឋមន្ត្រី Justin Trudeau​។​

ការលាលែង​ពី​តំណែង​របស់​លោកស្រី Jody Wilson-Raybould បាន​កើតឡើង​ក្រោយ​មានការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​ថា​តើ​ការិយាល័យ​របស់លោក Trudeau បានដាក់​សម្ពាធ​ឲ្យ​លោកស្រី​ធ្វើ​អន្តរាគមន៍​នៅក្នុង​ការកាត់ទោស​ក្រុមហ៊ុន SNC-Lavalin មែន​ឬក៏​អត់​។​

ក្រុមហ៊ុន​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង Montreal មួយ​នេះ​ត្រូវបាន​គេ​ចោទប្រកាន់​ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​ឆ្នាំ​២០១៥​សម្រាប់​ការ​សូកប៉ាន់​ក្រុមមន្ត្រី​នៅ​ប្រទេស​លី​ប៊ី​ក្នុង​ចន្លោះ​ឆ្នាំ​២០០១​ដល់​ឆ្នាំ​២០១១​ដើម្បី​ធានាបាន​កិច្ចសន្យា​របស់​រដ្ឋាភិបាល​ក្នុងអំឡុងពេល​នៃ​ការ​កាន់អំណាច​របស់​អតីត​បុរស​ខ្លាំង Moamer Kadhafi​។​

លោកស្រី Jody Wilson-Raybould ដែលជា​អគ្គរាជអាជ្ញា​ជនជាតិដើម​ភាគតិច​ដំបូង​គេ​និង​ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​របស់​ប្រទេស​កាណាដា​មុនពេល​ត្រូវបាន​ប្តូរ​ទៅកាន់​តំណែង​ផ្សេង​កាលពី​ខែ​មុន​បានប្រកាស​នៅលើ​បណ្តាញ​សង្គម Twitter ថា ដោយមាន​ការព្រួយបារម្ភ លោកស្រី​បាន​ចាក​ចេញពី​គណៈរដ្ឋមន្ត្រី​។​

ទន្ទឹម​នោះ លោក Trudeau បាន​និយាយថា គាត់​មានការ​ភ្ញាក់ផ្អើល​និង​ខកចិត្ត​។ លោក​និយាយថា “​រដ្ឋាភិបាល​របស់​យើង​បានធ្វើ​ការងារ​យ៉ាង​ត្រឹមត្រូវ​និង​យោងតាម​ច្បាប់​ទាំងអស់​”​។​

ក្រុមហ៊ុន SNC-Lavalin បាន​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​រួមទាំង​មន្ត្រីជាន់ខ្ពស់​នៅក្នុង​ការិយាល័យ​របស់​លោក Trudeau ផងដែរ​សម្រាប់​ការដោះស្រាយ​ក្រៅ​តុលាការ​។​

យោងតាម​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ដែល​បានលើកឡើង​ដោយ​កាសែត Globe and Mail បាន​ឲ្យ​ដឹងថា លោកស្រី Wilson-Raybould បាន​បដិសេធ​ស្នើសុំ​ឲ្យ​ព្រះរាជអាជ្ញា​ដោះស្រាយ​ជាមួយ​ក្រុមហ៊ុន​នេះ​។​

លោក Trudeau បាន​បដិសេធ​ការចោទប្រកាន់​ទាំងនេះ​ដោយនិយាយ​ថា “​ខ្ញុំ​ឬ​ការិយាល័យ​របស់ខ្ញុំ​មិនបាន​ណែនាំ​ឲ្យ​អគ្គរាជអាជ្ញា​បច្ចុប្បន្ន​ឬ​ពេលមុន​ធ្វើការ​សម្រេចចិត្ត​ជាក់លាក់​ណាមួយ​នៅក្នុង​បញ្ហា​នេះ​ទេ​”​។​

ហើយ​កាលពី​ថ្ងៃ​ចន្ទ ស្នងការ​ជនជាតិភាគតិច​ឯករាជ្យ​បាន​បើក​ការស៊ើបអង្កេត​មួយ​ដែលជា​លើក​ទី​ពីរ​ចូលទៅក្នុង​នាយករដ្ឋមន្ត្រី​ដែល​បាន​ជាប់ឆ្នោត​ជា​លើកដំបូង​នៅ​ឆ្នាំ​២០១៥​រូបនេះ​លើ​ការសន្យា​បោសសម្អាត​អំពើពុករលួយ​ខណៈ​ការបោះឆ្នោត​លើក​ក្រោយ​នៅសល់​រយៈពេល​ត្រឹមតែ​ប្រាំបី​ខែ​ទៀត​ប៉ុណ្ណោះ​៕ AFP

​

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu