លោកប្រធានាធិបតី Donald Trump បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នដើម្បីដោះស្រាយនូវអ្វីដែលលោកហៅថាជា “ការលុកលុយ” របស់គ្រឿងញៀន ឧក្រិដ្ឋជន អ្នកជួញដូរមនុស្ស និងជនអន្តោប្រវេសន៍គ្មានឯកសារនៅតាមព្រំដែនអាមេរិកជាប់ប្រទេសម៉ិកស៊ិក។
សេចក្តីប្រកាសនេះមានន័យថា លោក Trump នឹងមិនអាចត្រូវបានរារាំងដោយសភាទេសម្រាប់លទ្ធភាពទទួលបានមូលនិធិសហព័ន្ធពីកន្លែងផ្សេងដើម្បីជួយបង់ថ្លៃសម្រាប់ការសាងសង់ជញ្ជាំងព្រំដែន។
ស្របពេលដែលមន្ទីរបញ្ចកោណគឺជាប្រភពសាច់ប្រាក់ដ៏ធំបំផុតនោះ សូមក្រឡេកមើលពីរបៀបដែលយោធាអាមេរិកអាចជួយកសាងជញ្ជាំងរបស់លោក Trump បាន។
អស់ថ្លៃប៉ុន្មាន?
សេចក្តីប្រកាសរបស់លោក Trump ស្តីពីគ្រាអាសន្នថ្នាក់ជាតិមានន័យថា ឥឡូវនេះគាត់អាចទទួលបានថវិកាពីមន្ទីរបញ្ចកោណដែលត្រូវបានអនុម័តរួចទៅហើយដោយសភាសម្រាប់ឆ្នាំ២០១៩នេះ។
គាត់ចង់ឲ្យសភាផ្តល់ទឹកប្រាក់៥.៧ពាន់លានដុល្លារសម្រាប់ជញ្ជាំងមួយនៅតាមបណ្ដោយព្រំដែនប៉ុន្តែតំណាងរាស្ដ្របានផ្ដល់ត្រឹមតែ១.៣៧៥ពាន់លានដុល្លារប៉ុណ្ណោះសម្រាប់របាំងនិងជាពិសេសមិនមែនជាជញ្ជាំងបេតុងដ៏រឹងមាំនោះទេ។
សេតវិមាននិយាយថា លោក Trump នឹងទទួលបានទឹកប្រាក់ចំនួន៦.១ពាន់លានដុល្លារពីប្រភពមន្ទីរបញ្ចកោណចំនួនពីរ, ៣.៦ពាន់លានដុល្លារពីមូលនិធិសាងសង់យោធានិង២.៥ពាន់លានដុល្លារពីមូលនិធិសកម្មភាពប្រឆាំងគ្រឿងញៀនរបស់ក្រសួងការពារជាតិ។
ថ្វីបើសេចក្តីប្រកាសគ្រាអាសន្នរបស់លោក Trump ត្រូវបានគេរំពឹងទុកជាច្រើនសប្តាហ៍មកហើយក៏ដោយ មន្ទីរបញ្ចកោណមិនអាចផ្តល់ព័ត៌មានលម្អិតអំពីកម្មវិធីឬគម្រោងណាមួយទេ។
តើនរណានឹងសាងសង់វា?
មន្ទីរបញ្ចកោណមានកងទ័ពបំពេញភារកិច្ចសកម្មចំនួន៤,០០០នាក់ឈរជើងនៅតាមបណ្តោយព្រំដែនដែលត្រូវបានដាក់ពង្រាយនៅក្រោមបញ្ជាដ៏ចម្រូងចម្រាសមួយដែលបញ្ជាកាលពីឆ្នាំមុនមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ។
លើសពីនេះទៀត ឆ្មាំជាតិប្រហែល២,១០០នាក់កំពុងជួយដល់ប្រតិបត្តិការតាមព្រំដែន។
តួនាទីរបស់កងទ័ពបានផ្តោតសំខាន់លើការដំឡើងលួសបន្លានៅទូទាំងច្រកព្រំដែនបើទោះបីជាទាហានមិនចាំបាច់មានជំនាញក្នុងការសាងសង់ជញ្ជាំងជាអចិន្ត្រៃយ៍ក៏ដោយ។
ភារកិច្ចបែបនេះអាចធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់កងពលវិស្វករដែលមានបទពិសោធន៍ធ្វើការលើគម្រោងធំៗជាច្រើនទសវត្សរ៍មកហើយ។
មន្ទីរបញ្ចកោណអាចបញ្ជូនកងទ័ពបន្ថែមទៀតទៅព្រំដែនដើម្បីជួយឬការងារនេះអាចត្រូវបានផ្តល់ទៅឲ្យក្រុមហ៊ុនម៉ៅការឯកជន។
ក្រោមអំណាចអ្វី?
ច្បាប់គ្រាអាសន្នថ្នាក់ជាតិបានអនុញ្ញាតឲ្យប្រធានាធិបតីប្រកាសដាក់ប្រទេសក្នុងភាពអាសន្នបើសិនជាមានហេតុផលច្បាស់លាស់។
បន្ទាប់មក វាអនុញ្ញាតឲ្យមានការប្រមូលផ្តុំអំណាចគ្រាអាសន្នរាប់រយដែលស្ថិតក្រោមច្បាប់ដទៃទៀតនិងផ្តល់លទ្ធភាពទទួលបានមូលនិធិមន្ទីរបញ្ចកោណ។
អំណាចគ្រាអាសន្នក៏អាចអនុញ្ញាតឲ្យសេតវិមានប្រកាសច្បាប់អាជ្ញាសឹក, ផ្អាកសេរីភាពស៊ីវិល, ពង្រីកកងទ័ព, រឹបអូសទ្រព្យសម្បត្តិនិងរឹតត្បិតការធ្វើពាណិជ្ជកម្ម ការទាក់ទងនិងប្រតិបត្តិការហិរញ្ញវត្ថុផងដែរបើទោះបីជាលោក Trump មិនបានលើកឡើងថាអ្វីដែលនឹងកើតឡើងក្រោមការប្រកាសរបស់លោកក៏ដោយ។
បញ្ហាប្រឈមផ្នែកច្បាប់
សេចក្តីប្រកាសអំពីគ្រាអាសន្នថ្នាក់ជាតិប្រាកដជានឹងត្រូវប្រឈមនៅក្នុងតុលាការនិងអ្នកតាក់តែងច្បាប់ខាងគណបក្សប្រជាធិបតេយ្យ។
បណ្តឹងទាមទារសំណងក៏ត្រូវបានគេរំពឹងផងដែរពីម្ចាស់ដីនៅតាមព្រំដែនដែលប្រឈមនឹងហានិភ័យនៃការរឹបអូសយកដោយរដ្ឋាភិបាលនិងពីអង្គការបរិស្ថានដែលខឹងសម្បាយ៉ាងខ្លាំងថា លោក Trump ចង់កសាងជញ្ជាំងនៅទូទាំងតំបន់ដែលប៉ះពាល់ដល់បរិស្ថាន។
ប្រធានសភាលោកស្រី Nancy Pelosi និងមេដឹកនាំសំឡេងភាគតិចនៃព្រឹទ្ធសភាលោក Chuck Schumer បានប្រកាសរិះគន់ភ្លាមៗចំពោះផែនការរបស់លោក Trump ថាជា “ការដណ្តើមយកអំណាច” ដោយប្រធានាធិបតីមួយរូបដែលបានដើរហួសព្រំដែននៃច្បាប់ដើម្បីបំពេញតាមការសន្យាអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០១៦របស់លោកដើម្បីសាងសង់ជញ្ជាំង៕ AFP
Source: Kampuchea Thmey Daily
0 Comments