Ad Code

ស្រែប្រាំង​ប្រជាពលរដ្ឋ​ជាង​700 ហិកតា នៅ​ក្នុង​ឃុំ​ដា និង​ឃុំ​សំរោង​សែន ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត និង​មន្ទីរ​ធនធាន​ទឹក​ជួយសង្គ្រោះ​បាន​៨០​ភាគរយ​ហើយ



កំពង់ឆ្នាំង ​៖​ កន្លងមក​ជាង​កន្លះ​ខែ​មុន​នេះ ស្រែប្រាំង​ប្រជាពលរដ្ឋ នៅក្នុង​ឃុំ​សំរោង​សែន និង​ឃុំ​ដារ ស្រុក​កំពង់លែង បាន​ខ្វះខាត​ទឹក​ជាង​700 ហិកតា ប៉ុន្តែ​មកដល់​ថ្ងៃទី​១០ ខែ​មីនា​នេះ មន្ទីរ​ធនធានទឹក​និង​អាជ្ញាធរខេត្ត ជួយផ្តល់​ម៉ាស៊ីនបូមទឹក ជួយផ្តល់​ប្រេង ជួយសង្គ្រោះ​ស្រូវ​ស្រែ​ខ្វះ​ទឹកបាន 80 ភាគរយ​ហើយ គឺ​នៅសល់ ២០ ភាគរយ​ទៀត កំពុង​បន្ត​ជួយសង្គ្រោះ​រហូតដល់​ប្រមូល​ផល​រួចរាល់។

លោក ផៃ ភុ​ន មេឃុំ​ដារ​ស្រុក​កំពង់លែង នៅ​រសៀល​ថ្ងៃទី​១០ ខែ​មីនា​នេះ ក្នុងពេល​ចុះ​ពិនិត្យ​ម៉ា ស៊ីន​បូមទឹក​ជាមួយ​អាជ្ញាធរ​ស្រុក និង​មន្ទីរ​ធនធានទឹក នៅ​ស្ទឹង​សំរោង​សែន ក្នុង​ឃុំ​សំរោង​សែន បាន​និយាយ​ឲ្យ​ដឹងថា ៖ ស្រែប្រាំង​នៅក្នុង​ឃុំ​ដា​សរុប​មាន​ចំនួន 2020 ហិកតា ក្នុងនោះ​កាលពី​កន្លះ​ខែ​មុននេះ​បាន​ខ្វះ​ទឹក 700 ហិកតា។ ប៉ុន្តែ​ក្រោយពី​អាជ្ញាធរ​ឃុំ​បាន​រាយការណ៍​ទៅ​ថ្នាក់លើ​មក ក្រុមការងារ​ថ្នាក់កណ្តាល​របស់​ខេត្ត បាន​ជួយ​ប្រេង​៧៥០​លីត្រ មន្ទីរ​ធនធាន​ទឹកបាន​ជួយ​ប្រេង​១០០០​លីត្រ លោក អៀង វុ​ធ អភិបាលរង​ខេត្ត បាន​ជួយ​ថវិកា​២​លាន​រៀល ទិញ​ម៉ាស៊ីនបូមទឹក​១​គ្រឿង ក្នុងនោះដែរ​សមាគម​​ក្នុង​ឃុំ​ដា បាន​សហការ​ជួយ​ដាក់​ម៉ាស៊ីនបូមទឹក​៥​គ្រឿង​ទៀត ដើម្បី​បូមទឹក​ពី​ស្ទឹង​សំរោង​សែន ដែលមាន​ប្រភព​ពី​ស្ទឹង​ជី​និ​ត បូម​បញ្ចូល​ក្នុង​ស្ទឹង​រដ្ឋ ទើប​ប្រជាពលរដ្ឋ​ម្ចាស់​ស្រែ​ដាក់​ម៉ាស៊ីនបូមទឹក​តាម​គ្រួសារ បូម​ពី​ស្ទឹង​រដ្ឋ​ដាក់​តាម​ស្រែ​របស់គាត់​បន្តទៀត ដែល​គិត​មកដល់​ត្រឹម​ថ្ងៃទី​១០ ខែ​មីនា​នេះ បូមទឹក​សង្គ្រោះ​ស្រូវ​ស្រែ​បាន​៨០​ភាគរយ​ហើយ នៅ​២០​ភាគរយ​ទៀត កំពុង​បន្ត​បូមទឹក​ជួយសង្គ្រោះ​បន្ថែមទៀត។

ទាក់ទង​បញ្ហា​នេះ លោក ដោក ប៊ុន​ថុ​ន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត ក្នុងពេល​ចុះទៅពិនិត្យ​ម៉ាស៊ីនបូមទឹក​នៅ​ឃុំ​សំរោង​សែន នៅ​រសៀល​ថ្ងៃទី 10 ខែមីនា នេះ​បានអោយដឹងថា​៖ កន្លងមក​មន្ទីរ​ធន​ធាន​ទឹក ​បាន​ផ្ដល់​ប្រេង​ចំនួន 1000 លីត្រ​រួចហើយ នៅថ្ងៃនេះ មន្ទីរ​នឹង​ជួយផ្តល់​ប្រេងប​ន្ថែ​ម​ចំ​នួន​១០០​លីត្រ ​ ដើម្បី​សង្គ្រោះ​ស្រូវប្រាំង​ខ្វះ​ទឹក​នៅក្នុង​ភូមិ​ជ្រលង ចំនួន​២០០​ហិកតា​ទៀត ដែល​នៅ​ឆ្ងាយ និង​ដែល​ទឹកបាន​បូម​ដាក់​ប្រឡាយ​មេ​មិនទាន់​ហូរ​ទៅដល់។

លោក​ប្រធាន​មន្ទីរ​ធនធាន​ទឹក បានបញ្ជាក់​អោយដឹងទៀតថា ៖ ការពិត​ដីស្រែ​ជាង​២០០​ហិកតា នៅក្នុង​ភូមិ​ជ្រលង ឃុំ​ដា ជា​ដីស្រែ​គាស់​រាន​ពង្រីក​ថ្មី​របស់​ប្រជាពលរដ្ឋ ដែល​គ្មាន​ប្រភពទឹក​គ្រប់គ្រាន់ គួបផ្សំ​នឹង រដូវប្រាំង​នេះ​ធាតុអាកាស​ក្តៅ​ហួតហែង គ្មាន​ភ្លៀង​កក់ខែ​ផង​នោះ ធ្វើអោយ​ប្រភពទឹក​មួយចំនួន​រីងស្ងួត​អស់ ទើប​ធ្វើឱ្យ​ស្រូវ​ស្រែ​ជាង​២០០​ហិកតា​ខាងលើ​ខ្វះ​ទឹក។ ប៉ុន្តែ​ទោះបីយ៉ាងណា មន្ទីរ​ធនធានទឹក​នៅ​តែ​បន្ត​ជួយផ្តល់​ប្រេង​ចាក់​ម៉ាស៊ីន​ចំនួន​៥​គ្រឿង​បន្តទៀត និង​ជួយ​គ្រប់​រូបភាព​ដែល​អាច​ធ្វើបាន ដើម្បី​ជួយសង្គ្រោះ​ដីស្រែ​ទាំងអស់នោះ​អោយបាន។ ដូច្នេះ​បើ​ខ្វះ​ប្រេង​បូមទឹក ស្នើ​លោក​ឃុំ​ធ្វើលិខិត​សុំ​ប្រេង​ពី​មន្ទីរ​ធនធានទឹក​ជាប​ន្ត​ទៀត៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu